អ្នកម៉ៅការ​ភាស៊ី​ចំណតរថយន្ត​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន គាបសង្កត់​អ្នកបើកបរ​រថយន្តឈ្នួល​តាម​អំពើ​ចិត្ត​

ការគាបសង្កត់​របស់​អ្នកម៉ៅការ​ភាស៊ី​ចំណតរថយន្ត​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានធ្វើ​ឲ្យ​ក្រុម​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ ទៅ​ខេត្តបាត់ដំបង អត់ធ្មត់​តទៅទៀត​លែង​បាន ហើយ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ដល់​ពួកគេ​ផងដែរ​។ ការតវ៉ា​របស់​ក្រុម​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​បានកើត​ឡើង​ក្រោយពេល​អ្នកម៉ៅការ​ចំណត​ភាស៊ី​រថយន្ត​មួយកន្លែង​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្តបាត់ដំបង បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ចុះទៅ​ដេញ​ពួកគេ​ចេញពី​កន្លែង​ចត​ចាប់​ម៉ូយ​នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​។ ជាងនេះទៅទៀត​អ្នកម៉ៅការ​ភាស៊ី​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ទៅ​ចត​ចាប់​ម៉ូយ​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ពី​ព្រំដែន​។

ក្រុម​អ្នកបើក​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក កើត សុធា ជា​អភិបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ក្នុងខណៈដែល​អ្នកម៉ៅកា​រ​ភាស៊ី​ផ្សារ​ព្រំ កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ តំណាង​អ្នកបើករថយន្ត​ឈ្នួល​ដឹក​ភ្ញៀវ​បាន​ឲ្យ​ដឹងថា ពួកគាត់​មានការ​លំបាក​យ៉ាងខ្លាំង​ទម្រាំ​តែ​ចាប់​ម៉ូយ​ដាក់​រថយន្ត​បានចេញ​ដំណើរ​ម្តងៗ ហើយ​ខាង​អ្នកម៉ៅការ​ចំណត​បាន​ទារលុយ​ពួកគាត់​ក្នុង​១​រថយន្ត​១​ម៉ឺន​រៀល​បើ​មាន​អ្នកជិះ​៤​នាក់ និង​យក​៥០០០​រៀល​បើ​មាន​អ្នកជិះ​តែ​២​នាក់​។ ពួកគាត់​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គ្មាន​ចំណតរថយន្ត​ត្រឹមត្រូវ​ទេ​ជាង​១០​ឆ្នាំ​មកហើយ ចំណែក​អ្នក​ម៉ៅ​ភាស៊ី​ចាំតែ​ប្រមូល​លុយ​ដោយ​ពុំមាន​រៀបចំ​សណ្ដាប់ធ្នាប់​និង​អនាម័យ​ទាល់តែសោះ​។

មានការ​រិះគន់ថា អ្នកគ្រប់គ្រង​ម៉ៅការ​ប្រមូល​ភាស៊ី​ចំណតរថយន្ត​ក្នុងភូមិ​ផ្សារ​ព្រំ ឈ្មោះ គឹម ហេង កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដោយ​មិនបាន​គិតពី​ទុក្ខលំបាក​របស់​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ដែល​រកប្រាក់​ចំណូល​១​ថ្ងៃ​សម្រាប់​ដោះស្រាយ​ជីវភាព​មួយថ្ងៃ​នោះទេ​។ ហេតុនេះហើយ​ទើប​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ ទៅ​ខេត្ត​ប៉ៃលិន បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​នៅពេលដែល​អ្នក​ម៉ៅ​ភាស៊ី​ចំណតរថយន្ត​គាបសង្កត់​ពួកគាត់​តាម​អំពើ​ចិត្ត ហើយ​មិន​រៀបចំ​សណ្ដាប់ធ្នាប់​និង​អនាម័យ​ឲ្យ​ល្អប្រសើរ​។ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន គួរ​ពិនិត្យឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​អ្នក​ម៉ៅ​ភាស៊ី​ចំណតរថយន្ត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​កុំ​ឲ្យ​គេ​ប្រើ​អំណាច​គាបសង្កត់​ទៅលើ​អ្នកបើកបរ​រថយន្តឈ្នួល​ដឹក​ភ្ញៀវ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទៀត​៕

429

លោក កើត សុធា អភិបាលខេត្តប៉ៃលិន 

img_6950 img_6947 untitled-1