ទំនប់​ម្កាក់ តំបន់​ទេសចរណ៍​ថ្មី​ឆក់​យក​ជីវិត​យុវជន​ម្នាក់

ខេត្តសៀមរាប ៖ យុវជន​មួយ​ក្រុម​បាន​បបួល​គ្នា​ទៅ​លេង​ទឹក​ទំនប់​ម្កាក់​ដែល​ជា​កន្លែង​ទេសចរណ៍​កំសាន្ត​ទើបតែ​បង្កើត​ថ្មី ស្រាប់តែ​លង់ទឹក​ស្លាប់​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ លុះ​ព្រឹក​ថ្ងៃ​ទី​១៩​តុលា ទើប​រក​អណ្តែត​សព​ឡើង​មក ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ថា យុវជន​ដែល​លង់ទឹក​ស្លាប់​នៅ​ទំនប់​ម្កាក់​ស្ថិត​ក្នុងភូមិ​ម្កាក់ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​នោះ​មានឈ្មោះ វីត រ៉េ​ត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ បន្ត​ថា បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ជួយ​រក​ជន​រង​គ្រោះ​តែ​រក​មិនឃើញ​សោះ លុះ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ តុលា ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល និង​ក្រុម​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រើ​ទូក​រាវរក​បន្ត​ទៀត ក៏​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​នោះ​តែ​ម្តង ។

តាម​សម្តី​របស់​ក្រុម​គ្រួសារ​សព​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បន្ទាប់​ពី​កូន​គាត់​ស្លាប់​ដោយសារ​លង់ទឹក​នៅ​ម្តុំ​ទំនប់​ម្កាក់​ដែល​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ​នោះ​ថា កូន​របស់​គាត់​បាន​សុំ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ដោយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ប្រហែលជា​២-៣​គ្រឿង​មាន​គ្នា​ជិត​១០​នាក់ ។ ប្រភព​បន្ត​ថា លុះដល់​យប់​មិនឃើញ​កូន​មក​វិញ​ក៏​ឲ្យ​ឪពុក​ទូរស័ព្ទ​រក​ទៅ​តែ​មិន​ចូល រហូត​ដល់​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ព្រឹក​ថ្ងៃ​ទី​១៩​តុលា​ទើប​ឃើញ​ក្នុង​ហ្វេ​ស​ប៊ុ​កថា មាន​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ទំនប់​ម្កាក់ ទើប​ពួក​ខ្ញុំ​នាំ​គ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​កូន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕