មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល ឃុបឃិត​ឲ្យ​យួន​ចូលមក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​

លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​បណ្ដែតបណ្ដោយ​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត រួច​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ជាមួយគ្នា ក្នុងខណៈដែល​បទល្មើស​នេសាទ​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្ដាល​។ ជាក់ស្ដែង​មន្ត្រីរដ្ឋបាល​ជលផល​ម្នាក់​ដែលជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​បាសាក់ និង​ម្នាក់ទៀត​ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​ស្អាង កំពុង​ឃុបឃិត​នាំ​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល​ផងដែរ​។

ថ្មីៗ​នេះ​ជនជាតិ​យួន​ដែល​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែន​ឡូត៍​អភិរក្ស​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន​នោះ​ថា ពួកគេ​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា ណ​រ៉ាវ​ប្រើស​១០០ និង​សៃយ៉ឺន​ស្បៃ​មុង​ពេញ​ផ្ទៃ​បឹង​អតីត​ឡូត៍​នេសាទ គឺមាន​ការបើក​ដៃ​ពី​លោក ទេព ទូច នាយរង​រដ្ឋបាល​ជល​ផល​ផ្នែក​បាសាក់ និង​ពី​លោក សុខ ស៊ី​ណាត ហៅ​ក្លូ នាយរង​សង្កាត់រដ្ឋបាល​ជលផល​ស្អាង ដែល​ដើរ​ប្រមូល​លុយ​ពី​ពួកគេ​យ៉ាងតិច​១​ទូក​តម្លៃ​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​។ ជនជាតិ​យួន​ទាំងនោះ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​អាច​ចូលមក​នេសាទ​ក្នុង​ដែន​ឡូត៍​អភិរក្ស​ស្រុក​ស្អាង ហើយ​ចង់​គេច​ផុតពី​ការបង្ក្រាប​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​លោក ទេព ទូច និង​លោក សុខ ស៊ី​ណាត ព្រោះ​មន្ត្រីជលផល​ទាំងពីរ​នាក់​នេះ មាន​កូនចៅ​ជាច្រើន​នាក់​ទៀត​សម្រាប់​ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​លោក ទេព ទូច និង​លោក សុខ ស៊ី​ណាត ហើយក៏​មានការ​គាំពារ​ពី​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល​ផងដែរ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក វ៉ិ​ត ធា​រិ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់ ព្រោះ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ក្នុងខណៈដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​កោះធំ និង​ស្រុក​ស្អាង ជាពិសេស​ករណី​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​។ មានការ​រិះគន់ថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ លោក វ៉ិ​ត ធា​រិ​ទ្ធ បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​ជាច្រើន​ករណី ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក្នុងខណៈដែល​បទល្មើស​នេសាទ​ធំៗ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

14686612_1604962883132621_877505804_n

លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល