តុលាការ​កំពូល​​បើក​សវនការ​​លោក មាជ សុវណ្ណារ៉ា ដែលស្នើទៅក្រៅ​ប្រទេស​ព្យាបាលជំងឺ​

រាជធានី​ភ្នំពេញ​ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ​តុលា​ នេះ​ តុលាការ​កំពូល ​បាន​បើក​សវនាការលើ​​សំណុំរឿង​លោកមា​ជ សុ​វ​ណ្ណា​រ៉ា មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន ដែល​បាន​ស្នើ​ទៅ​ក្រៅប្រទេស ដើម្បី​ព្យាបាល​ជំងឺ​ តែ​តុលាការ​បាន​ពន្យា​រពេល​ប្រកាស​សាលដីកា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ តុលា​ ​​ខាង​មុខ​នេះ​ ។

មន្ត្រី​តុលាការ​បញ្ជាក់​​ថា សវនាការ​នេះ ​ដឹកនាំ​ដោយ​លោកស្រី គឹ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​ឈួ​ន ចាន់​ថា ជា​តំណាង​មហាអយ្យការ ។ ​

លោក​មា​ជ សុ​វ​ណ្ណា​រ៉ា  ជាប់ចោទ​ពី​បទ​ «​ដឹកនាំ​កុបកម្ម​ និង​អំពើ​ចូលរួម​ចលនា​កុបកម្ម» ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា ​២០១៤ ។ កន្លង​ទៅ លោក មា​ជ សុ​វ​ណ្ណា​រ៉ា ​ធ្លាប់​ត្រូវ​បាន​សាលាដំបូង​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ផ្តន្ទាទោស​រយៈពេល​២០​ឆ្នាំ​រួច​មក​ហើយ​ ចំពោះ​បទល្មើស​នេះ​ ។

លោកមា​ជ ​សុ​វ​ណ្ណា​រ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​អាណិកជន​ខ្មែរ​អា​មេ​រិ​ក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត ​ត្រូវ​​​សមត្ថកិច្ច​ចាប់ខ្លួន​ និង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​៧​ ដល់​២០​ឆ្នាំ​ ។ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​កំហុស​ពី​បទ​ដឹកនាំ​កុបកម្ម​ និង​ចូលរួម​អំពើ​កុបកម្ម​ ដែល​បណ្តាលឱ្យមនុស្ស​៣៩​នាក់​រង​របួស​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ស​ង្គា​ត់​វត្ត​ភ្នំពេញ​ខណ្ឌ​ដូ​ពេញ​។

បន្ទាប់​ពី​ត្រូវ​​បាន​ឃុំខ្លួន​ និង​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ជាង​២​ឆ្នាំ​ ជនជាប់ចោទ​​លោកមា​ជ ​សុ​វ​ណ្ណា​រ៉ា​ ត្រូវ​បាន​មេធាវី​អះអាង​ថា​ មាន​ជំ​ងឺ​ ដែល​ត្រូវការ​ព្យាបាល​ ជា​ចាំបាច់​នៅ​ក្រៅ​ពន្ធនាគារ ​។ ​តែ​ការ​ស្នើ​សុំ​នេះ ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​បដិសេធ​ ដែល​ពេល​នេះ​សំណុំរឿង​នេះ ​បាន​ឈាន​ដល់​តុលាការ​កំពូល​ ។