ថៃ៖​របបសឹក​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ថ្កោលទោស​ចំពោះ​ជនណា​ដែល​រិះគន់​រាជានិយម


ថៃ៖​របបសឹក​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ថ្កោលទោស​ចំពោះ​ជនណា​ដែល​រិះគន់​រាជានិយម
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ
Reuters

នៅក្នុងប្រទេសថៃ ចំពេលដែលប្រទេស និងប្រជារាស្រ្តកំពុងបន្តកាន់ទុក្ខព្រះបរមសពមហាក្សត្រភូមិបុល របបសឹកបានអំពាវនាវនៅថ្ងៃអង្គារ ទី១៨ តុលានេះដល់ប្រជារាស្រ្តឲ្យចេញមុខថ្កោលទោសចំពោះជនណាដែលបានទិតៀន រិះគន់រាជានិយម។ ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានលេចឡើងនូវសារវីដេអូជាច្រើននៅលើបណ្តាញសង្គម Facebook ដែលបង្ហាញឲ្យឃើញពីហ្វូងមនុស្សបានវាយដំលើមនុស្សដែលពួកគេគិតថា បាននិយាយដៀមដាមប៉ះពាល់រាជានិយម។

ការអំពាវនាវរបស់របបសឹករបៀបនេះបានធ្វើឡើងដោយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឧត្តមសេនីយប៉ៃប៊ុន កុមឆាយា។ លោកកុមឆាយាបានថ្លែងនៅមុខហ្វូងអ្នកកាសែតច្បាស់ៗថា គ្មានមធ្យោបាយណាល្អជាងការដាក់ទោសតាមផ្លូវសង្គមលើក្រុមមនុស្សដែលហ៊ានទិតៀនរាជានិយមទេ។ ទន្ទឹមគ្នានេះ លោកកុមឆាយាក៏បានព្រមានពីការចាប់បញ្ជូនអ្នករំលោភច្បាប់ទៅកាត់ទោសនៅតុលាការ។ សូមជម្រាបជូនថា ថៃជាប្រទេសដែលមានច្បាប់ការពាររាជានិយមយ៉ាងតឹងតែងក្នុងលោក ហើយជនណាដែលហ៊ាននិយាយប៉ះពាល់ដល់ក្រុមគ្រួសាររាជានិយមនឹងអាចដេកគុកដល់ទៅ ១៥ឆ្នាំ។

ចំណាប់អារម្មណ៍របស់របបសឹកលើបញ្ហាដ៏រសើបចំពេលដែលប្រទេស និងប្រជារាស្រ្តថៃកំពុងបន្តកាន់ទុក្ខព្រះបរមសពមហាក្សត្រភូមិបុលនេះបានធ្វើឡើង បន្ទាប់ពីមានលេចចេញនូវវីដេអូជាច្រើនលើបណ្តាញសង្គម Facebook ដែលបង្ហាញហ្វូងមនុស្សកំពុងវាយតប់លើមនុស្សដែលពួកគេយល់ថា បាននិយាយប៉ះពាល់លើក្រុមគ្រួសាររាជវង្ស។ នៅចំពោះមុខហ្វូងអ្នកកាសែត លោកកុមឆាយាបានលើកករណីស្រ្តីម្នាក់ដែលត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៦ តុលាលើកោះសាមុយពីបទបរិហាររាជានិយម បន្ទាប់ពីស្រ្តីរូបនោះបានសរសេរសារលើ Facebook ទាក់ទងនឹងរាជទាយាទ និងរាជានុសិទ្ធិ។

សូមជម្រាបជូនថានៅក្នុងប៉ុស្តិ៍ប៉ូលិស ស្រ្តីឃាត់ខ្លួនរូបនោះត្រូវបានប៉ូលិសបង្ខំឲ្យលុតជង្គង់នៅទីធ្លាសាធារណៈសុំទោសនៅចំពោះមុខរូបថតព្រះចៅភូមិបុល។ ករណីដូចគ្នានេះក៏បានកើតមានជាថ្មីនៅថ្ងៃចន្ទ ទី១៧ តុលាដោយមានវីដេអូមួយលើ Facebook ដែលបង្ហាញពីបុរសម្នាក់បានរងការវាយប្រហារពីហ្វូងមនុស្សពីបទនិយាយមើលងាយរាជានិយម។ បុរសរូបនោះត្រូវបានហ្វូងមនុស្សចាប់ឲ្យលុតជង្គង់ និងសុំទោសពីបទប្រមាថរាជានិយម៕

ដោយ៖ គួច គន្ធារ៉ា
ប្រភព៖ RFI

Loading...

  • ថៃ៖​របបសឹក​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ថ្កោលទោស​ចំពោះ​ជនណា​ដែល​រិះគន់​រាជានិយម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/19  Category:កំសាន្ត
Tags: