គ្រាន់តែឈរកៀកមិត្តប្រុសពេក នារីវ័យក្មេងម្នាក់ ទទួលរងពិន័យ ២៣រំពាត់ ស្ទើរខ្លោចសាច់

ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន Dailymail បានផ្សាយកាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះថា រូបភាពដ៏តឹងទ្រូងជាច្រើនសន្លឹក បានបង្ហាញពីនារីវ័យក្មេងម្នាក់ កំពុងស្រែកទាំងសេចក្តីឈឺចាប់ ដោយត្រូវគេវាយនឹងរំពាត់នៅចំពោះមុខហ្វូងមនុស្សជាច្រើននាក់ ក្រោយពីរូបនាងបានបំពានច្បាប់អ៊ីស្លាម។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី ក្រោយពីនារីវ័យក្មេងម្នាក់ដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណ បំពានច្បាប់អ៊ីស្លាម ដ៏តឹងរ៉ឹងរបស់ខេត្តនេះ ដែលហាមមិនឲ្យមានភាពជិតស្និទ្ធរវាងគូស្នេហ៍មិនទាន់រៀបការ ដោយត្រូវទទួលពិន័យ ២៣រំពាត់ស្ទើរខ្លោចសាច់។ 

ខេត្ត Aceh គឺជាខេត្តតែមួយគត់​ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអនុវត្តច្បាប់ Sharia ហើយប្រជាជននឹងត្រូវប្រឈមការវាយនឹងរំពាត់សម្រាប់បទល្មើសជាច្រើនដូចជា លេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង និងរួមភេទជាមួយភេទដូចគ្នាជាដើម។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នារីម្នាក់នេះគឺជាមនុស្សម្នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៣នាក់ ដែលមានអាយុចន្លោះពី ២១ ទៅ ៣០ ឆ្នាំ ដែលត្រូវយកមកវាយនឹងរំពាត់កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងវិហារអ៊ីស្លាមមួយកន្លែង។

គួរបញ្ជាក់ថា នារីរូបនេះត្រូវបានគេចោទប្រកាន់ពីបទនៅឈរកៀកនឹងមិត្តប្រុសនាងខ្លាំងពេក ខណៈគូស្នេហ៍៦គូផ្សេងទៀត ត្រូវបានគេរកឃើញថា បានបំពានច្បាប់អ៊ីស្លាម ដែលហាមប្រាមភាពស្និតស្នាល ដូចជាហាមប៉ះពាល់ អោប និងថើប រវាងគូស្នេហ៍ដែលមិនទាន់រៀបការ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត