ប្រធានាធិបតី​ហ្វីលីពីន​ទៅ​សំពះសួរ​មហាមិត្ត​ថ្មី​ដល់​ផ្ទះ​ នៅ​ប៉េកាំង

លោករ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន ទើបបានទៅដល់ទីក្រុងសៀមែន ភាគខាងត្បូង ប្រទេសចិនក្នុងដំណើរទស្សនកិច្ចដ៏កំរ និងគួរឲ្យភ្ញាក់ផ្អើលមួយ។ គួរឲ្យភ្ញាក់ផ្អើល គឺដោយសារតែចិន និងហ្វីលីពីនកំពុងតែមានជម្លោះនឹងគ្នា ទាក់ទិននឹងការកាន់កាប់ដែនសមុទ្រចិនខាងត្បូង។ ជាមួយនិងទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីន កំពុងបង្ហាញប្រាប់ពិភពលោកយ៉ាងជាក់ច្បាស់ អំពីចេតនារបស់លោក ក្នុងការងាកទៅសុំការយល់យោគពីចិន និងសុំជំនួយវិនិយោគពីចិន បើទោះបីជាការពិត តុលាការបានកាត់សេចក្តីថា ចិនជាអ្នកមកបំពាន លើដែនទឹកហ្វីលីពីនក៏ដោយ។

នេះគឺជាទស្សនកិច្ចផ្លូវរដ្ឋ លើកទីមួយ របស់ប្រធានាធិបតីហ្វីលីពីន ចាប់តាំងពីគាត់បានចូលកាន់តំណែង កាលពីចុងខែមិថុនា។ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានជ្រើសរើសយកប្រទេសចិន គឺមានន័យថា វាជានិម្មិតរូបមួយធំណាស់ ដែលយើងអាចកាត់យល់បាន ពីបន្ទាត់នយោបាយការបរទេសរបស់គាត់។

Loading...

ហ្វីលីពីនត្រូវការទុនវិនិយោគរបស់ចិន៖
តាមការផ្តល់ដំណឹងពីបណ្តាអ្នកយកព័ត៌មាននាៗ ទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទពីរ ទីមួយគឺបរិបទសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រមទាំងការវិនិយោគ ហើយទីពីរគឺបរិបទការទូត។ លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ត្រូវបានអមដំណើរទៅ ដោយអ្នកជំនួញធំៗនៅហ្វីលីពីន ជាច្រើនរយនាក់។ វិស័យវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគម គឺជាចំណុចធំបំផុត ព្រោះតាមការឲ្យដឹង ហ្វីលីពីនចង់សុំឲ្យចិន បោះទុនវិនិយោគក្នុងវិស័យនេះ រាប់ពាន់លានដុល្លារឯណោះ។ ឧទាហរណ៍ ដូចជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែកហ្វីលីពីន នៅតំបន់ម៉ាន់ដាណាវ ភាគខាងត្បូងហ្វីលីពីន ដែលរដ្ឋាភិបាលលោករ៉ូឌ្រីហ្គោ ឌុយទែរតេ កំពុងត្រូវការលុយវិនិយោគរបស់ក្រុមហ៊ុនស្ថាបនាផ្លូវដែករបស់ចិន។

ជាការកត់សំគាល់ ចាប់តាំងពីហ្វីលីពីន និងចិនឈ្លោះគ្នារឿងតំបន់សមុទ្រចិនខាងត្បូង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានជួបការលំបាកណាស់ សម្រាប់អ្នករកស៊ីទាំងសងខាង។ សម្រាប់ហ្វីលីពីន ដែលនាំផ្លែឈើដូចជាចេក និងម្នាស់ចូលទៅលក់នៅចិន បានខាតបង់យ៉ាងច្រើន ដោយសារចិនលែងទទួលទិញ ហើយបើលួចនាំចូល បើចិនចាប់បាន គឺគេដុតចោលទាំងកុងទឺន័រ តែម្តង។ ក៏ប៉ុន្តែ ដើម្បីអបអរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីននាពេលនេះ អាជ្ញាធរចិន ទើបតែបានសម្រេច លប់បំរាមហាមឃាត់ការនាំចូលចេក និងម្នាស់របស់ហ្វីលីពីន។ នៅថ្ងៃព្រហស្បតិ៍ ទី២០តុលា លោកស៊ី ជីងពីង ប្រធានាធិបតីចិន នឹងទទួលជួបលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ នៅទីក្រុងប៉េកាំង។

លះបង់អធិបតេយ្យភាពដែនទឹក ដើម្បីផ្លូវដែក៖
លោកប្រធានាធិបតីហ្វីលីពីន បានសន្យាហើយថា លោកនឹងនិយាយពីជម្លោះកាន់កាប់ដែនទឹកនិងកោះ ជាមួយចិនដោយតាមសម្រួល ដោយចៀសវៀសការដាក់កំហិត រឺដាក់លក្ខខណ្ឌណាមួយ ទៅលើភាគីចិន។ មានន័យថាម៉េច? គឺមានន័យថា ហ្វីលីពីននឹងមិនទៀមទារអ្វីច្រើន ធ្វើឲ្យចិនមួរម៉ៅនោះទេ។

គួររំលឹកថា កន្លងមក ទាក់ទិននឹងជម្លោះសមុទ្រចិនខាងត្បូងនេះ លោករ៉ូឌ្រីហ្គោ ឌុយទែរតេ តែងតែបន្ទន់ឥរិយាបថ និយាយស្តីបែបបបោសអង្អែល ក្រែងចិត្តភាគីចិនជានិច្ច។ តែទន្ទឹមគ្នានេះ បើជាមួយសហរដ្ឋអាមេរិកវិញ គឺថាប្រធានាធិបតីហ្វីលីពីនរូបនេះ ជេរលោកអូបាម៉ា កប់ៗមាត់តែម្តង។

នៅក្រោយពេលដែលតុលាការអាជ្ញាកណ្តាលអន្តរជាតិ សម្រេចសេចក្តីឲ្យហ្វីលីពីនឈ្នះ លោករ៉ូឌ្រីហ្គោ ឌុយទែរតេ បាននិយាយហើយថា ហ្វីលីពីនមិនចង់ទៅដាក់លក្ខខណ្ឌ បង្ខំចិនឲ្យគោរពទេ ផ្ទុយទៅវិញ ហ្វីលីពីនត្រៀមខ្លួនសុខចិត្ត បែងចែកភោគផល ព្រមទាំងការកាន់កាប់តំបន់មានជម្លោះជាមួយចិន ដើម្បីជានាគ្នាឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកំឡុងពេលធ្វើការឃោសនាបោះឆ្នោត លោករ៉ូឌ្រីហ្គោ ឌុយទែរតេ បានទាំងនិយាយទៀតថា បើលោកឈ្នះឆ្នោត លោកសុខចិត្តឲ្យចិនកាន់កាប់តំបន់កោះ តំបន់សមុទ្រទៅចុះ ឲ្យតែចិនព្រមជួយសាងសង់បណ្តាញផ្លូវដែកឲ្យហ្វីលីពីន។

ក្នុងសម្តីនេះ ប្រធានាធិបតីហ្វីលីពីន សុខចិត្តព្រមខាតបង់អធិបតេយ្យដែនសមុទ្រ ជាថ្នូរនឹងការសាងសង់បណ្តាញផ្លូវដែក។ តែទន្ទឹមគ្នានេះ សួរថាវិស័យនេសាទសមុទ្ររបស់ហ្វីលីពីន នឹងខាតបង់កម្រិតណា? ប្រជានេសាទហ្វីលីពីន ដែលរាល់ថ្ងៃនេះត្រូវបានចិនហាមឃាត់មិនឲ្យទៅនេសាទ តើប្រធានាធិបតីហ្វីលីពីន មានដំណោះស្រាយយ៉ាងណាខ្លះ? បញ្ហានេះ ប្រាកដជាបង្កជាការតវ៉ា មិនខានទេ សម្រាប់ប្រជាជនហ្វីលីពីន ក៏ដូចជាចលនាជាតិនិយមហ្វីលីពីន ដែលមិនចង់ឃើញប្រទេសខ្លួន ទៅលត់ជង្គង់ចំពោះមុខមហាយក្សចិន។

លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ជាមនុស្សធ្លាប់ស្រលាញ់លទ្ធិកុម្មុយនីស្ត៖
លោករ៉ូឌ្រីហ្គោ ឌុយទែរតេ តាំងពីដើមមក មិនដែលលាក់បាំងពីទឹកចិត្តរបស់លោក ដែលស្អប់ខ្ពើមអាមេរិក និងរបបមូលធននិយមទេ។ បើមិនជេរលោកអូបាម៉ា ក៏គាត់រិះគន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែរ។ មានន័យថា លោករ៉ូឌ្រីហ្គោ ឌុយទែរតេ មានទំនោរទៅរកចិន និងរុស្ស៊ីបាត់ទៅហើយ ដែលប្រទេសទាំងពីរនេះសុទ្ធសឹងតែជាប្រទេស ដែលមានប្រព័ន្ធដឹកនាំបែបកុម្មុយនីស្តផ្តាច់ការ។

លើសពីនេះទៀត ខុសពីអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប ចិនបានសម្តែងការគាំទ្រចំពោះប្រតិបត្តិការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន នៅហ្វីលីពីន របស់លោករ៉ូឌ្រីហ្គោ ឌុយទែរតេ។ ត្រង់ចំណុចនេះ អ្នកវិភាគយល់ថា វាគ្មានអ្វីចំលែកទេ ព្រោះចិនមិនដែលខ្វល់ពីកិច្ចការសិទ្ធិមនុស្សស្អីទេ។ ចិនគាំទ្រហ្វីលីពីនក្នុងរឿងនេះ ក៏ព្រោះតែចង់លើកជើងបញ្ជោរលោករ៉ូឌ្រីហ្គោ ឌុយទែរតេ តែប៉ុណ្ណោះ។ គឺវាខុសពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដែលគេមើលឃើញ អំពីអំពើហិង្សាជ្រុលហួសហេតុរបស់អាជ្ញាធរហ្វីលីពីន ដែលបានសម្លាប់រង្គាលមនុស្សក្រៅប្រព័ន្ធតុលាការ ដល់ទៅជាង៣០០០នាក់ ក្នុងរយៈពេលតែជាង៣ខែ ដោយគ្មានការស្រាវជ្រាវច្បាស់លាល់។

តាមពិតទៅ លោករ៉ូឌ្រីហ្គោ ឌុយទែរតេ នេះមានប្រវត្តិជាអ្នកស្រលាញ់គាំទ្រ លទ្ធិកុម្មុយនីស្តយូរណាស់មកហើយ។ តាមការស្រាវជ្រាវពីប្រវត្តិរូបគាត់ គឺគាត់ធ្លាប់ជាអ្នកគាំទ្រលោក Sison ដែលជាស្ថាបនិកគណបក្សកុម្មយនីស្តហ្វីលីពីន កាលពីជំនាន់ឆ្នាំ១៩៦០-៧០។ ដូច្នេះសម្រាប់អ្នកវិភាគនានា គឺវាគ្មានអ្វីប្លែកទេ ដែលលោករ៉ូឌ្រីហ្គោ ឌុយទែរតេ គាំទ្រនិយមចិន និងអួតសរសើរពីលោកប្រធានាធិបតីស៊ី ជីងពីង នាពេលនេះ។

អារសាច់ជូនខ្លា ទើបនៅសុខបាន៖
ទាក់ទិននឹងជម្លោះអធិបតេយ្យភាពដែនសមុទ្រនេះ សម្រាប់មតិអ្នកវិភាគភាគច្រើន យល់ថា ហ្វីលីពីនជាអ្នកត្រូវសោះ បែរជាទៅសុំការសណ្តោសប្រណីពីចិន ដែលជាអ្នកមកបំពានគេ ទៅវិញ។ អ្នកតំណាងរាស្ត្រហ្វីលីពីនម្នាក់ មកពីខាងគណបក្សប្រឆាំងយល់ថា ជំហរបែបឱបជើងចិនរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះ នឹងជះផលអាក្រក់មកលើហ្វីលីពីននៅថ្ងៃស្អែក។ ចិន នឹងកាន់តែបានចិន សង្កត់កហ្វីលីពីនគ្រប់វិស័យ ដើម្បីការពារប្រយោជន៍របស់ផងគេ ហើយលោករ៉ូឌ្រីហ្គោ ឌុយទែរតេវិញ ខ្លាចលោកស៊ី ជីងពីងឡើងរញោម ដូចឆ្មាត្រូវទឹក។

ប៉ុន្តែសម្រាប់អ្នកវិភាគខ្លះ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយហ្វីលីពីនវិញ យល់ថាបន្ទាត់នយោបាយបែរទៅខាងចិននាពេលនេះ វាជារឿងចាំបាច់ក្នុងបរិបទសកល ដែលហ្វីលីពីនត្រូវការរកបង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុងអស់ឥទ្ធិពលបណ្តើរៗទៅហើយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ គ្មាននរណាម្នាក់ អាចគេចពីក្រញ៉ាំរបស់ចិនបានទេ។ ជាងនេះទៅទៀត ក្នុងអាណត្តិទាំងពីររបស់លោកអូបាម៉ា សហរដ្ឋអាមេរិក ហាក់បានកាត់បន្ថយ មិនចង់ធ្វើអន្តរាគម រឺចេញមុខឈ្លោះជាមួយអ្នកណា ដើម្បីការពារកូនចៅ ដូចកាលពីជំនាន់មុនទេ។ ដូច្នេះបើហ្វីលីពីនទៅតទល់ជាមួយចិនតែម្នាក់ឯង គឺមិនខុសពីយកពងមាន់ទៅជល់នឹងថ្មទេ។ ការបត់ក្បាលទៅរកចិននាពេលនេះ គឺជាការយល់ឃើញពីកាលៈទេសៈជាក់ស្តែង។ វិស័យ ពាណិជ្ជកម្ម ជំនួយវិនិយោគ ទាំងអស់នេះដែលហ្វីលីពីនត្រូវការចិន បានផលពីចិន ជាជាងបង្កជម្លោះជាមួយចិន។

ពាក្យចាស់ថា អារសាច់ជូនខ្លា ទើបនៅសុខបាន គឺមិនខុសទេ។ តែយ៉ាងណា យើងកុំភ្លេចថា លោករ៉ូឌ្រីហ្គោ ឌុយទែរតេ ជាមនុស្សចិត្តក្តៅតក់ក្រហល់ ឆេវឆាវណាស់។ លក្ខណៈទាំងនេះ ធ្វើឲ្យខាងចិននៅតែមិនទាន់ទុកចិត្តបានទេ។ បើនិយាយមួយបែបទៀត អាចមានន័យថា មនុស្សលោករ៉ូឌ្រីហ្គោ ឌុយទែរតេ ជាមនុស្សងាយប្រែប្រួលណាស់ ម្តងក្តៅម្តងត្រជាក់ ថ្ងៃនេះជេរអាមេរិក ហើយឱបជើងចិន តែថ្ងៃស្អែកថាមិនត្រូវ លោករ៉ូឌ្រីហ្គោ ឌុយទែរតេ អាចមកឱបជើងអាមេរិកវិញ ក៏ថាបានដែរ បើសិនជាចិន ធ្វើឲ្យគាត់ខកបំណង៕

ប្រភព៖ RFI