ប្រុស​យីឌុប ប៉ះស្រីស្អាតអូឌី​! ទាមទារ​ត្រូវរៀង​​ខ្លួន​

រាជធានី​ភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង បើក​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​អូ​ឌី ដែល​បើក​ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បណ្តាល​ឱ្យ​កៀរ​គ្នា​បែក​កញ្ចក់​រថយន្ត​អូ​ឌី ធ្វើ​ឱ្យ​អ្នក​បើករថយន្ត​ទាំង​២​គ្រឿង ទាមទារ​យក​ត្រូវ​រៀង​ៗ​ខ្លួន ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ម៉ាក​អូ​ឌី ពណ៌​.​ស មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-0306 បើក​ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​មួយទៀត ជា​ប្រភេទ​យី​ឌុ​ប​ម៉ាក​នី​ស្សាន់​ឌី​ស៊ែ​ល ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​3-0114 ជា​រថយន្ត​ដឹក​ទំនិញ បើក​ក្នុង​ទិស​ដៅ​ស្របគ្នា ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ថា គេ​ឃើញ​រថយន្ត​ទាំង​ពីរ​គ្រឿង​បើក​ទន្ទឹម​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​បើកបរ​មាន​ល្បឿន​មធ្យម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​ម៉ាក​នី​ស្សាន់​ឌី​ស៊ែ​ល ពណ៌​ត្រួយ​ចេក​បើក​វ៉ា​ខាងស្តាំ បណ្តាល​ឱ្យ​កាង​រថយន្ត​យី​ឌុ​ប​កៀរ​រថយន្ត​អូ​ឌី​បែក​កញ្ចក់​ផ្នែក​ខាងស្តាំ និង​ក្រ​ពិត​របក​ថ្នាំ​ផ្នែក​ខាងស្តាំ បន្ទាប់​មក​ភាគី​អ្នក​បើករថយន្ត​ទាំង​ពីរ​គ្រឿង​បាន​ទាមទារ​យក​ត្រូវ​រៀង​ៗ​ខ្លួន ។

អ្នក​បើករថយន្ត​យី​ឌុ​ប​បាន​និយាយ​ថា រថយន្ត​អូ​ឌី​ខាងលើ ជា​អ្នក​បើក​កៀរ​រថយន្ត​របស់​គាត់ ។ រីឯ​នារី​ជា​អ្នក​បើករថយន្ត​អូ​ឌី បាន​អះអាង​ថា រថយន្ត​របស់​នាង​ត្រូវ​រថយន្ត​នី​ស្សាន់​ជា​អ្នក​បើក​កៀរ ។ ដោយសារ​តែ​អ្នក​បើករថយន្ត​ទាំង​ពីរ​នាក់ ទាមទារ​យក​ត្រូវ​
រៀង​ៗ​ខ្លួន​នោះ ទើប​មាន​តំណាង​ខាង​រថយន្ត​យី​ឌុ​ប ចេញ​មក​ចរចា​ជាមួយ​អ្នក​បើករថយន្ត​អូ​ឌី ដោយ​ខាង​តំណាង​រថយន្ត​យី​ឌុ​ប​សុំ​សម្របសម្រួល​យក​រថយន្ត​អូ​ឌី ទៅ​ជួសជុល​ឱ្យ​បញ្ចប់រឿង ។