ផ្ទុះអាវុធ​ដេញចាប់​ឡើង​ផ្អើល​កន្លែង​លក់​បន្លែ​ផ្សារ​ដើម​គរ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ និង​ដេញចាប់​យុវជន​មួយ​ក្រុម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​កន្លែង​លក់​បន្លែ​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន លុះ​មក​ដល់​មុខ​សាលា​ពេទ្យ​រុ​ស្ស៊ី​បាន​ប្រទះ​ឃើញ​យុវជន​២​ក្រុម​មិនដឹង​ថា​ដេញ​វាយ​គ្នា​តាំងពី​កន្លែង​ណា​មក​ទេ ដោយ​ជន​បង្ក​មាន​គ្នា​៩​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​១​គ្រឿង​ម៉ាក Zoomer-X ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-6422 ជិះ​គ្នា​៣​នាក់ ម៉ូតូ​ម៉ាក Nex ពណ៌​ក្រហម​លាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​ម៉ូតូ​២​គ្រឿង​ទៀត មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​ដុំ​ថ្ម និង​ខ្សែក្រវាត់ បាន​ដេញ​វាយ​ជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ម៉ាក Nex ពណ៌​ស មិន​ចាំ​ស្លាក​លេខ ។ លុះ​ដេញ​មក​ដល់​មុខ​សាលា​ពេទ្យ​រុ​ស្ស៊ី​បណ្តាល​ឲ្យ​ក្រុម​ដែល​មាន​គ្នា​៤​នាក់​ដួល​ម៉ូតូ​ត្រូវ​ជន​បង្ក​នាំ​គ្នា​ព្រួត​វាយ​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​មក​ដល់​បាន​ដក​កាំភ្លើង​គំរាម​ធ្វើ​ឲ្យ​ជន​បង្ក​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ចំណែក​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ក៏​បាន​លើក​ម៉ូតូ​ជិះ​រត់គេច​ដែរ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​កម្លាំង​បាន​កំណត់​មុខសញ្ញា​ជន​បង្ក​៣​នាក់​ជិះ​ម៉ូតូ Zoomer-X ក៏​បាន​ដេញ​តាម​រហូត​ដល់​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ដល់​កន្លែង​លក់​បន្លែ​ផ្សារ​ដើម​គរ​ទើប​ឃាត់​បាន​ជន​បង្ក​ម្នាក់​ឈ្មោះ ចាន់ គ្រឹះ​ស្នា អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បុរី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ ម៉ូតូ​១​គ្រឿង និង​ខ្សែក្រវាត់​ដាច់​ក្បាល​១​ផង​ដែរ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​អ្នកលក់​បន្លែ និង​ក្រុម​អ្នក​រុញ​រទេះ​បន្លែ​នាំ​គ្នា​ផ្អើល​ចោមរោម​គ្រប់​គ្នា​ស្មាន​តែ​ជា​ករណី​ចោរកម្ម​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។

ក្រោយ​ពេល​កើតហេតុ យុវជន​ខាងលើ​បាន​ប្រកែក​ថា រូបគេ​អត់​ដឹង​រឿង​អី​ទេ តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក រួច​ហើយ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕