បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ នៅតែ​កើតឡើង​ឥតឈប់ឈរ​

ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ឈើ​ឈ្មោះ រិ​ទ្ធ ចូលទៅ​ប្រមូល​ទិញ​ឈើ​នៅ​ចំណុច​៦២ ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ដឹកជញ្ជូន​ចេញពី​តំបន់​នេះ​ចូលទៅ​ខេត្តសៀមរាប​យ៉ាង​រលូន​។ ចំណែក​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ឆាយ ក៏​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ផងដែរ​។

​មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ ដែល​រស់នៅ​ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយ​ដឹកជញ្ជូន​ចូល​ខេត្តសៀមរាប​ច្រើន​ឆ្នាំ​មកហើយ​។ ឈើ​ទាំងនោះ​ត្រូវ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់បំផ្លាញ​និង​អារច្រៀក​នៅ​តំបន់ភ្នំ​ពល ហើយ​ដឹកជញ្ជូន​មក​លក់​ឲ្យ​ពួកគេ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ​។ នៅពេល​ប្រមូល​ទិញ​បាន​គ្រប់​ចំនួន​ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចូលមក​ខេត្តសៀមរាប​យ៉ាង​រលូន មិនដែល​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ដោយមាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ អាច​បន្ត​អាជីវកម្ម​ខុសច្បាប់​របស់ខ្លួន​រហូត​មកដល់​សព្វថ្ងៃ ហើយ​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ជាពិសេស​នៅ​តំបន់ភ្នំ​ពល កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ លោក គង់ សា​វរិ​ទ្ធ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប លោក ទា គឹម​សុទ្ធ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ បន្ត​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ ចូល​ខេត្តសៀមរាប​យ៉ាង​រលូន​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តសៀមរាប​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​ទាំងពីរ​នេះ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​៕

351

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

11-12