អាវ​ភ្លៀង​ប្លាស្ទិក​ថោកៗ​​កំពុង​គំរាម​បរិស្ថាន ឯ​ក្រសួង​ថា​មាន​ផែនការ​ហើយ

នា​រដូវ​វស្សា​ដែល​កំពុង​មាន​ភ្លៀង​ធ្លាក់​ជា​រៀងរាល់​ថ្ងៃ អាវ​ភ្លៀង​ប្លាស្ទិក​ថោកៗ​ក៏​កំពុង​ត្រូវប៉ាន់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ជា​ប្រចាំ ប៉ុន្តែ​វា​បាន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​បរិស្ថាន។ ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនា​ការ​កែប្រែ​ឥរិយាបថ​ក្នុង​ការ​កាត់​បន្ថយ​ថង់​ប្លាស្ទិក​នៅ​កម្ពុជា ឯកឧត្ដម​ អ៊ាង សុផល្លែត អនុរដ្ឋ​លេនា​ធិការ ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ថា បញ្ហា​នេះ​កំពុង​ស្ថិត​ក្នុង​ផែន​ការ​របស់​ក្រសួង។

 

អាវ​ភ្លៀង​ប្លាស្ទិក​ថោកៗ​​កំពុង​គំរាម​បរិស្ថាន ឯ​ក្រសួង​ថា​មាន​ផែនការ​ហើយ

 

ឯកឧត្ដម​ អ៊ាង សុផល្លែត បាន​និយាយ​ថា៖ “នេះ(ការ​កាត់​បន្ថយ​អាវ​ភ្លៀង) ​គឺ​ជា​ជំហាន​បន្ទាប់​ មិន​មែន​តែ​អាវភ្លៀង​ប្លាស្ទិក​នោះ​ទេ​ កញ្ចប់​ចំណី​អាហារ​ដែល​ប្រើ​ធាតុ​ជ័រ ក៏​យើង​នឹង​ចាត់​វិធាន​ការ​ជា​បន្តបន្ទាប់ យ៉ាងណា​មិញ​យើង​ត្រូវ​ធ្វើ​មួយ​ជំហាន​ម្ដងៗ យើង​មិន​អាច​ចាត់​វិធានការ​ម្ដង​ទាំង​អស់​នោះ​ទេ”។

 

អាវ​ភ្លៀង​ប្លាស្ទិក​ថោកៗ​​កំពុង​គំរាម​បរិស្ថាន ឯ​ក្រសួង​ថា​មាន​ផែនការ​ហើយ
ឯកឧត្ដម​ អ៊ាង សុផល្លែត

 

លោក​បាន​បន្ត​ទៀត​ថា អាវ​ភ្លៀង​ប្លាស្ទិក​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​ក្រសួង​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់ ដោយ​លោក​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ចេះ​សន្សំ​សំចៃ​ទាំង​ថវិកា និង​ថែរក្សា​អាវភ្លៀង​ប្លាស្ទិក​ប្រើ​អោយ​បាន​ច្រើន​ដង ចៀសវាង​ប្រើ​តែ​ម្ដង រួច​បោះ​ចោល​ពាសវាលពាសកាល។

 

អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បន្ត​ទៀត​ថា នឹង​ជំរុញ​អោយ​មាន​រោង​ចក្រ​កែ​ច្នៃ​ថង់​ប្លាស្ទិក រួម​ទាំង​អាវ​ភ្លៀង​ប្លាស្ទិក អោយ​ចេញ​ជា​ផលិត​ផល​ផ្សេងៗ​អាច​ប្រើប្រាស់​បន្ត​ ហើយ​ក៏​មាន​ការ​ស្នើ​សុំ​អោយ​ដាក់​តម្លៃ​បន្ថែម​លើ​ការ​នាំចូល​អាវភ្លៀង​ប្លាស្ទិក​មក​ក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​លើស​ពី​នេះ​ទៀត​នឹង​មាន​ជា​សិក្ខាសាលា​ផ្សេងៗ​ក្នុង​ការ​បញ្ជ្រាប​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ដើម្បី​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ។

 

ដោយសារ​តែ​មាន​តម្លៃ​ទាប​ចន្លោះ​ពី​ ១៥០០ ឬ ២០០០ រៀល អាវ​ភ្លៀង​ប្លាស្ទិក​ជា​ច្រើន​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​តែ​ម្ដង​រួច​បោះ​ចោល​ជា​រៀង​រាល់​ថ្ងៃ។ កត្តា​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​ជា​ខ្លាំង​ដល់​បរិស្ថាន​ ដោយសារ​អាវភ្លៀង​ទាំងនោះ​មាន​គ្រប់​ទិសទី ហើយ​មិន​ងាយ​រលាយ​ឡើយ៕

 

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ ​