​​Lee ​បង្ហើប​មូល​ហេតុ​កម្ពុជា ​មិន​អាច​​ទាត់​ចូល​ទី​ប្រ៊ុយណេ​​​លើស៣​គ្រាប់​យប់​មិញ

​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​​កម្ពុជា​​​បង្ហើបថា ​​សមត្ថភាព​ប្រយុទ្ធ​​កូន​ក្រុម​របស់​លោក​​​​ដែល​មិន​អាច​ស៊ុត​ចូល​ទី​​របស់​ប៊្រុយណេ​នៅ​វគ្គ​ទី២​គឺ​ដោយ​សារ​​កីឡាករ​​ថមថយ​កម្លាំង​ខ្លាំង​ពេក បន្ទាប់​ពី​វាយ​សម្រុក​ខ្លាំង​នៅ​វគ្គ​ទី​១​ដែល​ជា​លទ្ធផល​ឈ្នះ​ត្រឹម​៣-០​ ក្នុង​វគ្គ​ជម្រុះ AFF Suzuki Cup កាល​ពី​យប់​មិញ។

 

​​Lee ​បង្ហើប​មូល​ហេតុ​កម្ពុជា ​មិន​អាច​​ទាត់​ចូល​ទី​ប្រ៊ុយណេ​​​លើស៣​គ្រាប់​យប់​មិញ​លោក Lee Tae Hoon

 

​ជា​ការ​ពិត​អ្នក​គាំទ្រ​គ្រប់​រូប​មើល​ឃើញ​ថា កម្ពុជា​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​​៣​គ្រាប់​ បន្ទាប់​ពី​ត្រឹម​វគ្គ​ទី​១​​កម្ពុជា​អាច​បង្កើត​ការ​នាំ​មុខ​រហូត​៣-០​។ ចំណែក​នៅ​វគ្គ​ទី​២​​មិន​អាច​​បន្ថែម​គ្រាប់​បាល់​បាន​​នោះ​ឡើយ​ពោល​គឺ​ចប់​៩០​នាទី​នៅ​តែ​រក្សា​លទ្ធផល​ ៣-០​ដដែល។

 

​​បញ្ហា​នេះ​​​​គ្រូ​បង្វឹក​​របស់​កម្ពុជា​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​​និង​សមត្ថភាព​ប្រយុទ្ធ​​កីឡាករ​របស់​លោក ​នៅ​មិន​ទាន់​ល្អ​​ដល់​​កម្រិត​ដែល​លោក​ចង់​បាន​នោះ​ទេ។ ច្បាស់​ណាស់​​លោក​ក៏​បាន​មើល​ឃើញ​ដែរ​ថា ឱកាស​របស់​​​កម្ពុជា​យប់​មិញ​គួរ​តែ​បាន​ច្រើន​គ្រាប់​ជាង​នេះ​ ដើម្បី​បង្កើន​​ក្ដី​រំពឹង​ឲ្យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​ចែក​ពូល។

 

​គ្រូ​បង្វឹក​ដែល​ចូល​ខ្លួន​មក​ដឹក​នាំ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០​រូប​នេះ​បន្ថែម​ថា ​អ្វី​ដែល​សំខាន់​កម្លាំង​​កីឡាករ​ទាំង​អស់​ហាក់​ថយ​ខ្លាំង​នៅ​វគ្គ​ទី​២ ​បន្ទាប់​ពី​​ពួក​គេ​ប្រឹង​​លេង​អស់​ពី​សមត្ថភាព​ខ្លាំង​នៅ​វគ្គ​ទី​១។ ​ចំពោះ​ទម្រង់​ប្រយុទ្ធ​នៅ​វគ្គ​ទី​២ ដែល​លោក​​បាន​ធ្វើ​ការ​ប្ដូរ​កីឡាករ​សំខាន់​ៗ មួយ​ចំនួន​ចេញ​មាន​ដូច​ជា​ ចាន់​ វឌ្ឍនាកា និង​ប្រាក់​ មុន្នីឧត្ដម ​នោះ​​គឺ​គិត​ទៅ​​លើ​បញ្ហា​របួស និង​ភាព​ជាក់​ស្ដែង​លើ​ទីលាន។

 

​ក្នុង​ចំណោម​​២​ប្រកួត​កម្ពុជា​កំពុង​មាន​ ៦​​ពិន្ទុ​​ឈរ​លើ​គេ។ ចំណែក​ឡាវ​និង​ប្រ៊ុយណេ​មាន​៣​ពិន្ទុ​ដូច​គ្នា​ ខណៈ​​​ទីម័រខាងកើត​មាន​០​ពិន្ទុ។ ​ប្រកួត​ទី​៣​​កម្ពុជា​ត្រូវ​ការ​ត្រឹម​ស្មើ​ក៏​អាច​​ឡើង​ទៅ​វគ្គ​ចែក​ពូល​នៃ​ពាន​រង្វាន់​ខាង​លើ​​នេះ​ដែរ ស្រប​ពេល​ឡាវ និង​ប្រ៊ុយណេ​ត្រូវ​ប្រជែង​គ្នា​យក​៣​ពិន្ទុ​ដាច់​ខាត​​​ ដើម្បី​បន្ត​ក្ដី​សង្ឃឹម​រៀង​ៗ​ខ្លួន​ ក្នុង​​ករណី​កម្ពុជា​​ទទួល​លទ្ធផល​មិន​ល្អ​ជា​​ទីម័រខាងកើត​នា​ប្រកួត​ចុង​ក្រោយ​៕

 

​​Lee ​បង្ហើប​មូល​ហេតុ​កម្ពុជា ​មិន​អាច​​ទាត់​ចូល​ទី​ប្រ៊ុយណេ​​​លើស៣​គ្រាប់​យប់​មិញក្រុម​កម្ពុជា​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​