​ប្ដូរជម្រកអណ្ដើកហ្លួង ២៥ក្បាល ទៅកាន់មជ្ឈមណ្ឌល អភិរក្សសត្វព្រៃ ខេត្តសៀមរាប

សៀមរាប៖ សត្វអណ្ដើកហ្លួង ចំនួន ២៥ក្បាល បាននិងកំពុងសម្របខ្លួនរស់នៅ ក្នុងទីជម្រកថ្មី ស្ថិតនៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ ក្នុងខេត្តសៀមរាប ដែលនេះជាការផ្លាស់ប្ដូរទីជម្រកថ្មី ទីពីរ បន្ទាប់ពីសត្វអណ្ដើកហ្លួង ចំនួន ២០៦ក្បាល ផ្សេងទៀត ត្រូវបានគេដឹកជញ្ជូន ទៅកាន់មជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង កាលពីខែកញ្ញា កន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន អង្គការសមាគមន៍ អភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានឲ្យដឹងថា អណ្ដើកហ្លួង ឫអណ្ដើកសរសៃ ​គឺជាអណ្ដើកមួយប្រភេទ ក្នុងចំណោមអណ្ដើក ២៥ប្រភេទ ដែលកំពុងរងគ្រោះខ្លាំង នៅលើសាកលលោក និងត្រូវបានដាក់បញ្ចូល ជាប្រភេទសត្វល្មូន តំណាងឲ្យប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យ ស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥។ ការកើនឡើងនៃការរំខានថ្មីៗនេះ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង ដែលជាទីជម្រកតែមួយគត់ នៅកម្ពុជា កំពុងធ្វើឲ្យប្រភេទសត្វនេះ ស្ថិតនៅក្នុងហានិភ័យខ្ពស់ ឈានទៅដល់ការផុតពូជ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផល នៃរដ្ឋបាលជលផល បានលើកឡើងថា​ "អនុវត្តតាមបទដ្ឋាន ស្ដង់ដារអន្ដរជាតិ ការគ្រប់គ្រង​ ប្រភេទសត្វកម្របំផុត យើងមិនត្រូវរក្សាទុកពួកវាទាំងអស់នៅកន្លែងតែមួយនោះទេ ការរក្សាទុកពួកវានៅកន្លែងផ្សេងគ្នាធ្វើឡើង ​ដើម្បីគ្រប់គ្រងគ្រោះថ្នាក់នានា ដែលអាចកើតឡើង ដូចជា ជំងឺពីធម្មជាតិ ជំងឺឆ្លងផ្សេងៗ ឫក៏ប្រភេទជំងឺផ្សេងទៀត ដែលយើងមិនបានដឹងមុន ប្រសិនបើជំងឺមួយកើតឡើង វានឹងមិនប៉ះពាល់ដល់អណ្ដើកហ្លួង ទាំងអស់ឡើយ"។

លោក Michael Meyerhoff ប្រធានគម្រោង ប្រចាំមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ បានលើកឡើងថា "ចាប់តាំងពីពេលមកដល់មជ្ឈមណ្ឌល ​អណ្ដើកហ្លួងទាំងអស់នោះ បានបន្ស៉ាំខ្លួនយ៉ាងល្អ ទៅនឹងទីជម្រកថ្មី ហើយជាទូទៅ យើងអាចមើលឃើញពួកវា នៅលើផ្ទៃទឹក។ ដោយសារអណ្ដើកហ្លួងញី មិនទាន់គ្រប់អាយុបន្ដពូជ ដូច្នេះហើយ ការបង្កាត់ពូជ ប្រហែលជាមិនអាចកើតឡើងទេ នៅ២ ឫ៣ឆ្នាំ ខាងមុខនេះ ប៉ុន្ដែបសុពេទ្យ និងបុគ្គលិកថែរក្សសត្វព្រៃ ប្រចាំមជ្ឈមណ្ឌល នឹងបន្ដតាមដានសុខុមាលភាព ក៏ដូចជា ត្រួតពិនិត្យសុខភាព អណ្ដើកហ្លួងទាំងអស់នោះ ជាប្រចាំ"។

ជាមួយគ្នានេះដែរលោកបណ្ឌិត Ross Sinclair នាយកអង្គការសមាគមន៍ អភិរក្សសត្វព្រៃនៅកម្ពុជា បានលើកឡើងថា "ការការពារទីជម្រកធម្មជាតិ និងចំនួនរបស់សត្វអណ្ដើកហ្លួងក្នុងព្រៃ គឺជាសកម្មភាពអាទិភាព និងបន្ទាន់បំផុត ដើម្បីសង្គ្រោះអណ្ដើកហ្លួង ពីការផុតពូជ យើងចាំបាច់ត្រូវតែដោះស្រាយបញ្ហា ការកើនឡើងនៃការបូមខ្សាច់ និងការកាប់ឆ្ការព្រៃលិចទឹក នៅតាមប្រព័ន្ធទន្លេស្រែ​អំបិល ជាបន្ទាន់ ប្រសិនបើយើង ចង់ឲ្យអណ្ដើកហ្លួងទាំងនោះ ​មានជីវិតរស់នៅក្នុងព្រៃ"។

គួរបញ្ជាក់ថា ការគំរាមកំហែង ប្រភេទសត្វ តំណាងឲ្យប្រទេសកម្ពុជា (អណ្ដើកហ្លួង) បណ្ដាលមកពីសកម្មភាព បូមយកខ្សាច់ និងការកាប់ព្រៃលិចទឹក ជាដើម ដែលទាំងនោះ ជាសកម្មភាពបំផ្លាញទីជម្រកទាំងស្រុង របស់សត្វប្រភេទនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត