មនុស្ស​៣​នាក់​នៅ​សង្កាត់​ចោម​ចៅ ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៣​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ប៉ុន្តែ​នៅ​ទីតាំង​ផ្សេង​ៗ​ពី​គ្នា ក្នុង​នោះ​មាន​បុរស​ម្នាក់ និង​ស្រី​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់ ផ្ទះ​ជួល​ដែល​ពួក​គាត់​ស្នាក់​នៅ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ នា​វេលា​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ដែល​បណ្ដាល​មក​ពី​ជំងឺ​គាំង បេះដូង​ឬ​ខ្យល់គ​។​ក្រោយ​ពេល​មាន​ហេតុការណ៍​បែប​នេះ កម្លាំង​នគរបាល មូលដ្ឋាន​បាន​ចុះ​ទៅ ពិនិត្យ​មើល​ហើយ​មិន​មានការ​ប្ដឹងផ្ដល់​ពី​សំណាក់​ក្រុម​គ្រួសារ​នោះ​ទេ បន្ទាប់​មក​សាកសព​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។

បុរស​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខេ​ង យ៉​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មានស្រុក​កំណើត​នៅ ភូមិ​គាស់​ក្រឡ ឃុំ​គាស់​ក្រឡ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​មាន​ប្រពន្ធ​ឈ្មោះ ឈឿ​ង សុផល អាយុ​៤៧​ឆ្នាំ ដែល​មាន​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ស្រុក​កំណើត​នៅ​ភូមិ​ទួល​អំពិល ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដែល​មានកូន​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។ បុរស​នេះ​ស្លាប់​នៅ​ក្នុង​បុរី​រុងរឿង ភូមិ​ទួល​ពង្រ រីឯ​ស្ត្រី​ម្នាក់​ទៀត ដែល​បាន​ស្លាប់​បន្ទាប់​ដែរ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ​។

ដោយឡែក​អ្នក​ស្លាប់​ចុង​ក្រោយ​គេ គឺជា​មនុស្ស​វិកលចរិត ដែល​ត្រូវ​បាន ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ អង្គុយ​ស្លាប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ហាង​លក់​ស៊ុប យីហោ​《​កូនភ្លោះ​》​នៅ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ដដែល​នោះ​ដែរ​។ សាកសព​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ តាម​ការ​ប៉ាន់ស្មាន​គាត់​មាន អាយុ​ជាង​៥០​ឆ្នាំ ជា​មនុស្ស​វិកល​ច​រឹត និង​មាន​ចាក់​សាក់​នៅ​លើ ដៃ​ទាំង​សងខាង និង​នៅ​លើ​ស្មា គាត់​គឺជា​មនុស្ស​វិកល​ច​រឹត ដែល​ការ​ស្លាប់​នោះ​ត្រូវ​បាន នគរបាល​ពិនិត្យ​ឃើញ​ថា បណ្ដាល​មក​ពី​ខ្យល់គ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពួក​គាត់​តែងតែ​បានឃើញ បុរស​រង​គ្រោះ​ខាងលើ ដើរ​ចុះឡើង​ៗ​តាម បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពី​ខាង​ទឹកដី​ខណ្ឌមានជ័យ ចូល​មក​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ពី​ខណ្ឌ​ពោធិ៍​សែន ជ័យ​ទៅ​កាន់ ខណ្ឌមានជ័យ បក​ទៅ​បក​មក​។​ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក គាត់​បាន​ដើរ​បណ្តើរ និយាយ​បណ្តើរ ព្រមទាំង​ច្រៀង​បណ្តើរ រហូត​មក​ដល់​ចំណុច​ខាងលើ បាន​ចូល​ទៅ​អង្គុយ​លើ​ស្មៅ​ចិញ្ចើម​ផ្លូវ ច្រកចូល​ផ្ទះ​ប្រជាពលរដ្ឋ ជាប់​ហាង​លក់​ស៊ុប​យីហោ កូនភ្លោះ នោះ​។ ខណៈ​កំពុង​អង្គុយ​នោះ ពួក​គាត់​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ និយាយ​ផង បញ្ចេញ​កាយវិការ​ផង ធ្វើ​ដូច​ជា​តួ​សម្ដែង​អ្វីមួយ តែ​ពុំ​មាន​អ្នក​ណា រវល់ ឬ​ចាប់អារម្មណ៍​ឡើយ ព្រោះ​ដឹង​ថា​គាត់​ជា​មនុស្ស​វិកល​ច​រឹត និង​តែងតែ​បែប​នេះឯង​។

លុះ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ ក៏​ស្រាប់តែ ប្រទះ​ឃើញ​គាត់​អង្គុយ មិន​កម្រើក​សោះ ហើយដោយ​មានការ​ងឿងឆ្ងល់ ក៏​បាន​នាំ​គ្នា​ចូល​ទៅ​មើល ទើប​ដឹង​ថា​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​រាយការណ៍​ជូន​នគរបាល ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ជាក់ស្តែង និង​នាំ​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​គោក​បញ្ជាន់​រង់ចាំ​ក្រែង​មាន​សាច់ញាតិ​ទៅ​ទទួលយក​ធ្វើបុណ្យ​៕