យក​Galaxy​ Note ​7​ ឡើង​យន្តហោះ​នឹងត្រូវ​ពិន័យ​ជាង១៨​ម៉ឹនដុល្លារ​

កាល​ពីពេល​ថ្មីៗ​​ ក្រសួង​សាធារណ​ការ​ និង​ដឹកជញ្ជូន​របស់​សហរដ្ឋអាមេរិក​ បាន​កំណត់​ចេញនូវ​បទបញ្ជា​ថ្មីមួយ​ដែល​តម្រូវ​អ្នកដំណើរ​ជើង​អាកាស​ទាំងឡាយ​មិនត្រូវ​យកទូរស័ព្ទ​ Galaxy​ Note ​7 ​ឡើង​​យន្ត​ហោះ​ជា​ដាច់​ខាត ​ក្នុងករណី​ដែល​មាន​ការធ្វេល​ប្រហែស​ ឬមាន​បំណង​ប៉ង​យក​ឡើង​យន្តហោះ ​បុគ្គល​ម្ចាស់​ទូរស័ព្ទ​នឹងត្រូវ​ប្រឈម​នូវការ​ផាកពិន័យ​ជាទឹក​ប្រាក់​​ប្រមាណ​ជាង១៨​ម៉ឺនដុល្លារ​ និងត្រូវ​ជាប់​ទោស​ពីបទ​ឧក្រិដ្ឋ​រយៈពេល១០ឆ្នាំ​ផងដែរ​ ប្រសិន​បើរកឃើញ,​ នេះបើ​យោងតាម​សារពត៌មាន​ Business​ Insider​  ។​
បន្ទាប់​ពីមាន​ហេតុការណ៍​អកុសល​ជាច្រើន​បានកើត​ឡើង​ ដែលនាំ​​ឱ្យមនុស្ស​ជាច្រើន​នាក់​បានរង​របួស​, ​រថយន្តម៉ាក​ Jeep​​ មួយគ្រឿង​បានឆេះ​ និងធ្វើ​ឱ្យជើង​ហោះហើរ​​មួយខ្សែ​ត្រូវបង្ខំ​ចិត្តចុះ​សំចត​ភ្លាមៗ​ ដែល​បណ្ដាល​មក​ពីការ​ឆេះបែក​ផ្សែង​ចេញ​ពីទូរស័ព្ទ​ Galaxy​ Note ​7​,​ ក្រុមហ៊ុន​ Samsung​​ នា​ខណៈ​នេះ​​បានសម្រេច​ចិត្ត​ថានឹង​មិនបន្ត​ផលិត​ទូរស័ព្ទ​ប្រភេទ​នេះតទៅ​ទៀត​ទេ ​​បន្ទាប់​ពីខ្លួន​​​បាន​ខាត​អស់ទឹក​ប្រាក់​រាប់ពាន់​លានដុល្លារ​​ ព្រោះតែ​ការផ្ទុះ​ឆេះ​​​ថ្ម​ទូរស័ព្ទ​នេះ ​។ ​បញ្ហា​ដែល​នាំ​ឱ្យទូរស័ព្ទ​ Galaxy​ Note​ 7 ​ផ្ទុះឆេះ​ ព្រោះ​តែគុណភាព​ថ្មរបស់​ទូរស័ព្ទ​មានលក្ខណៈ​​ដំណើរ​ការខុស​ប្រក្រតី ​ដែលនាំ​ឱ្យ​ទូរស័ព្ទ​ឡើង​កម្ដៅ​ខ្លាំង​ នៅពេល​ដែល​អ្នក​ប្រើប្រាស់​បើកកម្ម​វិធីច្រើន​ និងប្រើយូរ​ម៉ោង​ ។ ​ទោះជាយ៉ាងណា ​មកដល់ពេលនេះ​ នៅមិនទាន់​មាន​អតិថិជន​ណាម្នាក់​​ដែលជាជន​រងគ្រោះ​បានដាក់​ពាក្យ​ប្ដឹង​ទៅកាន់​ក្រុមហ៊ុន​ Samsung ​ទារសំណង​នៅឡើយ​ទេ ​៕​

យក​Galaxy​ Note ​7​ ឡើង​យន្តហោះ​នឹងត្រូវ​ពិន័យ​ជាង១៨​ម៉ឹនដុល្លារ​ដោយ៖ ឈូកស
ប្រភព៖ BI