ខោអាវខ្មៅនៅក្នុងប្រទេសថៃ លក់អស់ពីស្តុក រហូតដល់ត្រូវជ្រលក់ពណ៌ខ្មៅពាក់

ថៃ៖ សារ​ព័ត៌​មាន​ដេលី​ម៉ែល បាន​ផ្សាយ​កាល​ពី​យប់ថ្ងៃ​ទី​១៨ ខែ​តុលា​នេះ​ថា សម្លៀក​បំពាក់​ពណ៌​ខ្មៅ បាន​លក់​អស់​គ្មាន​សល់​ពី​ប្រទេស​ថៃ ខណៈ​ពេល​នេះ​កន្លែង​ជ្រលក់​ពណ៌​សម្លៀក​បំពាក់​ជា​ច្រើន​កន្លែង​ នៅ​ក្នុង​ទី​ក្រុង​បាង​កក បាន​ក្លាយ​ជា​កន្លែង​ដែល​សម្បូរ​អតិ​ថិ​ជន​វិញ​ម្តង​។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រ ភូមិ​បុល អាប់​ឌុល​យ៉ា​ដេត  សម្លៀក​បំពាក់​ពណ៌​ខ្មៅ បាន​លក់​អស់​ពី​ស្តុក ខណៈ​វា​បាន​ឡើង​ថ្លៃជា​ខ្លាំង​សម្រាប់​មនុស្ស​ជា​ច្រើន​ទៀត។

រដ្ឋា​ភិបាល​ថៃ បាន​ប្រកាស​កាន់​ទុក្ខ​រយៈ​ពេល​មួយ​ឆ្នាំ​ សម្រាប់​​ការ​ចូល​ទិវង្គត់​របស់​ព្រះ​​មហា​ក្សត្រភូមិបុលអាប់ឌុលយ៉ាដេត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ តុលា សប្តាហ៍​មុន។ ហើយអ្នកលក់សម្លៀកបំពាក់មួយចំនួន​ បានតម្លើងថ្លៃឈុតខ្មៅយ៉ាងលឿន ខណៈហាងខ្លះលក់ឈុតខ្មៅរហូតអស់ពីស្តុក។

ប្រភពព័ត៌មានបានបន្តថា ធុងទឹកថ្នាំខ្មៅជ្រលក់ពណ៌សម្លៀកបំពាក់ ត្រូវបានរំងាស់ឥតឈប់ កាលពីថ្ងៃចន្ទកន្លងទៅ នៅកន្លែងជ្រលក់ពណ៌ឥតគិតថ្លៃ ដែលបង្កើតឡើងនៅកណ្តាលក្រុងបាងកក ដោយក្រុមហ៊ុននាំចូលត្រាក់ទ័រមួយ។ ​ក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់ បានប្រញាប់ប្រញាល់សរសេរឈ្មោះ និងព័ត៌មានទំនាក់ទំនងពីភ្ញៀវជាច្រើន ដែលយកសម្លៀកបំពាក់មកជ្រលក់ពណ៌ខ្មៅ។

លោក Kanokporn Tantranont បុគ្គលិកក្រុមហ៊ុន Krung Thai Tractor ដែលកំពុងជួយការងារនៅកន្លែងជ្រលក់ថ្នាំខ្មៅនោះ បាននិយាយថា "ប្រជាជនមួយចំនួន មិនមានឈុតខ្មៅ ឬពុំមានសម្លៀកបំពាក់ខ្មៅគ្រប់គ្រាន់សម្រាប់ស្លៀកពាក់នោះទេ។ ហើយប្រសិនបើពួកគាត់ទៅទិញសម្លៀកបំពាក់ខ្មៅនៅផ្សារថែមទៀត គឺវាមានតម្លៃថ្លៃខ្លាំងណាស់"។

បុគ្គលិកម្នាក់ លោក Kanokporn បានឲ្យដឹងថា កន្លែងជ្រលក់ពណ៌ឥតគិតថ្លៃនេះ នឹងបើករហូតដល់ចុងខែតុលា ហើយគ្រប់គ្នាក៏អាចបរិច្ចាគសម្លៀកបំពាក់ចាស់ៗ ដើម្បីជ្រលក់ពណ៌ខ្មៅបានផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត