អត្ថប្រយោជន៍ «ប្រេងអូលីវ» សម្រាប់សម្រស់ និងសុខភាពច្រើនដ៏លើសលុប សឹងតែមិនគួរឲ្យជឿ!

មនុស្សជាច្រើនចាត់ទុក ប្រេងអូលីវ គឺជា “ប្រេងដ៏មានតម្លៃ” ក៏ព្រោះតែ វាផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនលើសលុប ជាពិសេស វាជាប្រេងដែលផ្តល់នូវសុខភាពល្អបំផុត ក្នុងចំណោមប្រភេទប្រេងផ្សេងទៀត។ ជាក់ស្តែង សព្វថ្ងៃនេះ យើងម្នាក់ៗមិនពិបាកស្វែងរកជាវប្រេងអូលីវទៀតឡើយ ព្រោះវាត្រូវបានផលិតក្នុងប្រទេសជាច្រើន និងចែកចាយតាមទីផ្សារ ជុំវិញពិភពលោក។

មិនត្រឹមតែប្រើប្រាស់ជាអាហារបានប៉ុណ្ណោះទេ ប្រេងអូលីវអាចជួយដល់សុខភាព និងសម្រស់អ្នកថែមទៀត! តោះទៅតាមដានទាំងអស់គ្នា ថាតើមានអ្វីពិសេសខ្លះ! 

១. ការការពារប្រឆាំងនឹងអុកស៊ីតកម្មលើស្បែក

ប្រេងអូលីវ មានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម ៣ សំខាន់ៗគឺ វីតាមីន E សារជាតិ polyphenols និងសារជាតិ phytosterols ។ អ្នកគ្រាន់តែលាយប្រេងអូលីវ ជាមួយទឹកឃ្មុំ និងយ៉ាអួបន្តិច មកលាបលើស្បែកមុខ នោះវានឹងជួយការពារស្បែក មិនឲ្យឆាប់ចាស់ជ្រីវជ្រួញឡើយ។ រីឯ វីតាមីន E ដែលមានក្នុងប្រេងអូលីវ ជួយជម្រុះកោសិកាចាស់ចោល ធ្វើឲ្យស្បែកប្រែជាទន់រលោង និងអាចការពារកាំរស្មី UV បានទៀតផង។

២. មិនធ្វើឲ្យស្ទះរន្ធញើសស្បែក

ការប្រើប្រេងអូលីវ មកលាបលើស្បែក អាចជួយលាងសម្អាតដល់កោសិកាស្បែកខាងក្នុងបាន សឹងតែមិនគួរឲ្យជឿ និងមិនដូចជាផលិតផលឡេលាបស្បែកដទៃឡើយ ដែលអាចធ្វើឲ្យស្ទះរន្ធញើស និងបង្កជាបញ្ហាផ្សេងទៀត។ អ្នកគ្រាន់តែ បន្តក់ប្រេងអូលីវ លាបលើផ្ទៃមុខ និងក រួចយកក្រដាសជូតមាត់ផ្តិតៗ ឲ្យចូលសព្វស្បែក ជាការស្រេច។ ឬក៏អ្នកគ្រាន់តែលាបប្រេងអូលីវលើស្បែក រួចលាងសម្អាតដោយទឹកក្តៅឧណ្ណៗជាប្រចាំក៏បាន។

៣. ជួយឲ្យស្បែកប្រែជាស្រស់ថ្លា

ប្រេងអូលីវ ក៏អាចប្រែជម្រុះស្បែកខូចចោល ព្យាបាលឲ្យមានភាពស្រស់ស្អាតបន្ថែមទៀតផង។ វិធីងាយៗ ដោយអ្នកគ្រាន់តែលាយប្រេងអូលីវ ១ ស្លាបព្រាបាយ ជាមួយនឹងអំបិលគ្រួស រួចយកវាទៅខាត់ស្បែកមុខរបស់អ្នក។ អំបិលគ្រួស អាចជួយជម្រុះស្បែកចាស់ៗចោល រួមជាមួយនឹងប្រេងអូលីវ ដែលអាចជ្រាបចូលស្បែកមុខបានជ្រៅបន្ថែមទៀតនោះ អ្នកនឹងទទួលបានស្បែកមុខដែលស្រស់ស្អាត ថ្មីប្លែក ជាងមុនជាក់ជាមិនខានឡើយ។

៤. ជួយសម្អាតគ្រឿងតុបតែងមុខ

អ្នកគ្រាន់តែលាយ យ៉ាអួបន្តិច ទឹកឃ្មុំបន្តិច ជាមួយនឹងប្រេងអូលីវ ២ ស្លាបព្រាបាយ រួចយកដុំសំឡី មកជ្រលក់ជូតសម្អាតពេញផ្ទៃមុខ ដើម្បីឲ្យជ្រះគ្រឿងម្សៅ តុបតែងមុខទាំងឡាយ បានស្អាតសឹងតែមិនគួរឲ្យជឿ។ ជាងនេះទៅទៀត អ្នកក៏អាចប្រើសំឡី ជ្រលក់ប្រេងអូលីវ មកសម្អាតម្សៅពណ៌ភ្នែកបានផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឲ្យភ្នែកមានសភាពទន់ មិនមានភាពជ្រីវជ្រួញទៀតផង។

៥. ជួយដល់សុខភាពសក់

អ្នកគ្រាន់តែលាយប្រេងអូលីវកន្លះពែង ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ និងស៊ុតផ្នែកក្រហមមួយ ហើយកូរឲ្យសព្វ រួចលាបពាសពេញសរសៃសក់ ទុកចោលប្រមាណ ២០ នាទី និងលាងសម្អាតចេញដោយទឹកក្តៅឧណ្ណៗ ជាការស្រេច។ វីតាមីន E ក្នុងប្រេងអូលីវ អាចជួយកាត់បន្ថយសក់ជ្រុះ។ រីឯទឹកឃ្មុំ ជួយបណ្តុះសក់ និងផ្តល់សំណើមដល់សក់។ ចំណែកស៊ុតក្រហម ជួយថែបំប៉នសក់របស់អ្នក។

៦. ជួយដល់សុខភាពក្រចក

វីតាមីន E នៅក្នុងប្រេងអូលីវត្រូវបានរកឃើញថា អាចជួយដល់សុខភាពក្រចក និងអាចជួយឲ្យក្រចករឹងមាំ មិនងាយបាក់ទៀតផង។ អ្នកគ្រាន់តែ ប្រើសំឡីទៅជ្រលក់ ប្រេងអូលីវ រួចយកមកផ្តិតៗពីលើក្រចក។ អ្នកគួរទុកវាចោលប្រមាណ ៣០ នាទី រួចលាងសម្អាតដោយទឹកស្អាតចេញ ជាការស្រេច។ 

៧. ការពារជំងឺមហារីកសុដន់

គ្រាន់តែប្រើប្រេងអូលីវ ក្នុងរបបអាហារ ប្រចាំថ្ងៃ ក៏អាចការពារអ្នកពីជំងឺមហារីកសុដន់បានដែរ។ ការសិក្សាមួយ បានរកឃើញថា សារជាតិ oleuropein ដែលមានក្នុងដើមអូលីវ អាចការពារជំងឺមហារីកសុដន់បាន។ ការស្រាវជ្រាវ មួយផ្សេងទៀតក៏បានលើកឡើងដែរថា ស្រ្តីដែលទទួលទានរបបអាហារ ដែលមានប្រេងអូលីវ អាចចៀសផុតពីមហារីកសុដន់បាន ៦២% េណោះ។

៨. ជួយការពារជំងឺទឹកនោមផ្អែម

បើយោងទៅតាម Harvard School of Public Health បានលើកឡើងថា ការទទួលទានរបបអាហារ ដែលមានប្រភេទជាតិខ្លាញ់ Mono និង Polyunsaturated (មាននៅក្នុងប្រេងអូលីវ) អាចជួយការពារ ជំងឺទឹកនោមផ្អែមបាន។ សូម្បីតែការសិក្សារបស់ The American Journal of Clinical Nutrition ក៏បានចុះផ្សាយដែរថា ប្រេងអូលីវអាចកាត់បន្ថយហានិភ័យ ជំងឺទឹកនោមផ្អែម លើស្រ្តីជាពិសេស បានពិតមែន។

៩. ជួយឆ្អឹងឲ្យរឹងមាំ

ការសិក្សាមួយ ដែលបានតាមដានបុរស នៅតំបន់មេឌីទែរ៉ាណេ បានសង្កេតឃើញថា ពួកគេទទួលទានអាហារ ដែលមានប្រេងអូលីវជាប់ជាមួយ សុទ្ធតែមានឆ្អឹងរឹងមាំ។ គេបានធ្វើតេស្តឈាមពួកគេ ដើម្បីចង់ដឹងពីកម្រិត osteocalcin (វាបង្ហាញពី សុខភាពឆ្អឹងរបស់មនុស្ស) និងបានរកឃើញថាពួកគេ មានកម្រិត osteocalcin ខ្ពស់ខ្លាំងជាង អ្នកដែលមិនទទួលទានប្រេងអូលីវ ក្នុងរបបអាហារ។

១០. ជួយកម្ចាត់គ្រួសតម្រងនោម

ជំងឺគ្រួសក្នុងតម្រងនោម ជាធម្មតាត្រូវការ ថ្នាំពេទ្យមកព្យាបាល ប៉ុន្តែអ្នកដឹងទេថា ក្រូចឆ្មារ និងប្រេងអូលីវអាច កម្ចាត់គ្រួសក្នុងតម្រងនោម បានរហ័សជាងថ្នាំពេទ្យទៅទៀត ជាពិសេស វាជាវិធីសាស្រ្តតាមបែបធម្មជាតិ ដ៏មានប្រសិទ្ធភាព។ អ្នកគ្រាន់តែដាំទឹក កន្លះឆ្នាំង រហូតទាល់តែពុះ រួចបិទភ្លើង និងចាក់ទឹកក្រូចឆ្មារ ជាមួយប្រេងអូលីវ មួយមុខប្រមាណ ៥៧ ក្រាម ចូលក្នុងទឹកនោះ។ បន្ទាប់ពីកូរសព្វហើយ អ្នកត្រូវច្រកវាទុកក្នុងទូទឹកកក និងទុកឲ្យត្រជាក់សឹមយកមកទទួលទាន ឲ្យបានញឹកញាប់។

១១. ជួយសម្រកទម្ងន់

ការសិក្សា ដែលបានចេញផ្សាយដោយ Harvard School of Public Health បានបង្ហាញថា ប្រេងអូលីវមានប្រសិទ្ធភាព ជួយសម្រកទម្ងន់បាន។ ការស្រាវជ្រាវបានតាមដាន ក្រុមមនុស្សដែលចង់សម្រកទម្ងន់ ២ ក្រុម ដោយមួយក្រុម ទទួលទានអាហារដែលមានជាតិប្រេងអូលីវ និងមួយក្រុមទៀតទទួលទានអាហារដែលមានជាតិខ្លាញ់ទាប។ លទ្ធផលបានបង្ហាញថា មានតែ ២០% ប៉ុណ្ណោះ ដែលស្រកទម្ងន់ដោយការទទួលទានអាហារ មានជាតិខ្លាញ់ទាប។

១២. ការពារជំងឺភ្លេចភ្លាំង

បើយោងតាម ទស្សនាវដ្តី Scientific American ដ៏ល្បីឈ្មោះ របស់អាមេរិក បានចុះផ្សាយថា ប្រេងអូលីវ មានផ្ទុកសារជាតិ Oleocanthal ដែលសារជាតិនេះ មានលក្ខណៈសម្បត្តិដោយអាចការពារជំងឺភ្លេចភ្លាំងបាន។ លើសពីនេះទៅទៀត ប្រេងអូលីវ ត្រូវបានរកឃើញថាអាចជួយដល់ខួរក្បាល និងការចងចាំទៀតផង។

១៣. ព្យាបាលជំងឺធ្លាក់ទឹកចិត្ត

អត្ថប្រយោជន៍ ដ៏អស្ចារ្យមួយទៀត របស់ប្រេងអូលីវគឺ ជួយព្យាបាល ជំងឺធ្លាក់ទឹកចិត្ត។ នេះក៏ព្រោះតែ ប្រេងអូលីវ អាចបង្កើនកម្រិតសារធាតុ serotonin ដែលជាសារធាតុគីមីជំនួយ ដល់ខួរក្បាលបាន។ គេបានរកឃើញថា វាអាចជួយដល់អ្នក ដែលមានបញ្ហាផ្លូវចិត្តថែមទៀតផង៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត