បែកធ្លាយ​នូវ​រឿងអាស្រូវ​ លោក​យឹម វិចិត្រ ​

បាត់ដំបង ៖ លោកយឹម វិចិត្រ បានបែកធ្លាយនូវរឿងអាស្រូវជាថ្មីទៀត ពាក់ព័ន្ធនឹងការលួចធ្វើប្លង់រឹង កាន់កាប់ដីមួយផ្នែកនៃ អធិការដ្ឋានស្រុកថ្មគោល ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំឡុងដែលលោកធ្លាប់ធ្វើជាអធិរាជដ៏អស្ចារ្យនៅទីនោះ ដោយគ្មានមន្ត្រីក្រោមឱវាទ ឬមន្ត្រីមូលដ្ឋានណាម្នាក់ ហ៊ានជំទាស់ឡើយ ប៉ុន្តែក្រោយពីបែកធ្លាយលោកស្នងការខេត្ត បានបញ្ជាភ្លាមៗ ឲ្យមន្ត្រីដែលសំបូរទៅដោយរឿង អាស្រូវរូបនេះ ប្រគល់ដីនោះឲ្យទៅអង្គភាពអធិការដ្ឋានគរបាលស្រុកថ្មគោល ធ្វើជាសម្បត្តិរដ្ឋវិញ ។
ប្រភពច្បាស់ការពីមន្ត្រីស្នងការខេត្តបានឲ្យដឹងថា  សំណុំរឿងអាស្រូវមួយនេះ ទំនងបានបែកធ្លាយកាលពីខែកញ្ញាកន្លងទៅ ។ ប្រភពនេះឲ្យដឹងទៀតថា នៅក្នុងអំឡុងដែលលោកយឹម វិចិត្រ ធ្វើជាអធិការស្រុកថ្មគោល មុនផ្លាស់មកកាន់ តំណែងអធិការក្រុងបាត់ដំបង លោកយឹម វិចិត្រ បានប្រើប្រាស់អំណាចដ៏មហិមារបស់ខ្លួន លួចធ្វើប្លង់កាន់កាប់ដី ក្នុងអង្គភាពអធិការស្រុកថ្មគោល ផ្នែកខាងក្រោយ ដែលមានទំហំ១,២៤៦ម៉ែត្រការ៉េ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ដោយនិយាយភូតកុហកប្រាប់មន្ត្រីមូលដ្ឋានថា ដីមួយកំណាត់ផ្នែកខាងក្រោយ នៃអធិការដ្ឋានស្រុកថ្មគោលនោះជា «ដីដូនតា» របស់ខ្លួន។
មន្ត្រីស្នងការខេត្តដែលសុំលាក់ឈ្មោះរូបនេះបានបញ្ជាក់ថា បន្ទាប់ពីមានការបែកធ្លាយនូវរឿងអាស្រូវនេះ ដល់ស្នងការខេត្ត លោកស្នងការខេត្ត ក៏បានបញ្ជាឱ្យក្រុមការងារចុះស្រាវជ្រាវអំពីករណីនេះ រហូតដឹងការពិត ទើបលោកស្នងការ ចេញបញ្ជាឲ្យលោកយឹម វិចិត្រ ប្រគល់ឯកសារកាន់កាប់ដីដែលលួចធ្វើជាមួយមន្ត្រីជំនាញនោះ ទៅឲ្យអង្គភាពអធិការ ស្រុកថ្មគោល ធ្វើជាសម្បត្តិរដ្ឋវិញ ដោយគ្មានលក្ខខណ្ឌ ។
លោកយឹម វិចិត្រ បានយកប្លង់ដីដែលខ្លួនលួចធ្វើកាន់កាប់ដីអធិការស្រុកថ្មគោលមួយផ្នែកនោះ ប្រគល់ទៅឲ្យលោក ស្នងការខេត្ត ហើយលោកស្នងការក៏បានចាត់មន្ត្រីមួយក្រុមឲ្យនាំយកឯកសារនោះ ទៅប្រគល់ជួនអធិការដ្ធានស្រុកថ្មគោល វិញរួចហើយដែរ។
អ្នកសារព័ត៌មានមិនអាចទំនាក់សុំការបំភ្លឺពីលោកយឹម វិចិត្រ អតីតអធិការស្រុកថ្មគោល និង ជាអតីតះអធិការ ក្រុងបាត់ដំបងបានទេនៅព្រឹកថ្ងៃទី១៨ តុលា ២០១៦ ។ ប៉ុន្តែលោកផង់ សុភាព អធិការស្រុកថ្មគោល បច្ចុប្បន្ន បានបញ្ជាក់ប្រាប់អ្នកសារព័ត៏មាននៅព្រឹកថ្ងៃទី១៧តុលា ថា«ពិតជាមានរឿងដូច្នេះមែន»។
លោកផង់ សុភាព បានបញ្ជាក់បន្ថែមថា លោកយឹម វិចិត្រ កាលដែលលោកកាន់តំណែងជាអធិការស្រុកថ្មគោល លោកបានលួចធ្វើប្លង់រឹងកាន់កាប់ដីក្នុងអង្គភាពមួយផ្នែកខាងក្រោយ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ដីនោះមានទំហំ១,២៤៦ ម៉ែត្រការ៉េ ប៉ុន្តែក្រោយពីបែកធ្លាយ លោកស្នងការក៏បានបញ្ជាឲ្យលោកយឹម វិចិត្រ ប្រគល់ដីនោះជួនអង្គភាពវិញ កាលពីសប្ដាហ៏មុនហើយ មានទាំងឯកសារកាន់កាប់ដីទៀតផង។
លោកយឹម វិចិត្រ ធ្លាប់កាន់តំណែងជាអធិការស្រុកថ្មគោល អស់រយះពេលជាច្រើនឆ្នាំ គ្រាហ៏នោះលោកយឹម វិចិត្រ ហាក់មានអំណាចខ្លាំងបំផុតនៅក្នុងស្រុកថ្មគោល។ ក្នុងអំឡុងពេលកាន់តំណែងជាអធិរាជនៅស្រុកថ្មគោល លោកយឹម វិចិត្រ បានសាបព្រោះនូវរឿងអាស្រូវជាច្រើន។ ដូចជាប្រើឈ្មោះតុលាការទៅគាបសង្កត់ជនសង្ស័យ ឬ ជនរងគ្រោះ ដើម្បីផលប្រយោជន៏ បិតបញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការ ថែមទាំងមិនរាយការណ៏ជូនថ្នាក់ដឹកនាំឲ្យដឹងទៀតផង។
លោកយឹម វិចិត្រ ត្រូវបានផ្លាសប្ដូរឲ្យមកកាន់តំណែងអធិការក្រុងបាត់ដំបងវិញ  តែតំណែងស្ថិត ស្ថេរបានត្រិម ជាង១ឆ្នាំប៉ុណ្ណោះ ក៏ត្រូវលោកស្នងការដកតំណែងវិញ ដោយសារតែលោកយឹម វិចិត្រ មិនព្រមកែចរិកខិលខូចរបស់ខ្លួន ប្រព្រិត្តតែបទល្មើស បិតបាំងសំណុំរឿងមិនរាយការណ៏ ឬ រាយការណ៏ភូតកុហកថ្នាក់ដឹកនាំ។ល។ ជាពិសេសប្រើកម្លាំង ឲ្យចាប់មនុស្សគ្មានកំហុសនៅពេលយប់យកទៅឃុំក្នុងទ្រុងដែក ដើម្បីជំរិតយកលុយ។ សំណុំរឿងនេះបានបែកធ្លាយ ជាច្រើនលើកច្រើនសារ កក្រើកពេញខេត្តបាត់ដំបង ថែមទាំងមានការប្ដឹងផ្ដល់ពីក្រុមគ្រួសារជនរងគ្រោះទៅ កាន់តុលាការ ទៀតផង។
ដោយសារតែចរិកក្រអើតក្រទម មិនចំណុះអង្គភាពដទៃ និងមិនស្ដាប់ការណែនាំរបស់មេកើយ បន្តប្រព្រិត្តតែបទល្មើស ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌  ទើបលោកស្នងការខេត្ត សម្រេចបង្កើតគណះកម្មការវាយតំលៃមួយ ដើម្បីបើក ការស៊ើបអង្កេតអំពីកំហុសលោកយឹម វិចិត្រ រហូតឈានដល់ការសម្រេចដកតំណែងលោកយឹម វិចិត្រ ពីអធិការក្រុង បាត់ដំបង នៅថ្ងៃទី៣០ឧសភា២០១៦ ខណៈលោកអធិការដែលពោរពេញទៅដោយរឿងអាស្រូវរូបនេះ ចូលកាន់តំណែង បានជាងមួយឆ្នាំប៉ុណ្ណោះ។
បច្ចុប្បន្ន លោកយឹម វិចិត្រ ត្រូវបានតែងតាំងតំណែងជាអនុកណ្ដាលការិយាល័យភស្តុភា នៃស្នងការដ្ធានខេត្ត។ ប៉ុន្តែថ្មីៗនេះ មានដំណឹងថា លោកស្នងការខេត្ត ក្រោងប្រគល់តំណែងថ្មីជួនលោកយឹម វិចិត្រទៀតហើយ គឺមុខតំណែងមេ បញ្ជាការវរៈការពារព្រំដែនគោលលេខ៨២៣ ប្រចាំស្រុកសំឡូត។ ប្រភពព័ត៏មានពីមន្ត្រីស្នងការខេត្តបានឲ្យដឹងថា ពិតជា មានការផ្ដល់តំណែងថ្មីជួនលោកយឹម វិចិត្រ ដែលសំបួររឿងអាស្រូវនេះមែន។ ប្រភពបានបញ្ជាក់ថា សេចក្ដីសម្រេច បានធ្លាក់ដល់ស្នងការខេត្តហើយ ថែមទាំងត្រៀមប្រកាសនាពេលឆាប់ៗខាងមុខនេះទៀតផង។
ប៉ុន្តែជុំវិញករណីនេះ ត្រូវមន្ត្រីនានានៅក្នុងស្នងការខេត្តបង្ហើបឲ្យដឹងថា លោកស្នងការខេត្តហាក់ក្ដៅមុខយ៉ាងខ្លាំង ហើយបានបញ្ជា ឲ្យការិយាល័យជំនាញ ផ្អាកសេចក្ដីសម្រេចតែងតាំងលោកយឹម វិចិត្រ នោះវិញហើយ  ដោយសារបែក ធ្លាយសំណុំរឿងលោកយឹម វិចិត្រ លួចធ្វើប្លង់កាន់កាប់ដីរបស់អង្គភាព នៅអធិការដ្ធានស្រុកថ្មគោល៕
បែកធ្លាយ​នូវ​រឿងអាស្រូវ​ លោក​យឹម វិចិត្រ ​