ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់ ម៉ី សឹង្ហ​ន មេបញ្ជាការ​កងពលតូច​លេខ​៥២​ជាបន្ទាន់​

កាលពី​ថ្ងៃទី​១០ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ​មាន​ជនអនាមិក​បាច​ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក​តាម​ទីសាធារណៈ​នៃ​ក្រុង​បាត់ដំបង ដើម្បី​បកអាក្រាត​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ី សឹង្ហ​ន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២​។ តាមរយៈ​ខិត្តប័ណ្ណ​នោះបាន​លាតត្រដាង​យ៉ាងច្បាស់ៗ​នៅ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ី សឹង្ហ​ន ក៏ដូចជា​ចរិត​ដ៏​អាក្រក់​របស់​មន្ត្រី​យោធា​រូបនេះ ដែល​ធ្វើ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​លែង​គាំទ្រ​តែម្តង​។ ដូច្នេះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏ដូចជា​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​មាន​ចរិតមិនល្អ​ដូច​លោក ម៉ី សឹង្ហ​ន មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២​ជាបន្ទាន់ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

ខ្លឹមសារ​នៅក្នុង​ខិត្តប័ណ្ណ​ដែល​បាច​នៅ​សួនច្បារ​ក្នុង​ក្រុង​បាត់ដំបង បាន​បើក​កកាយ​រឿងអាស្រូវ​របស់លោក ម៉ី សឹង្ហ​ន ដូចជា​ដកហូត​តំណែង និង​ផ្លាស់ប្ដូរ​តំណែង​នាយទាហាន​មួយចំនួន​ដោយ​អត្តនោម័តិ ឃុបឃិត​ជាមួយ​មន្ត្រីក្រោមឱវាទ​មួយ​ក្ដាប់​តូច​កេងប្រវ័ញ្ច​ថវិការដ្ឋ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លើស​នេះ​ទៅទៀត​លុយ​មុខងារ​បើក​មិនបាន​ត្រឹមត្រូវ​តាម​គម្រោង​ស្នើសុំ​ទៅ​ថ្នាក់លើ ហើយ​លុយ​គោលនយោបាយ​បូជាសព​មិនបាន​បើក​ឲ្យ​ក្រុមគ្រួសារ​សព​គ្រប់​ចំនួន ហើយ​ថែមទាំង​កាត់​ប្រាក់​ម្ហូបអាហារ​របស់​យោធិន​ក្នុង​ម្នាក់ៗ​៣៦០០០​រៀល​ដែលជា​ប្រាក់​ឧ​ប​ត្ត​ម្ភ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង​។ មិនតែប៉ុណ្ណោះ​លោក ម៉ី សឹង្ហ​ន បាន​យកឈ្មោះ​លោក ប៊ុន សេង មេបញ្ជាការ​យោធា​ភូមិភាគ​៥ ទៅប្រើ​ប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ព្រមទាំង​មានការ​ប្រព្រឹត្ត​មិន​ប្រក្រតី​ជាច្រើន​ករណី​ទៀត​។

​ទាក់ទង​បញ្ហា​ខាងលើនេះ មន្ត្រី​យោធា​មួយចំនួន​នៅក្នុង​កងពលតូច​ថ្មើរជើង​លេខ​៥២​បាន​ឲ្យ​ដឹងថា លោក ម៉ី សឹង្ហ​ន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​កន្លងមក​រឿងអាស្រូវ​របស់លោក ម៉ី សឹង្ហ​ន ក៏​អាច​ដឹង​ដល់​លោក ប៊ុន សេង មេបញ្ជាការ​យោធា​ភូមិភាគ​៥​ផងដែរ​។ ការដែល​លោក ប៊ុន សេង រក្សា​ភាព​ស្ងៀមស្ងាត់​ត្រូវគេ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​លោក ម៉ី សឹង្ហ​ន ទើប​បណ្ដោយ​ឲ្យ​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២​រូបនេះ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត បណ្ដាល​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​អង្គភាព​ជួប​ការលំបាក​យ៉ាងខ្លាំង​។ ហេតុនេះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏ដូចជា​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​លើ​លោក ម៉ី សឹង្ហ​ន ជាបន្ទាន់​ព្រោះ​ទង្វើ​របស់​មន្ត្រី​យោធា​រូបនេះ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​ការពារជាតិ​ទាំងមូល​តែម្តង​៕

img-20161010-wa0024-1

លោក ម៉ី សឹង្ហ​ន មេបញ្ជាការ​កងពលតូច​លេខ​៥២​

img-20161011-wa0009