យុវជន​៤​នាក់​ត្រូវ​ចាប់ខ្លួន​ពេល​តែ​មួយ​នៅ​២​កន្លែង​ផ្សេង​គ្នា

ខេត្តកំពត ៖ យុវជន​៤​នាក់​ត្រូវ​បាន​នគរបាល​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០១៦ ដោយ​ចាប់​នៅ​ភូមិ​ទ្វី​ខាងត្បូង​២​នាក់ និង​២​នាក់​ទៀត​នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត បន្ទាប់​ពី​ស៊ើប​ដឹង​ថា ពួក​គេ​ទាំង​៤​នាក់​មាន​គឿ​ង​ញៀន​ជាប់​ខ្លួន ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា យុវជន​ទាំង​៤​នាក់​ដែល​ចាប់ខ្លួន​មាន ១-​ឈ្មោះ ស្មាច់ រ័​ត្ន អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាំង ស្រុក​ទឹកឈូ​, ២-​ឈ្មោះ ប៉ែន បូ​រី​និ​រ័​ន្ត ហៅ​ប៉ា​រី​ស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ​, ៣-​ឈ្មោះ សាយ ស៊ុន អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត និង ៤-​ឈ្មោះ អ៊ូ​ត ហាក់ អាយុ​១៧​ឆ្មាំ នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់ នគរបាល​បាន​រក​ឃើញ​មាន​ម្សៅ​គឿ​ង​ញៀន​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ រួច​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តកំពត​ដើម្បី​បន្ត​និ​តិ​វិធី ៕