គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឃើញ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត​

ក្នុងពេលដែល​កាលបរិច្ឆេទ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​កាន់តែ​ខិតជិត​ដល់ទី​បញ្ចប់​ទៅហើយ​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​សប្តាហ៍​នេះ​បានបង្ហាញ​គោលជំហរ​ចង់​ឲ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្រៅប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​បំផុត ពីព្រោះ​ពួកគាត់​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គួរតែមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស ដើម្បី​សម្រេច​ពី​ជោគ​វាស​អនាគត​របស់​ពួកគាត់ និង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅធ្វើជា​ពលករ​នៅក្រៅ​ប្រទេស ហើយ​មិនបាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​រហូតដល់​ពេលនេះ​។ គួរ​បញ្ជាក់ថា ខណៈពេល​វេលា​កំណ​ត់នៃ​ការចុះឈ្មោះ​បោះឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានកំណត់​នោះ​កាន់តែ​ខិតជិត​ដល់ទី​បញ្ចប់​នោះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គប្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅធ្វើជា​ពលករ​នៅ​បរទេស ពិសេស​នៅ​ប្រទេស​ថៃ​អាចមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅថ្ងៃនេះ​ក៏បាន​បញ្ជាក់​ជា​សាធារណៈ​ពី​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ញើជូន លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គួរ​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដែល​ស្ថិតនៅ​ឃុំ​-​សង្កាត់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ទៅធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រឡប់មក​ចុះឈ្មោះ​បោះឆ្នោត​នាពេល​កន្លងមក​នោះ បាន​បញ្ជាក់ថា ពលករ​ខ្មែរ​ភាគច្រើន​មាន​ឆន្ទៈ​ចុះឈ្មោះ​បោះឆ្នោត​និង​ចង់​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី តែ​បញ្ហា​គឺពាក់ព័ន្ធ​នឹង​ពេលវេលា​ធ្វើការ ការចំណាយ​ប្រាក់ និង​ភាពស្មុគស្មាញ​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។ ពលករ​ខ្មែរ​បាន​សង្កត់ធ្ងន់ថា បើ​ពួកគាត់​ជ្រើសរើស​មេដឹកនាំ​បាន​ត្រឹមត្រូវ នោះ​កម្ពុជា​នឹង​រីក​ច្រើន ហើយ​ពួកគាត់​ក៏​មិនបាច់​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​បរទេស​ដែរ​៕

14333646_1880062295564302_7749949596793005471_n 14354878_1880061805564351_3291369431869116020_n 14355756_1880063542230844_1512007914862558877_n