ខកខ្លួន​នឹង​ស្នេហ៍​ជាង​២​ឆ្នាំ ទើប​ដឹង​ប្រុស​ស្នេហ៍​មាន​ប្រពន្ធ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយ​បាន​ស្រឡាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់ ប៉ុន្តែ​ខាង​ស្រី​ដែល​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​នោះ​មិន​បានដឹង​ថា ប្រុស​កំពូល​ស្នេហ៍​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ​ទេ ។  

គេ​ថា​គ្មាន​អ្វី​អាច​លាក់បាំង​បាន​រហូត​នោះ​ឡើយ ក្រោយ​ពេល​ស្រឡាញ់​គ្នា​បាន​រយៈពេល​ជាង​២​ឆ្នាំ ក៏​បែក​ការណ៍​ដឹង​ថា​បុរស​កំពូល​ស្នេហ៍​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ ។ ចំណែក​ប្រពន្ធ​កូន​របស់​បុរស​នោះ ក៏​បានដឹង​ថា​ប្ដី​របស់​ខ្លួន​លួចលាក់​ស្រឡាញ់​នាង​ដែរ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ព្រមាន​សុំ​ឲ្យ​នាង​ឈប់​ទាក់ទង​ប្ដី​របស់​ខ្លួន​ថែម​ទៀត​ផង ។

ដោយសារ​តែ​ក្លាយជា​ជន​ទី​៣​នៃ​ល្បែង​ត្រីកោណ​ស្នេហា ដែល​អាច​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ដល់​ខ្លួន ព្រោះតែ​ស្រឡាញ់​បុរស​ដែល​មាន​ប្រពន្ធ​កូន​ហើយ​នោះ ទើប​នាង​សម្រេចចិត្ត​ឈប់​ទាក់ទង​បុរស​នោះ​តទៅ​ទៀត និង​ដកខ្លួន​ចេញ​ទាំង​ការ​ឈឺចាប់​ជា​ថ្នូរ​នឹង​សេចក្ដីសុខ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​បន្ទាប់​ពី​នាង​សុំ​បែក ខាង​ប្រុស​មិន​បាន​យល់ព្រម​ឡើយ និង​នៅ​តែ​តាម​សុំ​ស្នេហ៍​នាង រីឯ​នាង​វិញ​បាន​ព្យាយាម​គេចវេះ​រហូត​មិន​ព្រមយក​វិញ​ទេ ។

លុះ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ខណៈ​នាង​កំពុង​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​២​នាក់ នៅ​តាម​ផ្លូវ​ម្ដុំ​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​បុរស​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ឃើញ និង​បាន​ហៅ​នាង​ឲ្យ​ត្រឡប់​ទៅ​ជាមួយ​ខ្លួន​វិញ និង​ឈប់​ឲ្យ​នាង​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​របស់​នាង​ទាំង​ពីរ​នាក់​នោះ​ទៀត ។ ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ទើប​បណ្តាល​ឲ្យ​មាន​ទំនាស់​គ្នា​កើតឡើង​មួយ​ប្រាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​នគរបាល​ប៉ុស្ដិ៍​កា​កាប បាន​ចុះ​ទៅ​អន្តរាគមន៍​ហៅ​អ្នក​ទាំង​ពីរ​នាក់​ទៅ​កាន់​ប៉ុស្ដិ៍ ដើម្បី​សួរនាំ​ឲ្យ​ដឹង​សាច់​រឿង និង​ធ្វើការ​អប់រំ​ពួក​គេ ។

មន្ដ្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា គូ​ស្នហ៍​ខាងលើ​នេះ ខាង​ប្រុស​ឈ្មោះ ជួង ប៉ែ​ត អាយុ​៣០​ឆ្នាំ និង​អះអាង​ថា​ជា​អ្នក​សារព័ត៌មាន​សំឡេង​ប្រជាជន មានស្រុក​កំណើត​នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នាង​ជា​អតីត​គូស្នេហ៍​នោះ ឈ្មោះ ហ៊ឹ​ម ច​ន្ធូ អាយុ​២៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ មានស្រុក​កំណើត​នៅ​ភូមិ​ត្បាល់ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត និង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ។

ប្រភព​ដដែល​បន្ត​ថា អ្នក​ទាំង​ពីរ​នាក់​មាន​ទំនាក់ទំនង​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ទើប​ដឹង​ថា ខាង​ប្រុស​មាន​ប្រពន្ធ​និង​កូន​រួច​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ទាក់ទង​ស្រឡាញ់​គ្នា បុរស​នោះ​បាន​ប្រាប់​ថា ខ្លួន​គេ​អត់​មាន​ប្រពន្ធ​ទេ ទើប​នាង​ច​ន្ធូ​ព្រម​ទាក់ទង​ស្នេហ៍​យ៉ាង​ស្ម័គ្រស្មោះ​អស់ពីដួងចិត្ត ។ លុះ​ស្នាក់​នៅ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​ប្ដី​ប្រពន្ធ​បាន​ជាង​២​ឆ្នាំ ទើប​បែក​ការណ៍​ថា ប្រុស​បណ្ដូលចិត្ត​មាន​ប្រពន្ធ​ថែម​ទាំង​មានកូន​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង មិន​គួរ​ចាញ់​ពាក្យលួងលោម​ផ្អែមល្ហែម​របស់​ប្រុស​ព្រាន​រូប​នេះ​ឡើយ ។

ប្រភព​ខាងលើ​បន្ត​ថា មិនតែប៉ុណ្ណោះ​ប្រពន្ធដើម​របស់​បុរស​នោះ​ក៏​បានដឹង​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ដែរ ហើយ​បាន​ព្រមាន​សុំ​ឲ្យ​នាង​ឈប់​ទាក់ទង​ប្ដី​របស់​ខ្លួន​តទៅ​ទៀត ។  ដោយសារ​តែ​មាន​មូលហេតុ​បែប​នេះ​ហើយ ទើប​នាង​សម្រេចចិត្ត​ឈប់​ទាក់ទង​ជាមួយ​បុរស​នោះ​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ព្រោះតែ​ស្នេហា​ត្រីកោណ​បែប​នេះ ។

ដោយឡែក បុរស​នោះ​ហាក់​មិន​ដាច់​អាល័យ​ពី​នាង​ឡើយ​និង​បាន​តាម​នាង​រហូត ប៉ុន្តែ​នាង​ដាច់ខាត​ឈប់​ត្រឹមហ្នឹង​តែ​ម្ដង ។ លុះ​នៅ​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ខណៈ​នាង​កំពុង​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​ពីរ​នាក់​នៅ​តាម​ផ្លូវ​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្រាប់តែ​បុរស​នោះ​ជិះ​ម៉ូតូ​ទៅ​ដល់​ឃើញ​និង​ហាមឃាត់​មិន​ឲ្យ​នាង​ដើរ​លេង ព្រមទាំង​ហៅ​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ខ្លួន​វិញ ។ ប៉ុន្តែ​នាង​មិន​ព្រមទៅ ទើប​បណ្តាល​ឲ្យ​មាន​ទំនាស់​គ្នា​តាម​ដងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកផង​ទាំងពួង ។ ពេល​នោះ​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ នាំ​ពួក​គេ​ទៅ​កាន់​ប៉ុស្ដិ៍ ធ្វើការ​សាកសួរ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ចប់​វិវាទ​និង​ចែកផ្លូវ​គ្នា ដោយ​បុរស​នោះ​សន្យា​ថា ឈប់​រករឿង​និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នាង​ទៀត​ហើយ ទើបបាន​រួចខ្លួន ៕