កងទ័ព​ស៊ី​រី​អះអាងថា អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត បើកផ្លូវ​ឲ្យ​ក្រុម ISIS រត់​ចូល​ទឹកដី​ស៊ី​រី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-19-2016, 11:37 am         1430

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108កងទ័ព​ស៊ី​រី​អះអាងថា អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត បើកផ្លូវ​ឲ្យ​ក្រុម ISIS រត់​ចូល​ទឹកដី​ស៊ី​រី​​ខណៈដែល​កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ និង​សម្ព័ន្ធមិត្ត​ដឹកមុខ​ដោយ​អាមេរិក កំពុងបើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Mosul ពី​ការគ្រប់គ្រង​របស់​ក្រុម​រដ្ឋ​ឥស្លាម​នោះ កងកម្លាំង​ស៊ី​រី​បាន​ចោទប្រកាន់​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត ថា​បាន​បើកផ្លូវ​ឲ្យ​ក្រុម​ជ្រុលនិយម​រត់​ចូល​ទឹកដី​របស់ខ្លួន​។ កងទ័ព​ស៊ី​រី ថែមទាំង​ព្រមាន​ដែរ​ថា ខ្លួន​នឹងមិន​លើកលែង​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​រត់​ភៀសខ្លួន​ទាំង​នោះឡើយ​។ 

​កងទ័ព​ស៊ី​រី នៅ​ថ្ងៃទី​១៨ ខែតុលា បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​រី​យ៉ា​ដ បានអនុញ្ញាត​ឲ្យ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធ​ដណ្ដើម​ទីក្រុង Mosul ពី​សំណាក់​កងទ័ព​អ៊ីរ៉ាក់ រត់​ចូល​ទឹកដី​ស៊ី​រី​។ ប្រតិបត្តិ​ការរំដោះ​ក្រុង Mosul ជាទី​ក្រុង​ធំជាងគេ​របស់​អ៊ីរ៉ាក់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​រដ្ឋ​ឥស្លាម​តាំងពី​ឆ្នាំ​២០១៤​មក គឺជា​ប្រតិបត្តិការ​ធំជាងគេ​ចាប់តាំងពី​កងទ័ព​អាមេរិក​ដកចេញ​ពី​អ៊ីរ៉ាក់​មក​នោះ​។ 

​តាមរយៈ​សេចក្ដីប្រកាស​ដែល​ផ្សាយ​ទួ​រទស្ស​ន៍​រដ្ឋ កងទ័ព​ស៊ី​រី​ប្រកាសថា សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក ដែល​រួមទាំង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរនោះ មាន​ផែនការ​បង្កើត​ច្រក​សុវត្ថិភាព​ទៅកាន់​ស៊ី​រី ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ជ្រុលនិយម ប្រមូលផ្ដុំ​វត្តមាន​ពួកគេ និង​បង្កើត «​សមរភូមិ​ពិតប្រាកដ​» នៅ​ភាគ​ខាងកើត​ស៊ី​រី​។ យោងតាម​សារព័ត៌មាន Sputnik សេចក្ដីប្រកាស​នេះ​បន្តថា ការប៉ុនប៉ង​ណាមួយ​ឆ្លង​ចូល​ទឹកដី​ស៊ី​រី ជាការ​រំលោភ​អធិបតេយ្យ​ស៊ី​រី ដែល​ត្រូវ​ទទួលបាន​ការឆ្លើយតប​ពី​សំណាក់​កងកម្លាំង​ទាំងអស់​របស់​ស៊ី​រី​។​

​នៅ​ថ្ងៃទី​១៧ ខែតុលា ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ Haider al-Abadi បានប្រកាស​តាម​ទូរទស្សន៍ ថា កងទ័ព​អ៊ីរ៉ាក់ នឹង​វាយ​ដណ្ដើមយក​ទីក្រុង Mosul ត្រឡប់មកវិញ​ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម ដែល​គ្រប់គ្រង​ទីក្រុង​នេះ​ពីរ​ឆ្នាំ​មកហើយ​។ ទីក្រុង Mosul ជាទី​តាំង​ធំ​នៅសល់​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅលើ​ទឹកដី​អ៊ីរ៉ាក់ បន្ទាប់​ពួកគេ​បាត់បង់ Fallujah ក្នុង​ប្រតិបត្តិការ​របស់​កងទ័ព​អ៊ីរ៉ាក់ កាលពី​ខែមិថុនា​កន្លងទៅ​។​
 
​កងកម្លាំង​ជាង​បី​ម៉ឺន​នាក់​របស់​ក្រុមចម្រុះ​អ៊ីរ៉ាក់ កងកម្លាំង​ឃើ​ដ សកម្មជន​ស៊ូ​នី និង​ស៊ី​អ៊ី​ត ដោយមាន​ជំនួយ​ពី​កងកម្លាំង​អាកាស​សម្ព័ន្ធមិត្ត​អាមេរិក កំពុង​បណ្ដេញ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ក្រុង Mosul​។ ក្រុមចម្រុះ​បាន​គ្រប់គ្រង​ផ្នែក​ខ្លះ​ហើយ​នៃ​ទីក្រុង​នេះ ខណៈដែល​ប្រជាជន​រាប់សែន​នាក់ កំពុង​ជាប់​ខ្លួន​ក្នុងការ​ប្រយុទ្ធ​រវាង​ក​ង​កម្លាំង​អ៊ីរ៉ាក់ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​ព្យាយាម​ការពារ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​។

​នាពេល​កន្លងមក ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បាន​គ្រប់គ្រង​ទឹកដី​យ៉ាង​ធំ​ចន្លោះ​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយសារតែ​ពួកគេ​ឆក់​ឱកាស​នៃ​ការប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ដើម្បី​ពង្រីក​ទឹកដី​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​ចុងក្រោយ​នេះ ក្រុម​ជ្រុលនិយម​ដ៏​ធំ​នេះ បាន​បាត់បង់​ទឹកដី​គ្រប់គ្រង​យ៉ាងច្រើន ទាំង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ បន្ទាប់​កងកម្លាំង​សម្ព័ន្ធ​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​រុស្សី​នៅ​ស៊ី​រី បាន​ជួយ​រុញច្រាន និង​ដណ្ដើម​ក្រុម​នេះ ចេញពី​មូលដ្ឋាន​ជាច្រើន​មក​៕