កម្ម​ពារ​ពិតជា​មាន ! រត់គេច​ខ្លួន​១៤​ឆ្នាំ ទីបំផុត​​ចាប់ខ្លួន​បានហើយ

ខេត្តកំពង់ចាម ៖ ទីបំផុត​បុរស​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង​១៤​ឆ្នាំ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស ខេត្តកំពង់ចាម ។

លោក​អធិការ​នគរបាល​ស្រុក​កងមាស​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ម៉ៅ លឹ​ម​ស្រ៊ា​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​អាយុ​ថ្ងៃ​កើតហេតុ​ឆ្នាំ​២០០២) មាន​ទីលំនៅ​ភូមិ​អូរ​កណ្ដោល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១២១ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១០ ចេញ​ដោយ​លោក គឹ​ម លុយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម ។

លោក​អធិការ​បន្ត​ថា ឈ្មោះ ម៉ៅ លឹ​ម ស្រ៊ា​ង ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​ទៅ​នៅ​ភុ​មិ​អូរ​កណ្ដោល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០០២ ហើយ​ត្រូវ​តុលាការខេត្ត​កំពង់ចាម​ចាត់​ទោស​ដាក់​ពន្ធនាគារ​១៧​ឆ្នាំ ប៉ុន្តែ​ចាប់តាំងពី​ប្រព្រឹត្ត​រួច​មក​ជន​នេះ​បាន​រត់គេច​ខ្លួន​បាត់​រហូត​ទោះបី​សមត្ថកិច្ច​ប្រឹងប្រែង​តាម​រក​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ ទើបតែ​នៅ​វេលា​ខាងលើ​ស្រាប់តែ​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​តែ​ម្តង ៕