សាលាក្រុង​មិនអនុញ្ញាតឲ្យ​ CNRP​ រៀបចំខួបកិច្ចព្រមព្រៀងក្រុងប៉ារីស​នៅទីលានប្រជាធិបតេយ្យ

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅសាលារាជធានីភ្នំពេញ​បានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ​​យកទីលានប្រជាធិបតេយ្យ​ដើម្បីរៀបចំបា្ររព្ឋខួបឆ្នាំទី២៥​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីសនៅថ្ងៃទី២៣ ​តុលា​ខាងមុខនេះទេ ។

នេះបើយោងតាមអ្នកនំាពាក្យរដ្ឋបាល​សាលារាជធានីភ្នំពេញ ​លោក ម៉េត មាសភក្តី ​ដែលបា្រប់កោះសន្តិភាពនៅប៉ុន្មាននាទី​មុននេះ ​បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយតំណាង​គណបក្សសង្រ្គោះជាតិនៅ​សាលប្រជុំសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ តុលា ២០១៦ ។

យ៉ាងណាក៍ដោយ​បើតាមអ្នកនំាពាក្យដដែល ​សាលារាជធានីភ្នំពេញ​អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ​យកទីស្នាក់ការរបស់ខ្លួន ឬទីតំាងសមស្របណាមួយទៀតរៀបចំបាន ​ប៉ុន្តែទីលានប្រជាធិបតេយ្យ​មិនអនុញ្ញាតឲ្យធ្វើទេ ។

បើតាមលោក ម៉េត មាសភក្តី ​ដោយសារគណបក្សសង្រ្គោះជាតិ​នៅតែទទូចចង់បានទីលានប្រជាធិបតេយ្យដើម្បីរៀបចំខួបឆ្នាំទី២៥​នៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស(២៣ តុលា ១៩៩១-២៣ តុលា ២០១៦)នោះ​ សាលារាជធានីភ្នំពេញ​នឹងដាក់សំណើបន្ត​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បីសម្រេច​ ។

សូមបញ្ជាក់ថា ​កាលពីថ្ងៃទី១៨ តុលា​ ២០១៦ គណបក្សសង្រ្គោះជាតិ​ (CNRP​) ដែលមានលោកតំណាងរាស្រ្ត ហូរ វ៉ាន់ , លោក ម៉ៅ មុនីវណ្ណ និង លោក ឡុង រី ​បានចុះហត្ថលេខារួមគ្នាលើលិខិតស្នើសុំអនុញ្ញាតពីលោក​ ប៉ា សុជាតិវង្ស អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ យកទីតំាងទីលានប្រជាធិបតេយ្យដែលមានទីតំាងស្ថិតនៅ​ខាងក្រោយស្ថានទូតអាមេរិកក្នុង ខណ្ឌដូនពេញ ​​ដើម្បីរៀបចំខួបឆ្នាំទី២៥​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ​ដោយមានអ្នកចូលរួមរាប់ពាន់នាក់ ៕