សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ វិទ្យាល័យ​ស្វាយចេក ខេត្តបន្ទាយមានជ័យ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ពិនិត្យ វិទ្យាល័យ​ស្វាយចេក ខេត្តបន្ទាយមានជ័យ



បន្ទាយ​មាន​ជ័យ​:  នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែតុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​វិទ្យាល័យ ហ៊ុន សែន មង្គលបុរី ស្ថិត​ក្នុងភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

ដោយ​បាន​ពិនិត្យ​ឃើញ អំពី​កង្វះខាត និង​តម្រូវការ​ចាំបាច់ របស់​ក្មួយ​ៗ​សិស្សានុសិស្ស នៅ​ទី​នេះ សម្តេច​តេ​ជោ និង​សប្បុរសជន បាន​ផ្តល់​ជូន អគារសិក្សា ១ ខ្នង កំពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ធ្វើ​សាល​សហ​សិក្សា និង​ជួសជុល​អគារ​ចាស់​ៗ​ឡើង​វិញ​។

បន្ទាប់​ពី​នេះ សម្តេច​តេ​ជោ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​វិទ្យាល័យ​ស្វាយចេក បន្ត​ទៀត ស្ថិត​ក្នុងភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅ​ទី​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សប្បុរសជន បាន​ផ្តល់​ជូន អគារសិក្សា​ចំនួន​១​ខ្នង កំពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ សាងសង់​ទីចាត់ការ ១​ខ្នង ស្មើនឹង ៣ បន្ទប់ ធ្វើ​សាល​សហ​សិក្សា ធ្វើ​តារាង​បាល់ទាត់ បាល់ទះ បាល់បោះ ផ្តល់​ជូន​កុំ​ព្យួ​ទ័​រ ២៦ គ្រឿង ម៉ាស៊ីន​ព្រី​ន ២​គ្រឿង និង​ម៉ាស៊ីនថតចំឡង ២ គ្រឿង ផង​ដែរ​។

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិន​បណ្តោយ​អោយ​ក្មួយ​ៗ និង​ចៅ​ៗ អត់​សាលារៀន​ឡើយ ទោះបីជា​នៅ​ទីណា​ក៏​ដោយ​។ ដើម្បី​អនាគត​ល្អ សូម​ក្មួយ​ៗ និង​ចៅ​ៗ ប្រឹងប្រែង​សិក្សា​រៀនសូត្រ ហើយ​ត្រូវ​ចៀស​អោយ​ឆ្ងាយ ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​គ្រប់យ៉ាង​។ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្រឡាញ់​ក្មួយ​ៗ និង​ចៅ​ៗ​គ្រប់​គ្នា​៕