ទាំងឡូយ​ ទាំងសង្ហារ​ និងសម្រេច​​​ក្តីប្រាថ្នាខ្លួន​ឯង​ទៀត

រាជធានីភ្នំពេញ​ ៖ តារាចម្រៀង ស៊ី​ម សុវណ្ណ​ដុល្លារ ​បាន​​ចូល​មក​កាន់​សិល្បៈ​​យ៉ាង​យូរ​ ដោយ​បាន​​ពុះ​ពារ​​គ្រប់​កិច្ច​ការ​​ទាំងអស់ ​បើ​ទោះបី​ជា​ពេល​ខ្លះ ​​ស្ទើរតែ​ដួល​​រហូត​ចង់​​ងាក​​​ត្រឡប់​ក្រោយ​បែប​ណាក្តី​ ។

​យ៉ាងណាមិញ​ ក្តី​រំពឹង​របស់​លោក​​បាន​សម្រេច​គោលដៅ​ បន្ទាប់​​ពី​លោក​​​ត្រូវ​​​​គេ​ជ្រើសតាំង​​ជា​តារាចម្រៀង​​ប្រចាំ​ផលិតកម្ម​ផ្ទាល់​ លែង​តែលតោល​ដូច​មុន​ទៀត​ ។ បើ​ទោះបីជា​លោក​ រកបាន​ទ្រនំ​​ជា​ផលិតកម្ម​ថ្មី​មួយ ​សម្រាប់​ជ្រក​ជាទី​ពេញចិត្ត​ ក៏​​លោក​ចាត់​​ទុក​ថា ​នេះ​​ជាស​មិ​ទ្ធ​ផល​មួយ​ ដែល​ជួយ​ឱ្យ​​លោក​មាន​សភាព​ល្អ​​ក្នុង​សិល្បៈ​បន្ត​ទៅ​មុខ​​ទៀត​ ហើយ​ព្យាយាម​ខិតខំ​ធ្វើ​បែប​​ណា​ ​ឱ្យ​​ការ​ច្រៀង​​ឱ្យ​កាន់តែ​លេច​ធ្លោ ​។ ​

បើ​ប្រៀប​ធៀប​ពី​មុន​ លោក​ស៊ី​ម សុវណ្ណ​ដុល្លារ ​ហាក់​បាក់ទឹកចិត្ត​ខ្លះ ​ក្នុង​នាម​ជា​តួ​ថ្មីថ្មោង​​ដែល​ដើរទៅ​ណា​មក​​ណា ​រមែង​មិនសូវ​មាន​គេ​​ចាប់អារម្មណ៍​ សូ​ម្បី​តែ​នៅ​ក្នុង​សង្គម​សិល្បៈ​ ដែល​មាន​រៀមច្បង​ជា​គំរូ លោក​តែងតែ​បង្ហាញ​កាយវិការ​​គោរព​ស្រឡាញ់​សំពះ​សួរនាំ ​បើ​ទោះជា​គេ​មិន​ស្គាល់​បែប​ណា​ ។

​អ្វី​ដែល​លោក​មានការ​តាំង​ចិត្ត​ គឺ​រំពឹង​ថ្ងៃ​ណាមួយ ​ទេព​កោសល្យ​ និងសមត្ថភាព​ក្នុង​ការ​ស្រឡាញ់​សិល្បៈ​នឹង​​ជួយឱ្យ​​លោក​បាន​ប្រសើរ​​សម្រេច​តាម​​គោល​ដៅ​ ។

តារាចម្រៀង​ ស៊ី​ម សុវណ្ណ​ដុល្លារ ​គឺជា​អ្នក​ខេត្តកំពង់ចាម​ ប្រសិនបើ​លោក​​មិន​ចូល​សិល្បៈ​ ក៏ជា​​តារា​មុខស្រស់​កាត់​ចិន​​រូប​នេះ ​មិន​សូវ​ជា​ពិបាកចិត្ត​ឡើយ ​ព្រោះ​លោក​មាន​តួនាទី​ ជា​មន្ត្រីរាជការ​ម្នាក់ ​ក្នុង​ជួ​រ​ទាហាន​លំដាប់​ម្នាក់​ដែរ​ ដោយ​យល់​ច្បាស់​ពី​តិច​និ​ក​​ការ​ងារ​នេះ ​ហើយ​តាម​ការ​អះអាង​របស់​លោក​កិច្ចការ​រាល់ថ្ងៃ​ ក៏​​ល្អ​ម្យ៉ាង ​ដែល​ទាក់ទិន​នឹង​​មុខ​​តំណែង ​។

​អ្វី​ដែល​លោក​ចេះ​តែ​ប្រឹង ​គឺ​ចិត្ត​ស្រឡាញ់​​សិល្បៈ ​បានជា​ខំធ្វើការ​ងារ​នេះ ​ដើម្បី​ចង់​រក្សា​ទុក​ស្នាដៃ​ទៅ​មុខ​ ទើប​ខំ​ពុះពារ​ជាមួយ​សិល្បៈ​ ដែល​រក​ប្រាក់​ចំណូល​បាន​កាក់​ល្អិត​តែ​ប៉ុណ្ណោះ​ ។