ស្ត្រីវ៉េណេស៊ុយអេឡា​ត្រូវបានចាប់​ខ្លួន​​ជាមួយ​​​កូកាអុីន​​​នៅអាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​

ក្រុមមន្ត្រីបានឲ្យដឹងថា ស្ត្រីជនជាតិវ៉េណេស៊ុយអេឡាអាយុ២៣ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាមួយនឹងថ្នាំញៀនកូកាអីុនជាង១គីឡូក្រាមលាក់នៅក្នុងទ្រនាប់ខាងក្នុងនៃវ៉ាលិសរបស់នាងនោះ ត្រូវបានចោទប្រកាន់កាលពីម្សិលមិញពីបទជួញដូរគ្រឿងញៀន។ ដោយឆ្លើយតបនឹងការជូនដំណឹងអាជ្ញាធរបានចាប់ខ្លួនស្ត្រីរូបនេះដែលនគរបាលខេត្តបានប្រាប់អត្តសញ្ញាណថា មានឈ្មោះ Nabelis del Carmen Garcia Guillen  ភ្លាមៗបន្ទាប់ពីនាងបានមកដល់កាលពីយប់ថ្ងៃច័ន្ទពីប្រទេសប្រេស៊ីល ដោយឈប់នៅក្នុងទីក្រុងឌូបៃ និងទីក្រុងបាងកក នេះបើយោងតាមលោក អ៊ុំ ករុណា ប្រធានផ្នែកអន្តោរវេសន៍នៅអាកាសយានដ្ឋាន។ លោក មាន វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា អាជ្ញាធរត្រូវបានជូនដំណឹងដោយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក និងក្រុមមន្ត្រីនៅក្្នុងប្រទេសផ្សេងៗក្នុងតំបន់។ លោក អ៊ុំ អមរា ដែលជានាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានលើកឡើងថា មន្ត្រីគយបានរកឃើញកូកាអីុនទម្ងន់១.៣៩០ក្រាម រុំក្នុងថង់ប្លាស្ទិក ហើយលាក់នៅក្នុងទ្រនាប់ខាងក្នុងនៃវ៉ាលិសរបស់ស្ត្រីរូបនេះ។ លោកបានមានប្រសាសន៍ថា”ដោយសារមានការសហការរវាងប្រទេសនិងប្រទេសយើងអាចទាក់ទង និងចែករំលែកព័ត៌មានជាមួយគ្នា ដែលឈានដល់ការចាប់ខ្លួននេះ”។ លោក អ៊ុំ អមរា បានលើកឡើងបន្តថា Garcia Guillen បានប្រាប់ក្រុមមន្ត្រីអំឡុងពេលត្រូវបានសាកសួរដោយនគរបាលប្រឆាំងការជួញដូរគ្រឿងញៀននៅអាកាសយានដ្ឋានថា នាងត្រូវបានណែនាំដោយមេខ្លោងដែលមានមូលដ្ឋាននៅក្នុងប្រទេសវ៉េណេស៊ុយអេឡាឲ្យធ្វើដំណើរមកប្រទេសកម្ពុជា ហើយរង់ចាំការណែនាំបន្ថែម។ លោកបានបន្ថែមថា នាងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តអស់មួយយប់ហើយត្រូវបានណែនាំដោយក្រុមមន្ត្រីឲ្យទាក់ទងមេខ្លោងដែលប្រាប់នាងឲ្យធ្វើដំណើរទៅ ទីក្រុងហុងកុងដោយប្រើសំបុត្រយន្តហោះដែលពួកគេនឹងផ្ញើមកឲ្យ។ មន្ត្រីសាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់ នាងពីបទជួញដូរគ្រឿងញៀនកាលពីម្សិលមិញ ហើយបានបញ្ជូននាងទៅកាន់ពន្ធនាគារខេត្ត។ ការផ្តន្ទាទោសពីបទជួញដូរកូកាអុីនទម្ងន់៨០ក្រាម ឬលើសពីនេះមានទោសជាប់ពន្ធនាគារពី២០ឆ្នាំរហូតដល់អស់មួយជីវិត ហើយពិន័យជាប្រាក់ចាប់ពី៤០លានរៀលរហូតដល់១០០លានរៀល ក្រោមច្បាប់គ្រឿងញៀនកម្ពុជា។ ស្ត្រីវេ៉ណេស៊ុយអេឡាម្នាក់ទៀតដែលមានឈ្មោះ Adelys Alviarez អាយុ២២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីមកដល់ពីប្រទេសប្រេស៊ីល។ នាងមានកូកាអីុនជិត១,៤៥គីឡូក្រាមនៅក្នុងវ៉ាលិសរបស់នាងហើយក៏ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនដែរ៕ស៊ុយឈាង © 2016, […]

The post ស្ត្រីវ៉េណេស៊ុយអេឡា​ត្រូវបានចាប់​ខ្លួន​​ជាមួយ​​​កូកាអុីន​​​នៅអាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​ appeared first on The Cambodia Daily.