នៅ​កំពង់សោម​ ពលរដ្ឋ​និយាយ​ពី​ជញ្ជីង​តថ្លៃ

ខេត្ត​ព្រះ​សីហនុ ដែល​ជា​ខេត្ត​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​សំបូរ​រមណីយដ្ឋាន​កម្សាន្ត​ច្រើន​កន្លែង ជាពិសេស​មាន​ឆ្នេរ​និង​កោះ​ដ៏​ស្រស់​ស្អាត មាន​​ព័ត៌មាន​​លេច​ឮ​មួយ​ចំនួន​​នាំ​ឲ្យ​​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​​និយាយ​តៗ​គ្នា​។

 

នៅ​កំពង់សោម​ ពលរដ្ឋ​និយាយ​ពី​ជញ្ជីង​តថ្លៃ

 

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មួយ​រូប​បាន​ប្រាប់​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ និយាយ​ពី​អ្នក​លក់​ដូរ​មួយ​ចំនួន​ ប្រើប្រាស់​ជញ្ជីងខុសៗ​គ្នា​ថ្លឹង​លក់​ទំនិញ​ដូចជា​គ្រឿង​សមុទ្រ​​ដល់​ភ្ញៀវ​ទេសចរ​​ដែល​មក​កម្សាន្ត​។

 

ពលរដ្ឋ​រូប​នេះ​ប្រាប់​ថា តាម​ភ្ញៀវ​ទេសចរ​និយាយ​មាន​អ្នក​លក់​ដូរ​មួយ​ចំនួន​ប្រើ​ជញ្ជីង​ពីរ​សម្រាប់​ថ្លឹង​លក់​ឥវ៉ាន់​ដល់​​ភ្ញៀវ​គឺ​ជញ្ជីង​ត​ថ្លៃ​និង​មិន​ត​ថ្លៃ។ ជញ្ជីង​ទាំង​ពីរ​នេះ​ប្រើ​ខុសៗ​គ្នា។ បើ​សិន​​ភ្ញៀវ​​​ចូលចិត្ត​​ទិញ​ត​​ច្រើន​ គេ​នឹង​ថ្លឹង​ជញ្ជីង​ត​ថ្លៃ​ តែ​បើ​មិន​សូវ​ត​ទេ​ គេ​នឹង​ថ្លឹង​​ជញ្ជីង​ធម្មតា។

 

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គីស្នា​បាន​បញ្ជាក់​ថា ការ​លក់​ដូរ​មាន​ការ​ឡើង​ថ្លៃ​ខ្លះ នៅ​ពេល​មាន​កម្មវិធី​បុណ្យទាន​ឬ​ព្រឹត្តិការណ៍​ធំៗ។ ទាក់ទង​ការ​ប្រើប្រាស់​ជញ្ជីងខុសៗ​គ្នា​របស់​បង​ប្អូន​អ្នក​លក់​ដូរ​នៅ​ខេត្ត​ព្រះសីហនុ លោក​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ។

 

យ៉ាង​ណា​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ លោក​តែងតែ​អប់រំ​ក្រើន​រំលឹក​ដល់​បង​ប្អូន​អ្នក​លក់​ដូរ​នៅ​ខេត្ត​ព្រះសីហនុ រក្សា​តម្លៃ​លក់​ដូរ​​ឲ្យ​បាន​សមរម្យ​ចៀសវាង​​ការ​លក់​ដែល​​នាំ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត ដោយសារ​ភ្ញៀវ​ទេសចរ​ជា​ឆ្នាំង​បាយ និង​ជា​ប្រភព​ចំណូល​ជួយ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា