សិស្ស គ្រូ​នៃ​សាលា​បឋម​តា​តៃ និង​អាណាព្យាបាល​សិស្ស ជិត​១00 នាក់ ពុលបាយ​ប្រអប់

សិស្ស គ្រូ​នៃ​សាលា​បឋម​តា​តៃ និង​អាណាព្យាបាល​សិស្ស ជិត​១00 នាក់ ពុលបាយ​ប្រអប់



តាកែវ​:  សិស្សសាលា កុមា​រា កុមារី គ្រូបង្រៀន និង​អាណាព្យាបាល​សិស្ស ជិត ១00 នាក់ មាន​អាកា​រៈ ក្អួតចង្អោរ បន្ទាប់​ពី​ពួក​គេ បាន​នាំ​គ្នា ញុំា​បាយ​ប្រអប់ ដែល​ក្រុម​និស្សិត មក​ពី​វិទ្យាស្ថាន ខេ​ម​អេ​ត​អន្តរជាតិ យក​មក​ចែក​ដល់​ប្អូន​កុមា​រា កុមារី នៅ​សាលា​បឋម​សិក្សា តា​តៃ ស្ថិត​នៅ​ឃុំ​ញ៉េ​ញ៉​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ករណី​ពុលបាយ​នេះ បាន​កើតឡើង កាលពី​ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ។

លោក​អធិការ​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា ក្នុង​ករណី​ពុលបាយ​នេះ គឺ​មាន​ក្មេង​ៗ ប្រុស​ស្រី គ្រូបង្រៀន និង​ឪពុក​ម្តាយ​សិស្ស ជិត ១00 នាក់ បាន​មាន​អ​កា​រៈ​ក្អួតចង្អោរ ព្រម​ៗ​គ្នា ដោយ​មាន​ខ្លះ បញ្ជូន​ទៅ​មណ្ឌល​សុខភាព និង​មាន​ខ្លះ​ទៀត ត្រូវ​បាន​បញ្ជូន​មក មន្ទីរពេទ្យ​បង្អែក ខេត្តតាកែវ ។

លោក​អធិការ បានអោយ​ដឹង​ទៀត​ថា ក្រុម​និ​សិ​ត្ស ដែល​មក​ពី​វិទ្យាស្ថាន ខេ​ម​អេ​ដ​អន្តរជាតិ បាន​មក​ចែក​សម្ភារៈ​សិក្សា និង​បាយ​ប្រអប់ ដល់​កុមា​រា កុមារី នៅ​ក្នុង​សាលា​បឋម​សិក្សា​តា​តៃ នៅ​ក្នុង​រដូវ​កាល បវេសនកាល ឆ្នាំ​សិក្សា ២០១៦-២0១៧​។ បន្ទាប់​ពី​ចែក​រួច ក្មេង​ៗ រួម​ជាមួយ​គ្រូបង្រៀន និង​ឪពុក​ម្តាយ​សិស្ស បាន​នាំ​គ្នា​ហូប​បាយ តែ​មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង ក៏​ស្រាប់តែ​មាន​ក្មេង​ក្អួត ចុក​រាគ ដេក​រដូករណែល ពេញ​ផ្ទះ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​បាយ​នោះ បាន​ច្រក​ដាក់​ប្រអប់​ថ្លា ក្នុង​នោះ មាន​សាច់ក្រក ពង​ទា និង​បន្លែ​ជា​ច្រើន​មុខ​ទៀត រួម​ជាមួយ​ទឹកដោះគោ ។

អ៊ុំ​ស្រី ឯក លី អាយុ ៥0 ឆ្នាំ នៅ​ភូមិ​តា​តៃ ឃុំ​ញ៉េ​ញ៉​ង បាន​និយាយ​ថា គាត់​បាន​ហូប​បាយ ដែល​សល់​ពី​ចៅ​របស់​គាត់ ដែល​បាន​មក​ពី សាលារៀន ដែល​ក្រុម​និ​សិ​ត្ស បាន​ចែក​អោយ​។ ពេល​គាត់​ហូប​បាន​តែ​ពីរ បី​ម៉ាត់ ក៏​ឃើញ​ចៅ​របស់​គាត់​ក្អួត ក៏​ចាប់​ចៅស្រី កោសខ្យល់​។ តែ​នៅ​ពេល​កោសខ្យល់ មិន​ទាន់​ហើយ​ផង គាត់​ក៏​មាន​អ​កា​រៈ​ក្អួតចង្អោ​ដែរ ហើយ​ទន់ដៃទន់ជើង អស់រលីង ទើប​មានការ​សង្ស័យ ហើយ​បាន​ហៅ​គេ អោយ​ជួយ​ជូន​មក​ពេទ្យ​។

អ្នកស្រី អ៊ែ​ម ធី អាយុ ៣២ នៅ​ឃុំ​ញ៉េញ​ង បាន​និយាយ​ថា កូន​របស់​គាត់ មិន​ដែល​ទៅ​សាលារៀន​ទេ ព្រោះ​វា​នៅ​តូច តែ​ដោយ​ឮ​ថា មាន​ក្រុម​និ​សិ​ត្ស មក​ពី​ភ្នំពេញ ចែក​សម្ភារៈ​សិក្សា អោយ​ក្មេង​ៗ​នោះ គាត់​ក៏​បានអោយ​កូន របស់​គាត់​ទៅ​សាលា​។ តែ​ពេល​នោះ គេ​មិន​បាន​ចែក​សៀវភៅ​អោយ​ទេ ដោយ​គេ​ចែក​បាយ​ប្រអប់ មក​អោយ​កូន​គាត់ ពេល​នោះ នឹកឃើញ​ថា វា​ទំនង​ក៏​បាន​នាំ​គ្នា​ញុំ​ា​។ ពេល​ញ៉ាំ​បាន​តែ​បី​ម៉ាត់ គាត់​ជាមួយ​កូន បាន​ក្អួតចង្អោរ​យ៉ាង​ខ្លាំង ហើយ​ក៏​អោយ​បងប្អូន នាំ​គ្នា​មក​មន្ទីរពេទ្យ ៕