ប្តឹង​ប៉ូលិសម្នាក់​ «រឿង​ដកកាំភ្លើង​គំរាមគេ»

ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋ​មួយ​រូប​មាន​របរ​រក​ស៊ី​លក់ដូរ​ផ្លែ​ឈើ​ នៅ​ជិត​រង្វង់​មូល​វិមាន​ឯករាជ្យ​នៅ​ពេល​យប់​ បាន​​​ដាក់​ពាក្យបណ្តឹង​​ទៅ​លើ​​មន្ត្រី​នគរ​បាល​មួយ​រូប​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៩​ តុលា​ ២០១៦ ​នេះ​ ដើម្បី​សុំ​​ឱ្យ​​លោក​ឧ​ត្តម​សេនីយ៍​ទោ​ កែវ ពិសី​ ស្នងការ​នគរបាល​ខេត្ត​ចាត់វិធានការ​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ម្នាក់​នោះ​ ពី​បទ​ប្រើប្រាស់​អាវុធ​គំរាម​​ដល់​អាយុជីវិត​របស់​គាត់​។ ​ក្រោយ​ដាក់​ពាក្យ​បណ្តឹង​គាត់​មិន​សង្ឃឹមថា​ ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ត្រឡប់​មក​វិញ​នោះ​ទេ​ តែបើ​មិន​ធ្វើ​ដូច្នេះ ​ថ្ងៃក្រោយ​គាត់​អាច​នឹង​រង​គ្រោះ​​ម្ត​ងទៀត​ ។

ករណី​ដក​កាំភ្លើង​គំរាម​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ ​និង​០៣​នាទី​យប់​ថ្ងៃ​ទី​១៨​ តុលា​ ២០១៦ ​នៅ​ជិតរ​ង្វ​ង់​មូល​សាលា​ខេ​ត្ត​​ស្ថិត​​ក្នុងភូមិ​ទួល​គោក​ សង្កាត់​ស្វាយ​ក្រវាន់​ ក្រុង​ច្បារមន ​។

លោក​ឡេ​ង ​សា​រ៉​ន ​អាយុ​៥៥​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​​ភូមិ​ទួល​គោក​ សង្កាត់​ស្វាយ​ក្រវាន់​ ក្រុង​ច្បារមន ​បាន​រៀបរាប់​ប្រាប់​អ្នក​យកព័ត៌​​មាន​កោះ​សន្ត​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​តុលា​ ​ថា «​កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់ថ្ងទី១៨ តុលា ពេល​ដែល​គាត់​កំពុង​តែ​លក់​ផ្លែ​ឈើ​ដូច​សព្វមួយដង​ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​គ្រឿង​ ​មិន​ស្គាល់​ម៉ាក​​បាន​បើក​ក្រវែល​​វិមាន​ឯករាជ្យ​​ជា​ច្រើន​ជុំ ​និង​បាន​ជ្រុះ​កញ្ចក់ ​និង​ទុយោ​ផង​ដែរ ​ឃើញ​ដូច្នោះ ​រូប​គាត់​ក៏​ដើរទៅ​រើស​កញ្ចក់​ និង​ទុយោ​នោះ​ ខ្លាចក្រែង​មាន​អ្នក​ជិះ​ម៉ូតូ​មក​ប៉ះ​បណ្តាល​ឱ្យ​ដួល​ ។​

ពេល​រើស​បាន​ហើយ​ ​គាត់​ក៏​ដើ​ត្រឡប់​មក​កន្លែង​លក់​ផ្លែ​​ឈើ​វិញ​ ស្រាប់តែ​រំពេច​នោះ​ មាន​រថយន្ត​មួយ​គ្រឿង​​ទៀត​ ម៉ា​កវី​ហ្គោ ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AQ0-207​មក​ឈប់ ​នៅ​ពីមុខ​កន្លែង​លក់​របស់គាត់ ។ ​បុរស​ខាងលើ​បន្ត​ថា ​ខណៈនោះ​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់ ​ដែល​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឈ្មោះ​អ៊ឹង ​ឡាយ​ឆាយ​ បាន​មក​គំរាម​គាត់​ថា​ តើ​មិ​ញ​នេះ​​អ្ហែង​រើស​អី? ​ពេល​នោះ​គាត់​​ឆ្លើយ​ថា​ រើស​កញ្ចក់ ​និង​ទុយោ​របស់​ឡាន​មួយ​គ្រឿង​ ដែល​បាន​ជ្រុះ​មុន​នេះ​​បន្តិច ​តែ​ពេល​នេះ ​គេ​ទៅ​បាត់​ហើយ​។​ ឆ្លើយ​មិន​ទាន់​ចប់​ផង​លោក​អ៊ឹង ​ឡាយ​ឆាយ​ នោះ​ ក៏​ទាមទារ​យក​របស់​ទាំងនោះ​ទៅ​វិញ ​ដោយ​សំអាង​ថា​ របស់​មិត្តភក្តិ​របស់គាត់ ។ ​

ដំបូង​ឡើយ ​គាត់​ប្រកែក​មិន​ព្រម​ឱ្យ​​នោះ​ទេ ​ព្រោះ​គិត​ថា​ ខ្លាច​មិន​ពិត​ស្រាប់តែ​លោក​អ៊ឹង​ ឡាយ​ឆាយ ​ស្ទុះ​ទៅ​បើកទ្វា​រថយន្ត​ហើយ​យក​កាំភ្លើង​មក​គំរាម​គាត់ ​ដើម្បី​យក​កញ្ចក់ ​និង​ទុយោ​នោះ​ទៅ​វិញ​ ដោយ​ខ្លាច​មាន​បញ្ហា​ដល់​អាយុជីវិត​ គាត់​ក៏​ប្រគល់​របស់​ទាំង​នោះ​ ​ឱ្យ​ទៅ​ពេល​បាន​ហើយ​គាត់​ (​អ៊ឹង ​ឡាយ​ឆាយ​)​ ក៏​បើករ​ថយ​ន្ត​វី​ហ្គោ​ចេញ​ទៅ​បាត់​ទៅ​ ។

​ក្នុង​ពេល​នោះ​ បើ​កុំ​តែ​មាន​ពលរដ្ឋ​ចោម​មើល​ច្រើន​ម្ល៉េះ សមរូប​លោក​មិនដឹង​ជា​យ៉ាងណា​ទេ​ អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន ​។ បើ​តាម​សាក្សី​មួយ​រូប ​ដែល​ជា​អ្នកលក់​ផ្លែ​ឈើ​ជិត​គ្នា​ឈ្មោះ​ហេង​ រ៉ា​ទី ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​រកា​ធំ​ក្រុង​ច្បារមន ​ក៏​បាន​បំភ្លឺ​ដូច​គ្នា​ទៅ​នឹង​​អ្វី​ដែល​បុរស​ខាងលើ​រៀបរាប់​ដែរ​ ។