ជំនន់​ទឹកភ្លៀងវាយលុកផ្លូវ​ចំការ​ដូង រហូត​អាជ្ញាធរ​បិទផ្លូវ​ជា​បណ្តោះ​អាសន្ន​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០១៦ នេះ ជំនន់​ទឹកភ្លៀង​បាន​លិច​​ដល់​លើ​ផ្លូវ​លេខ​២១៧ (​ហៅ​ផ្លូវការ​ដូង​)​ទាំងស្រុង​ហើយ ចាប់ពី​ចំណុច​ស្ពាន​ជ្រៃ​ក្នុង​សង្កាត់​ស្ពាន​ថ្មី រហូត​ដល់​រង្វង់​មូល​​កួ​ស្រូវ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​មាន​​ប្រវែង​២​​ពាន់​ម៉ែត្រ ​និង​​ជម្រៅ​ទឹក​ប្រមាណ​១​ម៉ែត្រ ហើយ​​កំពុង​ហូរ​​កាត់​​ខ្លាំង​​ផង​​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា ការ​ជន់​លិច​នេះ​គឺ​ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​១៨ តុលា មក​ម្ល៉េះ ធ្វើឱ្យពលរដ្ឋ​មានការ​ពិបាក​ក្នុងការដំណើរ ដោយ​ត្រូវ​បាន​​​អាជ្ញាធរ​មូលដ្ឋាន​​បង្ខំចិត្ត​បិទ​ចរាចរណ៍​មិន​ឱ្យ​ឆ្លងកាត់​ទៅ​-​មក​ជា​​បណ្តោះអាសន្ន​សិន ។ ដោយឡែក ​ក្នុង​សង្កាត់​ផ្សេង​ដែល​លិច​ប៉ុន្មាន​នេះ​មកនេះ មក​ដល់​ថ្ងៃ​ដដែល​នេះ គឺ​បាន​ថមថយ​ទៅ​វិញ​ហើយ ។

គួរ​រំលឹក​ថា គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ តុលា ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ចាប់ផ្តើម​ស្រក​ប្រមាណ​១​ម៉ែត្រ ធ្វើ​ឱ្យ​សង្កាត់​ចំនួន​៣​ក្នុង​ខណ្ឌដង្កោ​ក៏​បាន​ស្រក ក្នុង​នោះ​មាន​សង្កាត់​សាក់​សំពៅ ក្រាំង​ពង្រ និង​សង្កាត់​គង​ណ​យ ។

យ៉ាងណា​ក៏​ដោយ ទោះបី​សង្កាត់​ទាំង​៣​ខាងលើ​ទឹកបាន​ស្រក ប៉ុន្តែ​បែរជា​ទៅ​លិចលង់​នៅ​សង្កាត់​រលួស និង​ស្ពានថ្ម ក្នុង​ខណ្ឌដង្កោ​វិញ ។