ប្រទះ​ឃើញ​គ្រាប់​បេ​ប្រភេទ B81 នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង

ប្រទះ​ឃើញ​គ្រាប់​បេ​ប្រភេទ B81 នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង



កំពង់ឆ្នាំង​: គ្រាប់​ប្រភេទ B81 មួយ​គ្រាប់ ត្រូវ​បាន​ក្រុម​ជាងសំណង់ ប្រទះ​ឃើញ នៅ​ក្នុង​មន្ទីរពេទ្យ នៅ​ពេល​ដែល​កំពុង​ជីកដី សម្រាប់​ធ្វើ​បង្គន់​អនាម័យ ។ ហេតុការណ៍​ដ៍ ភ្ញាក់ផ្អើល​នេះ បាន​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោងជាង ១០ ព្រឹក ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុង​មន្ទីរ​បង្អែក ខេត្តកំពង់ឆ្នាំង ។

ក្រុម​ជាងសំណង់ ដែល​ជីក​នៅ​ទីនោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ ពួក​គាត់​បាន​វាស់ដី ដើម្បី​ជីករណ្តៅ​គ្រឹះ សម្រាប់​បង្គន់​អនាម័យ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​ពេល​ដែល​ជីក ទើបបាន ២ ទៅ ៣ ចប​ប៉ុណ្ណោះ ក៍កាប់​ក្បាល​គ្រាប់ B81​។ ពេល​ឃើញ​ដូចនេះ ក្រុម​ជាង បាន​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ដើម្បី​មក​ពិនិត្យ​មើល​។ ក្នុង​ពេល​នោះ សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង បាន​ចុះ​មក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ និង បាន​រាយការណ៍ ទៅ​មន្ត្រី​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង អោយ​ចុះ​មក​យក​គ្រាប់​ផង​ដែរ ។

មន្ត្រី​ស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង បានអោយ​ដឹង​ថា គ្រាប់​បេ ដែល​ជាងសំណង់ ជីក​ប្រទះ​ឃើញ​នេះ ជា​ប្រភេទ​គ្រាប់ B81 ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក នៅ​សល់​ជំនាន់​សម័យ​សង្គ្រាម ហើយ​គ្រាប់​នៅ​មានគុណ​ភាព អាច​ផ្ទុះ​បាន ទោះបីជា​មាន​សភាព​ច្រេះ យ៉ាងណា​ក៍ដោយ​។ ក្រោយ​ពី​ពិនិត្យ​រួច មន្ត្រី​ស៊ី​ម៉ាក់ បាន​យក​គ្រាប់​បេ​នេះ យក​ទៅ​មជ្ឈមណ្ឌល​ស៊ី​ម៉ាក់ ដើម្បី​ទុក​កំទេច​ចោល ៕