បេសកកម្ម​សម្ដេច​តេ​ជោ​ទៅ​ខេត្តបន្ទាយមានជ័យ​ជួប​សិស្ស​តាម​សាលា​នានា

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​បេសកកម្ម​បន្ត​ដើម្បី​ពិនិត្យ​មើល​សមិទ្ធផល​តាម​បណ្ដា​ខេត្ត​នានា ដែល​សម្រេច​បាន​ក្នុង​ពាក់កណ្ដាល​អាណត្តិ​របស់​រាជរដ្ឋាភិបាល និង​ស្វែង​យល់​អំពី​ការ​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញដំណើរ​ពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ ។

នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យ​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ឈប់​សួរសុខទុក្ខ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ទឹកជោរ ស្ថិត​នៅ​ក្នុងភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ដែល​រង​នូវ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។ នៅ​ចំពោះ​មុខ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ដោយ​មើលឃើញ​ពី​ទិដ្ឋភាព​ទឹក​លិច​និង​បង្ក​ផល​លំបាក​ដល់​សិស្សានុសិស្ស​ក្នុង​ការ​សិក្សា​រៀនសូត្រ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សម្រេច​ផ្ដល់​អគារសិក្សា​១​ខ្នង​បន្ថែម​ទៀត មាន​កម្ពស់​៣​ជាន់ ស្មើនឹង​២៤​បន្ទប់ ផ្ដល់​ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ ឱ្យ​រៀបចំ​ធ្វើ​សួនច្បារ ធ្វើ​តារាង​បាល់ទះ តារាង​បាល់បោះ និង​តារាង​បាល់ទាត់ ។ ក្រៅពី​នោះ សម្ដេច​បានឱ្យ​ចាក់​ដី​ឱ្យ​ខ្ពស់​កុំឱ្យ​ទឹក​លិច​តទៅ​ទៀត ។

បន្ទាប់​មក សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត បាន​ឈប់​ចូល​ពិនិត្យ​ស្ថានភាព​នៅ​វិទ្យាល័យ​ជប់​វា​រី ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ​។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ផ្ដល់​ជូន​អគារសិក្សា​១​ខ្នង​កម្ពស់​៣​ជាន់​ស្មើនឹង​៣០​បន្ទប់ ជួសជុល​អគារ​ចាស់​ៗ ឱ្យ​រៀបចំ​តារាង​បាល់ទះ តារាង​បាល់បោះ តារាង​បាល់ទាត់ ។

សម្ដេច​បាន​ចូល​សាលា​បឋម​សិក្សា​ភ្នំ​ជញ្ជាំង ស្ថិត​នៅ​ក្នុង​ឃុំ​ជប់​វា​រី ផ្ដល់​ជូន​អគារ​១​ខ្នង​មាន​កម្ពស់​២​ជាន់​ស្មើនឹង​១២​បន្ទប់ សាងសង់​ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់ និង​បង្កើត​ទៅ​ជា​អនុ​វិទ្យាល័យ ។ បន្ទាប់​មក សម្ដេច​បាន​ចូល​សាលា​បឋម​សិក្សា​គោក​លុន ស្ថិត​ក្នុងភូមិ​ជញ្ជាំង ឃុំ​ជប់​វា​រី ផ្ដល់​ជូន​អគារ​១​ខ្នង​ស្មើនឹង​៦​បន្ទប់ ឱ្យ​រៀបចំ​ទីធ្លា​សាលារៀន ។

សម្ដេច​បាន​បន្តដំណើរ​ចូល​ទៅ​សាលា​បឋម​សិក្សា ហ៊ុន សែន ឈ្នួ​រ​មាន​ជ័យ ស្ថិត​នៅ​ក្នុង ឃុំ​ឈ្នួ​រមាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ផ្ដល់​ជូន​អគារ​១​ខ្នង កម្ពស់​៣​ជាន់​ស្មើនឹង​៣០​បន្ទប់ ទីចាត់ការ​១​ខ្នង​៣​បន្ទប់ ផ្ទះ​គ្រូ​មួយ​ខ្នង​២​ជាន់​ស្មើនឹង​១០​បន្ទប់ ។

បន្ទាប់​មក សម្ដេច​តេ​ជោ​បាន​ចូល​ទៅ​សាលា​បឋម​សិក្សា​សិរី​សោភ័ណ វិទ្យាល័យ​សិរី​សោភ័ណ ស្ថិត​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ផ្ដល់​ជូន​អគារសិក្សា​១​ខ្នង ៤​ជាន់​ស្មើនឹង​៤០​បន្ទប់​រាង​អក្សរ L  ដែល​ជាន់​ក្រោម​ដាក់​ផ្នែក​ម​ត្តេ​យ្យ ។

សូម​បញ្ជាក់​ថា សិស្សានុសិស្ស​វិទ្យាល័យ  ទឹកជោរ ទោះបីជា​មានទឹក​លិច​សាលារៀន​រាល់​ឆ្នាំ​ក៏​ដោយ ក៏​ការ​ប្រឡង​បាក់​ឌុ​ប​ក្នុង​ចំណោម​សិស្ស​៤០​នាក់ មាន​សិស្ស​១៩​នាក់​បាន​ប្រឡង​ជាប់ ហើយ​ក្នុង​នោះ​មាន​ជាប់​និទ្ទេស B ១​នាក់​ផង​ដែរ ៕