ជប៉ុន​ នាំ​បច្ចេកវិទ្យា​គ្រប់គ្រង​ហាង​បែប​អេឡិចត្រូនិក មក​ទីផ្សារ​កម្ពុជា

TAGCAST ជា​បច្ចេកវិទ្យា​ផ្ដល់​ព័ត៌មាន​ទីតាំង​ទំនើប​បំផុត​របស់​ក្រុមហ៊ុន TAGCAST ជប៉ុន ហើយ​បច្ចេកវិទ្យា​នេះ​បង្កើត​ឡើង សម្រាប់​គ្រប់គ្រង​​និង​ផ្តល់​សេវាកម្ម​​ហាង​បែប​អេឡិចត្រូនិក។

 

ជប៉ុន​ នាំ​បច្ចេកវិទ្យា​គ្រប់គ្រង​ហាង​បែប​អេឡិចត្រូនិក មក​ទីផ្សារ​កម្ពុជា

 

ខាង TAGCAST បាន​បញ្ជាក់​ប្រាប់ Sabay ថា​បច្ចេកវិទ្យា​នេះ​ផ្ដល់​សេវាកម្ម​អំពី​ព័ត៌មាន​ផ្សេងៗ​ខាង​ក្នុង​ហាង​បាន​ឥត​បញ្ហា ទោះ​បី​ទីតាំង​នោះ GPS ពុំ​អាច​ដំណើរការ​បាន​ក៏​ដោយ។

 

ចំពោះ​ហាង​គ្រប់​ប្រភេទ​ដែល​ចង់​ប្រើ​បច្ចេកវិទ្យា TAGCAST ត្រូវ​បំពាក់​ឧបករណ៍ TAGCAST Beacon ​ខាង​ក្នុង​ហាង​និង​កម្មវិធី​ទូរសព្ទ​មួយ។ Beacon ជា​ឧបករណ៍​បញ្ជូន​ទិន្នន័យ​ទាំងអស់​ក្នុង​ហាង​ទៅ​កាន់​កម្មវិធី​មួយ​លើ​ស្មាតហ្វូន ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Bluetooth។

 

ជប៉ុន​ នាំ​បច្ចេកវិទ្យា​គ្រប់គ្រង​ហាង​បែប​អេឡិចត្រូនិក មក​ទីផ្សារ​កម្ពុជា

 

ក្រោយ​ដំឡើង Beacon នេះ​រួច ហាង​អាច​ដំណើរការ​បច្ចេកវិទ្យា TAGCAST បាន​រលូន។ ទិន្នន័យ​ទាំងអស់​ក្នុង​ហាង​នឹង​ត្រូវ​រក្សា​ទុក​ក្នុង TAGCAST Cloud របស់​ក្រុមហ៊ុន ដោយ​មិន​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ទាំងអស់។

 

បើ​តាម​ការ​បញ្ជាក់​របស់ TAGCAST ទូរសព្ទ​របស់​អតិថិជន​ដែល​បាន​ដំឡើង​កម្មវិធី​ណែនាំ​ដោយ​ហាង នឹង​ទទួល Notification ភ្លាមៗ​ពី​ឧបករណ៍ TAGCAST Beacon ពេល​ដើរ​ចូល​ក្នុង​ហាង ខណៈ​ទូរសព្ទ​បើក Bluetooth។

 

ជប៉ុន​ នាំ​បច្ចេកវិទ្យា​គ្រប់គ្រង​ហាង​បែប​អេឡិចត្រូនិក មក​ទីផ្សារ​កម្ពុជា

 

អតិថិជន​ទាំងអស់​អាច Check-in បង្វិល​កង ប្រមូល​តែម និង​ទទួល​គូប៉ុង​ជា​ច្រើន​ទៀត​លើ​កម្មវិធី​ទូរសព្ទ​នោះ ដើម្បី​ប្តូរ​យក​រង្វាន់​ផ្សេងៗ​ពី​ហាង។ លើស​ពី​នេះ​អតិថិជន ក៏​អាច​មើល​បញ្ជី​ទំនិញ​ឬ​មុខ​ម្ហូប​ផ្សេងៗ​ក្នុង​ហាង​បាន​លើ​កម្មវិធី​ទូរសព្ទ​ដៃ​ផង​ដែរ។

 

TAGCAST ជប៉ុន អះអាង​ថា​នៅ​អាស៊ី កម្ពុជា​ជា​ប្រទេស​ទី​មួយ​ដែល​ក្រុមហ៊ុន​បាន​នាំ​បច្ចេកវិទ្យា​​គ្រប់គ្រង​ហាង​បែប​អេឡិចត្រូនិក (TAGCAST) មក​ទីផ្សារ ដោយ​សារ​សម្លឹង​ឃើញ​អត្រា​ប្រជាជន​ប្រើប្រាស់​ស្មាតហ្វូន​មាន​សន្ទុះ​ខ្លាំង ធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ។ ក្រុមហ៊ុន​ជឿជាក់​ថា ការ​បំពាក់​បច្ចេកវិទ្យា TAGCAST ក្នុង​ហាង នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​កាន់​តែ​ច្រើន៕

 

ទស្សនា​វីដេអូ​​ពី​ដំណើរការ​បច្ចេកវិទ្យា TAGCAST៖ 

 

 

អត្ថបទ៖ ប៉ែត ផាន់និត