អធិរាជ​បេះដូង (ភាគទី១២)

ភាគ​ទី​១២

​អ្នក​យក​ព័ត៌មាន​សេដ្ឋកិច្ច​បែរ​ក្រោយ សម្លឹង​ទៅ​ម្ចាស់​សំឡេង​ដែល​មាន​រាង​តូច​ច្រឡឹង​ហើយ ឥរិយាបថ​ឆ្មើងឆ្មៃ។
​នារី​តូច​នេះ ក្រៅ​ពី​គ្រង​ដោយ​សម្លៀកបំពាក់​មាន​តម្លៃ ​ថែម​ទាំង​មាន​អង្គរក្ស​ហែហម​អម​ដំណើរ​ពី​ក្រោយ​ផង។
«​សោភ័ណ ​ដា​មិកា ជា​បង​ស្រី​របស់​ប្អូន?»
​ពេជ្រ ដា​ណែន​ងាក​មក​សួរ​នារី​ម្ចាស់​សំឡេង ព្រោះ​ភ្ញាក់ផ្អើល​នឹង​វត្តមាន​ភ្លាមៗ​ ក៏​ដូច​ជា​ការ​ហាមប្រាម​របស់​នាង ប៉ុន្តែ​សំណួរ​នាង​បាន​ធ្វើ​ឱ្យ​ទឹកមុខ​នារី​នេះ ​កាន់តែ​បញ្ចេញ​ភាព​មិន​ពេញចិត្ត​ទ្វេ​ឡើង។​
​សំឡេង​នារី​តូច​លាន់​ត្រឡប់​មក​វិញ​៖
«​ខ្លួន​ជា​អ្នក​ណា ចិត្ត​ធំ​ហៅ​ឈ្មោះ​អគ្គ​នាយិកា​ចំៗ​?»

 

​ពេជ្រ​ ដា​ណែន​ដក​ដង្ហើម​វែង ​បន្ធូរ​អារម្មណ៍​តឹងតែង​ ដែល​កំពុង​រក​និពន្ធ​នាយក​ខ្លួន​មិន​ឃើញ​ ថែម​ទាំង​ត្រូវ​ភាគី​សន្ទនា​មិន​ឆ្លើយ​សំណួរ​ ហើយ​ពោល​ខឹង​សម្បារ​មក​ទៀត។
​ដា​ណែន​សម្លឹង​នារី​តូច​នេះ​មួយៗ ​ពី​លើ​ចុះ​ក្រោម​ ហើយ​នឹក​ឃើញ​ពិចារណា​ក្នុង​ចិត្ត​ស្ងាត់​ៗ​ ថា​តើ​ម្នាក់​នេះ​មែន​ទេ ​អ្នកនាង​តូច​របស់​ Red Index​ សោភ័ណ ​រ៉ាវី?
​ទោះបីជា​មិន​ដឹង​ថា ពិត​ឬ​មិន​ពិត ប៉ុន្តែ​នាង​យល់​ថា​ នារី​នេះ​សឹងតែ​មាន​ចរិត​កោង​ឆ្មើង​ជាង​បងស្រី​ជា​អគ្គ​នាយិកា​នោះ​ច្រើនដង​ណាស់​ទៅ​ទៀត។​
​ដា​ណែន​ប្រុង​ថា​ហា​សង​ទៅ​វិញ​ខ្លះ​ដែរ​ ប៉ុន្តែ​សូ​ត្រា​ហៅ​កាត់​ពី​ចម្ងាយ ៖
«​ដា​ណែន​!»

 

​នាង​ងាក​ទៅ​វិញ​ទាំង​អំណរ ​ពេល​ឃើញ​បុរស​ជា​នាយ​ចៅហ្វាយ។
​ខៀវ ​សូ​ត្រា​ក្នុង​ទឹក​មុខ​ស្រពោន​ ដើរ​មួយៗ​មក​រក​នាង ចំ​ពេល​នាង​ចូល​ទៅ​ខ្សឹប​សួរ​ទាំង​បារម្ភ​៖
«​បង​ត្រា​ត្រូវ​ការ​មេធាវី​ទេ​?»
​សូ​ត្រា​ងើប​មុខ​សម្លឹង​ដា​ណែន។​
​នាយ​ដក​ដង្ហើម​ធំ​មុន​វាចា​តប​៖
«​តោះ​យើង​ទៅវិញ​!»
​បុរស​នេះ​មាន​ទម្លាប់​មិន​និយាយ​ច្រើន​ស្រាប់​ហើយ ប៉ុន្តែ​ធម្មតា​នាយ​ពុំ​មែន​ជា​មនុស្ស ងាយ​ឱ្យ​ទុក្ខ​លំបាក​សង្កត់​ទ្រូង​បាន​ងាយៗ​នោះ​ឡើយ។​
​ម្ដង​នេះ​នេះ​ ស្រពោន​ខុស​ពី​ដែល​នាង​ធ្លាប់​ឃើញ​ ថែមទាំង​មាន​ដង្ហើម​ធំៗ​កំដរ​មុន​ចេញ​ស្ដី​ម្តង​ៗ​ផង ធ្វើ​ឱ្យ​ពេជ្រ​ដា​ណែន​ដែល​ដើរ​ទៅ​តាម​នាយ​បណ្ដើរ លប​លួច​គិត​មិន​អស់​មិន​ហើយ​នូវ​បណ្ដា​សំណួរ​ជាច្រើន។

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី១២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ