ក្រុមជម្រើសជាតិកម្ពុជា បន្តលត់ប្រ៊ុយណេ ៣-០ ក្រោយពេលក្រុមឡាវ ទម្លាក់ទីម័រខាងកើត (មានវីដេអូ)

ក្រុមជម្រើសជាតិកម្ពុជា បានបន្តលត់ក្រុមជម្រើសជាតិប្រ៊ុយណេ ៣-០ ដើម្បីបង្កើនភាគរយខ្ពស់បំផុត ក្នុងការឈ្នះកៅអីឡើងទៅវគ្គបន្តនៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ហើយក៏ដើម្បីទទួលបានប្រាក់រង្វាន់ម្នាក់៥០០ដុល្លារពីលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ ប៉ុន្តែក្រុមជម្រើសជាតិឡាវ បានទម្លាក់ក្រុមទីម័រខាងកើត តាមរយៈការយកឈ្នះ ២-១ ទាំងលំបាក។

p1

សម្រាប់ការប្រកួតជម្រុះលើកទី២ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនោះ អ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំង នៅពេលគ្រូបង្គោលមកពីកូរ៉េខខាងត្បូង លោក Lee Tae Hoon បានសម្រេចដាក់ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយទាំង៣នាក់របស់កម្ពុជាគឺ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ឲ្យចូលរួមលេងរួមគ្នា ក្នុងជម្រើស១១នាក់ដំបូងនោះ។

p2

ជាមួយការបង្ហាញសមត្ថភាពរួមគ្នានេះ ខ្សែប្រយុទ្ធមកពីក្លិបព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានផ្តល់កាដូយ៉ាងពេញចិត្ត ឲ្យអ្នកគាំទ្រជាង៥ម៉ោងនាក់ ដែលស៊ូអង្គុយចាំទស្សនាទាំងកណ្តាលភ្លៀង ភ្លាមមួយរំពេច តាមរយៈការទាត់បាល់កោងចេញពីជ្រុងខាងស្តាំបញ្ចូលទីដ៏អស្ចារ្យ និងកមត្របំផុតរបស់គេ នៅនាទីទី៦ ហើយសំឡេងស្រែកហ៊ោកញ្ជ្រៀវមិនទាន់ស្ងាត់ផង ស្រាប់តែ កែវ សុខផេង បានស៊ុតទម្លុះសំណាញ់ទីរបស់ក្រុមប្រ៊ុយណេ១គ្រាប់ទៀត នៅនាទីទី៩។

p3

បន្ថែមលើអារម្មណ៍សប្បាយរីករាយនេះ ប្រាក់ មុន្នីឧត្តម បានរកឃើញគ្រាប់បាល់ទី២របស់គេ នៅនាទីទី៤៣ ដើម្បីជួយឲ្យក្រុមកម្ពុជា ឈ្នះក្រុមប្រ៊ុយណេ ៣-០ លើកនេះ មុនពេលខ្សែការពារ Ak Yura Indrea Putera Pgyonos របស់ក្រុមប្រ៊ុយណេ ត្រូវបានអាជ្ញាកណ្តាល ពិន័យកាតក្រហម ចំពោះការបង្កកំហុសទៅលើខ្សែប្រយុទ្ធ ទិត្យ ឌីណា របស់កម្ពុជា នៅនាទីទី៨៨។

p4

ការយកឈ្នះលើក្រុមប្រ៊ុយណេ ៣-០ លើកនេះបានធ្វើឲ្យកម្ពុជា មានឱកាសច្រើនបំផុត ក្នុងទទួលបានឱកាសទៅវគ្គចាប់ពូលនៃពាន AFF Suzuki Cup 2016 នេះ គឺមានន័យថា ឲ្យតែកម្ពុជា ទទួលបានត្រឹមលទ្ធផលស្មើ នាជំនួវលើកចុងក្រោយជាមួយក្រុមទីម័រ នៅថ្ងៃសុក្រ នោះក្រុមកម្ពុជា នឹងត្រូវឡើងទៅវគ្គបន្ត ដោយគ្មានការបារម្ភអ្វីទាំងអស់។

p5

ផ្ទុយពីនេះ ក្រុមជម្រើសជាតិទីម័រខាងកើត ដែលបានចាញ់ក្រុមប្រ៊ុយណេ ២-១ ថ្ងៃបើកឆាកនោះ គឺបានធ្លាក់ចេញពីការប្រកួតនេះហើយ បន្ទាប់ពីពួកគេ បានបន្តទៅចាញ់ក្រុមឡាវ ២-១ កាលពីថ្ងៃអង្គារ ម្សិលមិញនោះ ដោយក្នុងនោះ២គ្រាប់របស់ក្រុមឡាវ រកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Syvilyay នៅនាទីទី៤១ និងគ្រាប់បាល់ជ័យជម្នះរបស់ Vongchiengkhan នៅនាទីទី៨៥ ខណៈ១គ្រាប់របស់ក្រុមទីម័រ រកបានដោយកីឡាករ Ricardo Alves នៅនាទីទី៧៨។ លទ្ធផលនេះបានធ្វើឲ្យ ក្រុមឡាវ នៅសល់ឱកាសតិចតួច ក្នុងការទៅជួបក្រុមប្រ៊ុយណេ នៅថ្ងៃសុក្រ ដើម្បីប្រជែងយកឱកាសឡើងទៅវគ្គបន្តជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា៕

p6

The post ក្រុមជម្រើសជាតិកម្ពុជា បន្តលត់ប្រ៊ុយណេ ៣-០ ក្រោយពេលក្រុមឡាវ ទម្លាក់ទីម័រខាងកើត (មានវីដេអូ) appeared first on CamboSport.