វៀតណាម​គ្រោង​ទិញ​រថក្រោះ​ T-90 ​របស់​រុ​ស្ស៊ី​ដើម្បី​ធ្វើ​ទំនើបភាវូបនីយកម្ម​កងទ័ព

ប្រទេស​វៀតណាម​គ្រោង​ទិញ​រថក្រោះ​រុ​ស្ស៊ី​ធុន​T-90 ក្នុង​ក្រប​ខណ្ឌ​ទំនើបភាវូបនីយកម្ម​កងទ័ព​របស់​ខ្លួន ។ យោង​តាម​អ្នក​ជំនាញការ​ម្នាក់​ថា​នោះ​ជា​ការ​ជ្រើសរើស​របស់​កងទ័ព​វៀតណាម​ដោយសារ​ពេញចិត្ត​ចំពោះ​ភាព​សុ​ក្រិត​នៃ​រថក្រោះ​ធុន​នោះ​ផលិត​នៅ​រុ​ស្ស៊ី​សម្រាប់​ទប់ទល់​នឹង​រថក្រោះ​អា​មេ​រិ​ក ។

លោក​NGUYEN KHAK NGUYET វរសេនីយ៍ឯក​នៃ​កងកម្លាំង​រថក្រោះ​វៀតណាម​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា រថក្រោះ​រុ​ស្ស៊ី​មានគុណ​ភាព​ប្រសើរ​ជាង​រថក្រោះ​របស់​គូប្រជែង​លោក​ខាងលិច​ហើយ​វៀតណាម​នឹង​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ​ទិញ​រថក្រោះ T-90 របស់​រុ​ស្ស៊ី​ដើម្បី​ធ្វើ​ទំនើបភាវូបនីយកម្ម​កងទ័ព​ឬ​យ៉ាងណា ។

វរសេនីយ៍ឯក KHAK NGUYET គូសបញ្ជាក់​ថា ក្នុង​ឋានៈ​ជា​ទាហាន​កងរថក្រោះ​ជើង​ចាស់​និង​មានបទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​មួយ​រូប​ខ្ញុំ​អាច​ធ្វើការ​ប្រៀបធៀប​គ្នា​រវាង​បណ្តា​រថក្រោះ​ទំនើប​ដែល​ផលិត​ក្នុង​ប្រទេស​ផ្សេង​ៗ​។ តាម​យោបល់​ខ្ញុំ រថក្រោះ​ប្រយុទ្ធ​រុ​ស្ស៊ី​ជា​រថក្រោះ​ប្រសើរ​ជាង​រថក្រោះ​របស់​ពួក​លោក​ខាងលិច ។

នាយទាហាន​រូប​នោះ​រំលឹក​ថា បណ្តា​រថក្រោះ​ផលិត​ដោយ​សូ​វៀត​អាច​ឱ្យ​កង​យោធា​វៀតណាម​តស៊ូ​ប្រឆាំង​ការ​ឈ្លានពាន​របស់​សហរដ្ឋអាមេរិក​កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០​ទៅ​១៩៧០​។ រថក្រោះ​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​សម័យ​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​របស់​អា​មេ​រិ​ក ។ រថក្រោះ​ជួយ​ទ្រទ្រង់​ដល់​កងទ័ពជើងគោក ។ កម្លាំង​វាយប្រហារ​របស់​បណ្តា​រថក្រោះ​ដែល​រត់លឿន​ហើយ​អាច​សម្រុក​កាត់​បណ្តា​ទីតាំង​អាច​ឱ្យ​កង​ទាហានជើងគោក​រុលទៅមុខ​បាន​រហ័ស​ហើយ​កម្ទេច​បាន​រហ័ស​ដែរ​កងទ័ព​របស់​វៀតណាម​ខាងត្បូង ។ លោក​ថា សម័យ​កាលនោះ​កងទ័ព​វៀតណាម​ប្រើប្រាស់​បណ្តា​រថក្រោះ​ផលិត​នៅ​សូ​វៀត ។

លោក​NGUYEN KHAK NGUYET បញ្ជាក់​ថា គឺ​រថក្រោះ​ធុន​មធ្យម​T-54 និង​រថក្រោះ​ធុន​ស្រាល​អាច​ហែល​ទឹកបាន​ធុន PT-76 ដែល​កងទ័ព​វៀតណាម​ប្រើ​សម័យ​កាល​នោះ។ បណ្តា​រថក្រោះ​ធុន​មធ្យម​ផលិត​នៅ​សហភាព​សូ​វៀត​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ខ្លួន​នៅ​វៀតណាម ដោយ​វា​ខ្លាំង​ហើយ​អាច​ការពារ​ចំពោះ​ការ​វាយប្រហារ​របស់​ពួក​សត្រូវ។ ពេល​នោះ​សត្រូវ​ប្រើ​រថក្រោះ​ធុន M48 ។ រថក្រោះ​អា​មេ​រិ​ក​ធុន​នោះ​ងាយ​ចាប់​ឃើញ​លើ​ទីលាន​ហើយ​សមត្ថភាព​ប្រយុទ្ធ​អន់​ជាង​បណ្តា​រថក្រោះ​សូ​វៀត ។

យោង​តាម​ទ្រឹស្តី​យោធា​របស់​វៀតណាម​រថក្រោះ​នៅ​តែ​ជា​សមាសភាព​សំខាន់​របស់​កងទ័ព ។ យោង​តាម​អ្នក​ជំនាញការ​យោធា​វៀតណាម​រូប​នោះ​ថា​វៀតណាម​ត្រូវ​ទិញ​រថក្រោះ​ថ្មី​ៗ​ហើយ​ធ្វើ​ទំនើបភាវូបនីយកម្ម​កងរថក្រោះ​ដែល​ខ្លួន​មាន ៕