ដើរ​ចុះ​ទៅ​បង់​ត្រី​បណ្ដើរ​ផឹកស្រា​បណ្ដើរ មួយសន្ទុះ​ទឹក​កូ​ច​បាត់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ផឹកស្រា​បណ្ដើរ​ដើរ​ចុះ​ទៅ​បង់​ត្រី​បណ្ដើរ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ទឹក​កួច​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អាង​ទឹកអូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ភ្លាត់ស្នៀត​លង់ទឹក​ស្លាប់​ឈ្មោះ ផូ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​បង់​ត្រី ថែម​ទាំង​ដាក់​ស្រា​ទៅ​ផឹក​នៅ​កន្លែង​បង់​ត្រី​ផង ។ ខណៈ​ចុះ​ទៅ​ទឹក​ជ្រៅ​បង់​ត្រី​បណ្ដើរ​ផឹកស្រា ប្រហែលជា​ស្រវឹង​ខ្លាំង​ទប់​ស្មារតី​លែង​បាន​ក៏​ត្រូវ​ទឹក​កួច​ទៅ​បាត់​តែ​ម្តង ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​បាត់​ជន​រង​គ្រោះ​យូរ​ពេក​ក៏​ទៅ​រក​នៅ​កន្លែង​បង់​ត្រី ស្រាប់តែ​ឃើញ​តែ​ស្បែកជើង និង​ខោអាវ​តែ​មិនឃើញ​ជន​រង​គ្រោះ​តែ ។ ពេល​នោះ​ក្រុម​គ្រួសារ​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចុះ​រាវរក​សព​រហូត​ដល់​ជិត​យប់​ទើប​រក​ឃើញ ។

ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕