ព្រះសង្ឃ និង ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​មេលំ ស្រុក​បរិបូណ៌ សា​ម្គី​គ្នា​ជួសជុល​ផ្លូវដែល​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ជាង​២​គីឡូម៉ែត្រ​

​ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ធ្វើដំណើរ​មានការ​លំបាក​១​ខ្សែ​ពី​ចំណុច​ផ្សារ​បរិបូណ៌ ទៅ​សាលាឃុំ​មេលំ មាន​ចម្ងាយ ជាង​២​គីឡូម៉ែត្រ ដោយសារ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ផង​នោះ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦​នេះ លោក​មេឃុំ​មេលំ បាន​ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នាំគ្នា​ដឹក​ដី​មកចាក់​តាម​ក្រឡុក និង​ពង្រាប​ជួសជុល​ផ្លូវ​បាន​រួចរាល់ រយះពេល​ពេញ​១​ថ្ងៃ ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរ ។ សកម្ម ភាព​ដឹកនាំ របស់ អាជ្ញាធរ​ឃុំ​បែបនេះ ធ្វើអោយ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ សប្បាយចិត្ត និង​កោត​ស​សើរ​ថ្នាក់ដឹកនាំ​ថា​ពិតជា​គំរូ​ល្អ​។

img-20161017-wa0046

លោក កេ​ត សុ​ឃា មេឃុំ​មេលំ ស្រុក​បរិបូណ៌​បានអោយដឹងថា​៖ ដោយសារ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មេលំ​រឿង​ផ្លូវ​លំបាក​ខាងលើ ទើប​លោក​ដឹកនាំ​ប្រជាពលរដ្ឋ ជួសជុល​ល​ផ្លូវ​១​ខ្សែ​នេះ ដោយ​ដឹក​ដី​ពី​ស្ទឹង​បរិបូណ៌ មកចាក់​បំពេញ​ក្នុង​ក្រឡុក​សំបុកមាន់​តាមផ្លូវ ។ ការងារ​នេះ​មានការ​ចូល​រូ​ម ពី​ប្រជាពលរដ្ឋ មកពី​៤​ភូមិ មាន​ចំនួន​២៤៥​នាក់ និង ព្រះសង្ឃ​១៤​អង្គ​មកពី​វត្ត កាន់​យួរ វត្ត​មេលំ និង​វត្ត​ទួល​រកា ដោយ​ប្រើប្រាស់ គោយន្ត​ដឹក​ដី ១១៥​គ្រឿង ។ លោក​បញ្ជាក់ថា ការធ្វើ​នេះ​គឺ​ដោយ​ដៃ​សុទ្ធសាធ ទាំង​ចូកដី ដាក់​គោយន្ត និង កាយ​ដី​ទម្លាក់​ពី​គោយន្ត ចាក់​តាម​ក្រឡុក​សំបុកមាន់​។

img-20161017-wa0044

​ព្រះសង្ឃ​ព្រះនាម ឡុ​ច ស​ម្រឹត គ្រូសូត្រស្តាំ​គង់​ក្នុង​វត្ត ទួល​រការ មាន​ថេរ​ដិ​កា​ថា​៖ អាត្មា​ថ្ងៃនេះ​រួមជាមួយ​ពុ​ទ្ឋ​បរិ​ស​ទ័​ចំនួន​៤​ភូមិ បានរួម​គ្នា​កសាង​ផ្លូវ​នេះ ព្រោះ​ផ្លូវ​នេះ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ខ្លាំងណាស់ ហើយ​ទោះ​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​ក៍ដោយ​គឺ​ទាំងអស់គ្នា​នាំគ្នា​ជួសជុល​ផ្លូវ​ទាំង​ភ្លៀង និង​ពេលនេះ​ភ្លៀង​ទើបនឹង​រាំង ក៏​នៅតែ​នៅ​បន្តធ្វើ​នៅឡើយ សម្រាប់​អាត្មា​មានតែ​កម្លាំង​ប៉ុណ្ណឹង​នោះទេ សម្រាប់​ការចូលរួម​ជួយ​គ្នា​នៅក្នុង​សង្គម ។

img-20161017-wa0049

​ដោយឡែក លោក សុខ ឌី​ណា ជា​ប្រជាពលរដ្ឋ​វិញ បាន​និយាយថា​៖ ប្រជាពលរដ្ឋ និង​រូបលោក មានការ​សប្បាយ​ចិត្តជា​ខ្លាំង ដោយបាន​លោក មេឃុំ​ដឹកនាំ​ប្រជាពលរដ្ឋ ជួសជុល​ផ្លូវ​នេះ​ឡើងវិញ និង​សូម​កោតសរសើរ​ដល់ លោក​មេឃុំ ដែល​បាន​ឈ្លាសវៃ ក្នុងការ​ដឹកនាំ​ក្នុង​ឃុំ​មេលំ ទាំង​ពេលនេះ និង​កន្លងមក លោក​តែង ធ្វើ​សកម្មភាព​នានា ជួយ​ដល់​ប្រជាពលរដ្ឋ​ជានិច្ច ពេល​ជួប​ការលំបាក​។ ការជួសជុល​ផ្លូវ​ខាង​មាន​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​បាន​រួចរាល់ នេះ​គឺ​ដោយសារ​កម្លាំង​សាមគ្គី របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែ ល​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​ឃុំ​ផ្សេងៗ​ទៀត​រៀនសូត្រ​តាម​៕ (រិទ្ធីជ័យ)