ព្យុះ​សារិកា​វាយប្រហារ​កោះ​ហៃ​ណា​ន់​ចិន​ខូចខាត​ធ្ងន់ធ្ងរ

យោង​តាម​ស៊ី​ន​ហួ​ថា ព្យុះ​ទី​ហ្វុ​ង​សារិកា​ជា​ព្យុះ​ទី​២១​ប្រចាំឆ្នាំ​បាន​វាយប្រហារ​លើ​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ចិន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ជាមួយ​ភ្លៀង​ធ្លាក់​និង​ខ្យល់​បោកបក់​ខ្លាំង​បំផុត ។

យោង​តាម​ការិយាល័យ​ឧតុនិយម​ខេត្ត​ថា ព្យុះ​នោះ​មាន​កម្លាំង​ខ្យល់​ដល់​១៦២​គ​.​ម ក្នុង​១​ម៉ោង វាយប្រហារ​លើ​ឃុំ​HELE ក្រុង WANNING នា​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ។

មាន​រលក​សមុទ្រ​ធំ​ៗ​ហើយ​ដើមឈើ​បាន​រលំ​និង​បាក់មែក​ក្រោម​កម្លាំង​ខ្យល់​ខ្លាំង​នៅ​ទីក្រុង  WANNING ។ អាជ្ញាធរ​ក្រុង​អះអាង​ពី​ការ​ជម្លៀស​មនុស្ស​ចេញ​១៣.៧០០​នាក់ ។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​MEILAN ក្រុង​HAIKOU ទីប្រជុំ​ខេត្ត​បាន​លុប​ចោល​នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា នូវ​ជើងហោះហើរ​២៥០​ជើង រួច​ការ​ហោះហើរ​របស់​យន្តហោះ​ដំណើរការ​ឡើង​វិញ​នា​រសៀល​ថ្ងៃ​ទី​១៨ តុលា​នោះ ។ រថភ្លើង​លឿន​ក៏​ផ្អាក​ដែរ​ចាប់ពី​ថ្ងៃ​ទី​១៧ តុលា​មក ។

លោក CAI QINBO ប្រធាន​ការិយាល័យ​ឧតុនិយម​ខេត្ត​និយាយ​ថា ការ​ខូចខាត​ដោយសារ​ព្យុះ​នោះ​ពិតជា​ធ្ងន់ធ្ងរ​ព្រោះ​ព្យុះ​នោះ​ជា​ព្យុះ​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ​នៅ​កោះ​ហៃ​ណា​ន់ ៕