ហ្វីលីពីន ត្រៀម​ខ្លួន​ជួប​កំពូល​ព្យុះ​ទីហ្វុង​ថ្មី​មួយ នៅ​យប់​នេះ!

ប្រទេស​ហ្វីលីពីន កំពុង​ត្រៀម​ខ្លួន​ជួប​នឹង​ខ្យល់​ព្យុះ​ទីហ្វុង​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា «Lawin»។ ខ្យល់​ព្យុះ​ទីហ្វុង «Lawin» ត្រូវ​បាន​គេ​រំពឹង​ទុក​ថា អាច​នឹង​ក្លាយ​ជា​កំពូល​ខ្យល់​ព្យុះ​ទីហ្វុង​​មួយ នៅ​មុន​ពេល​មក​ដល់​ប្រទេស​មួយ​នេះ។

 

បើ​យោង​តាម​គេហទំព័រ Weather.com បាន​ឲ្យ​ដឹង​ថា ខ្យល់​ព្យុះ «Lawin» ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​វាយ​ប្រហារ​លើ​ប្រទេស​ហ្វីលីពីន នៅ​យប់​ថ្ងៃ​ពុធ ទី​២០ ខែ​តុលា ឆ្នាំ​២០១៦​នេះ។ គេ​បាន​ព្យាករ​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បាក់​ដី នៅ​លើ​កោះ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ប្រចាំ​ប្រទេស​ហ្វីលីពីន «Luzon» ជា​មួយ​នឹង​ល្បឿន​ខ្យល់ ប្រហែល ២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឬ​ខ្ពស់​ជាង​នេះ។

 

ហ្វីលីពីន ត្រៀម​ខ្លួន​ជួប​កំពូល​ព្យុះ​ទីហ្វុង​ថ្មី​មួយ នៅ​យប់​នេះ!

 

លោក Esperanza Cayanan ប្រធាន​ផ្នែក​បរិយាកាស ភូមិសាស្រ្ត និង​តារាសាស្ត្រ «Philippine Atmospheric, Geophysical and Astronomical Services Administration» បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ព្យុះ​មួយ​នេះ មាន​សន្ទុះ​ខ្យល់​ជា​អតិបរមា ជិត ១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​វា​អាច​បង្កើន​ល្បឿន​ថែម​ទាំង ដោយសារ​តែ​វា​ផ្លាស់​ទី​ពី​តំបន់​សមុទ្រ មក​តំបន់​ដី។

 

លោក Cayanan បាន​ធ្វើ​ការ​ប្រៀបធៀប ខ្យល់​ព្យុះ «Lawin» ទៅ​នឹង​កំពូល​ខ្យល់ព្យុះ «Yolanda» ឬ​គេ​ហៅ​ថា «Haiyan» ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ហ្វីលីពីន យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​វា​បាន​វាយ​ប្រហារ​ប្រទេស​មួយ​នេះ កាល​ពី​ឆ្នាំ​២០១៣។ កំពូល​ខ្យល់​ព្យុះ «Yolanda» បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៦ ៣០០​នាក់ និង បង្ក​ឲ្យ​មនុស្ស ៤​លាន​នាក់ គ្មាន​ផ្ទះ​សម្បែង។

 

យ៉ាងណាមិញ ក្រុម​មន្ត្រី​ហ្វីលីពីន កំពុង​តែ​ព្រមាន​អ្នក​ស្រុក មិន​ឲ្យ​ទៅ​លេង​ក្បែរ​តំបន់​ឆ្នេរ​សមុទ្រ​ឡើយ និង​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ប៉ះពាល់ ធ្វើ​ការ​ស្វែងរក​ការ​ណែ​នាំ ឬ​ជំនួយ​ផ្សេងៗ​ពី​ក្រុម​មន្ត្រី​ក្នុង​ស្រុក៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ mic