បន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ

​កន្លងមក​ល្បែងស៊ីសង បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន និង​អំពើចោរកម្ម​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​នៅក្នុង​ក្រុងព្រះសីហនុ ហើយ​រហូតមក​ដល់ពេលនេះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​នោះទេ​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​រឿង​កាស៊ីណូ​និង​បន​ល្បែង​កើតឡើង​កាន់តែច្រើន ហើយ​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​តាម​អំពើ​ចិត្ត​គ្មាន​ការហាមឃាត់​ទៀតផង​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​កាស៊ីណូ​និង​បន​ល្បែង​មួយចំនួន​គ្មាន​អាជ្ញាប័ណ្ណ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ប៉ុន្តែ​បែរជា​អាច​ដំណើរការ​យ៉ាង​រលូន​ទៅវិញ​។

មន្ត្រីរាជការ​នៅ​សាលាខេត្ត​ព្រះសីហនុ បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​កាស៊ីណូ​និង​បន​ល្បែង​ដែល​កំពុងដំណើរការ​នា​ពេលបច្ចុប្បន្ន​នេះ មាន​អ្នក​ចូល​លេង​ជា​ជនជាតិខ្មែរ​ពី​៨០​ទៅ​៩០​ភាគរយ ចំណែក​ជនបរទេស​មា​ន​តិចតួច​បំផុត​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់ថា សមត្ថកិច្ច​នៅ​ខេត្ត​ព្រះសីហនុ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​ហាមឃាត់​មិន​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ប្រចាំ​កាស៊ីណូ​មួយចំនួន​នៅ​ក្រុងព្រះសីហនុ បាន​ឃុបឃិត​ជាមួយ​ថៅកែ​កាស៊ីណូ​ឬ​មេ​កាស៊ីណូ ហើយ​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូចនេះ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ទាក់ទង​ទៅនឹង​រឿង​កាស៊ីណូ​មួយចំនួន​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង ព្រោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

ប្រភពពី​មន្ត្រីនគរបាល​តូចតាច​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានចេញ​លិខិត​ឲ្យ​ម្ចាស់​កាស៊ីណូ​មួយ​ឈ្មោះថា កាស៊ីណូ​ប៉ាវ​ទូ មាន​ទីតាំងនៅ​ផ្លូវ​ឯករាជ្យ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ផ្អាក​ធ្វើ​អាជីវកម្ម​ដោយសារ​ការ​ស៊ី​ណូ​នេះ គ្មាន​ច្បាប់​និង​មិន​អនុវត្តន៍​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក៏ប៉ុន្តែ​កាស៊ីណូ​និង​បន​ល្បែង​ធំៗ​មួយចំនួន​ដែល​ថៅកែ​មាន​ឥទ្ធិពល មាន​ខ្នងបង្អែក​រឹងមាំ គឺ​លោក យន្ត មីន ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។ ហេតុនេះហើយ​ទើប​កាស៊ីណូ​និង​បន​ល្បែង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ បន្ត​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​បំពាន​ទៅនឹង​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕

min-855

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ