សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​អ្នក​ជំនាញ​ពាក់ព័ន្ធ​នឹង​ជម្លោះ​កងទ័ព​ខ្មែរ​ក្រហម-​វៀតណាម

សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​តុលា ស្ដាប់​អ្នក​ជំនាញ​មួយ​រូប គឺ​លោក ស្ទីហ្វិន ម៉ូរីស (Stephen J. Morris) ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កងទ័ព​ខ្មែរក្រហម និង​វៀតណាម នៅ​ចុង​ឆ្នាំ​១៩៧៨។

លោក ស្ទីហ្វិន ម៉ូរីស ជន​ជាតិ​អូស្ត្រាលី ជា​អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​កម្ពុជា មួយ​ដែល​មាន​ចំណង​ជើង​ថា "ហេតុ​អី​បាន​ជា​វៀតណាម​ឈ្លានពាន​កម្ពុជា (Why Vietnam Invaded Cambodia)”។ ក្រៅ​ពី​ការ​ស្រាវជ្រាវ និង​និពន្ធ លោក​ក៏​ជា​សាស្ត្រាចារ្យ​នយោបាយ​អន្តរជាតិ និង​ប្រវត្តិសាស្ត្រ។

សៀវភៅ​របស់​លោក ក៏​វិភាគ​អំពី​លក្ខណៈ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​ប្រព្រឹត្ត​របស់​របប​នេះ។ ក្នុង​សៀវភៅ​នេះ លោក​ព្យាយាម​ពន្យល់​អំពី​ចេតនា​វៀតណាម គ្រប់គ្រង​ចលនា​កុម្មុយនិស្ត​នៅ​ប្រទេស​ទាំង​៣ និង​ការ​បាត់បង់​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា។ លោក​ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​​រវាង​កុម្មុយនិស្ត​វៀតណាម កម្ពុជា ចិន និង​សហភាព​សូវៀត គឺ​មក​ពី​ការ​យល់​ច្រឡំ ឬ​ការ​យល់​ខុស​នឹង​គ្នា។

អង្គ​ជំនុំជម្រះ​សាលាដំបូង នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា បាន​សួរ​ដេញដោល​សាក្សី​ជំនាញ​រូប​នេះ​ច្រើន​ទាក់ទង​នឹង​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ប្រភព​ក្នុង​ការ​និពន្ធ​សៀវភៅ​របស់​លោក។ លោក​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។