អាជ្ញាធរខណ្ឌដង្កោ ប្រកាសផ្អាកចរាចរណ៍​រថយន្តធំ លើកំណាត់​ផ្លូវ២១៧ ឬផ្លូវចំការដូង ដោយសារ​ជំនន់ទឹកភ្លៀង​ហូរកាត់​

(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ អាជ្ញាធរសម្រេចផ្អាកការធ្វើចរាចរណ៍ ចំពោះរថយន្តធំ នៅលើកំណាត់ផ្លូវលេខ ២១៧ ឬផ្លូវចំការដូង ជាបណ្តោះអាស្នន ក៏ព្រោះតែមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ ខ្លាចបង្កឲ្យខូចខាតផ្លូវ។

យ៉ាងណាក៏ដោយលោក អភិបាលខណ្ឌបានបញ្ជាក់ថា ការផ្អាកចរាចរណ៍នេះ ចំពោះតែរថយន្តធំប៉ុណ្ណោះ សម្រាប់រថយន្តតូច និងម៉ូតូ អាចធ្វើដំណើរបានធម្មតា ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា រថយន្តធន់ធំទាំងនេះ ឫប្រជាពលរដ្ឋផ្សេងទៀត អាចធ្វើដំណើរតាមផ្លូវវៀង ពីរង្វល់មូលដីក្រហម ទៅតាមវត្តថ្លឹង ហើយឆ្ពោះទៅតាមទំនប់៧មករាវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ នៅលើកំណាត់ផ្លូវជាតិ៣ បន្ដជន់លិច នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់គីឡូម៉ែត្រលេខ៤៧ អាជ្ញាធរមូលដ្ឋានស្នើឲ្យប្រជាពលរដ្ឋ ដែលមានរថយន្ដធុនធំមេត្តាវៀងផ្លូវ ទៅផ្លូវជាតិលេខ៤វិញ ព្រោះនៅពេលនេះ ផ្លូវជាតិលេខ៤មានសភាពធម្មតាវិញហើយ។ នេះបើការឲ្យដឹងពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ។

លោក ប្រធានមន្ទីរសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវជាតិលេខ៣ នៅបន្ដលិច៣កន្លែងដដែល យើងចង់ឲ្យប្រជាពលរដ្ឋ មានរថយន្ដធុនធ្ងន់វៀងផ្លូវសិន នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់៤៧ យើងមិនចង់ឲ្យគាត់ធ្វើដំណើរតាមហ្នឹងទេ ព្រោះកាលណាបើបើកកាត់វាអាចបណ្ដាលឲ្យខូចផ្លូវកាន់តែខ្លាំង ប៉ុន្ដែឡានតូចធ្វើដំណើរបានធម្មតា»។

ជាមួយគ្នានេះដែរ លោក ហុង ចាន់សុខា បានធ្វើការបដិសេធចោលទាំងស្រុង នូវពាក្យចចាមរាមថា ផ្លូវជាតិលេខ៤ មានការដាច់មិនអាចធ្វើចរាចរណ៍បាន ដែលនេះជាពាក្យមិនពិតនោះទេ ព្រោះពេលនេះ ផ្លូវជាតិលេខ៤ មានសភាពធម្មតាវិញហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត