អ៊ុ​ង វិ​រៈ និង ព្រំ សំណាង សង្ឃឹម​រកបាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា

រាជធានី​ភ្នំពេញ ៖ អ៊ុ​ង វិ​រៈ និង​ព្រំ សំណាង មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ដូច​គ្នា​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN នា​ថ្ងៃអាទិត្យ ទី​២៣ តុលា ។

កាល​ប្រកួត​លើក​ទី​១​កីឡាករ​ទាំង​២​រកបាន​៣​ពិន្ទុ​ម្នាក់​រួច​មក​ហើយ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ពួក​គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត ។ អ៊ុ​ង វិ​រៈ ដែល​មាន​ប្រវត្តិ​ប្រកួត​៨៦​ដង ឈ្នះ​៧៦​ដង ចាញ់​៩​ដង ស្មើ​១​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណា​ក់​រ៉​ប​ដាំ ដែល​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៧២​ដង ចាញ់​១០​ដង និង​ស្មើ​៣​ដង ។
អ៊ុ​ង វិ​រៈ ប្រហែលជា​មិន​ពិបាក​យកឈ្នះ​ឡើយ​ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត មាឌ និង​កម្ពស់​ប្រហាក់ប្រហែល​គ្នា ។

ចំណែក​ព្រំ សំណាង ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៦៥​ដង ចាញ់​១០​ដង និង​ស្មើ​៣​ដង​នឹងជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផេ​ក បូ​ផា ដែល​ធ្លាប់​ប្រកួត​បាន​១២៥​ដង ឈ្នះ​១០០​ដង​ចាញ់​២៥​ដង ។ ទោះបី​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ព្រំ សំណាង មែន​ប៉ុន្តែ​បើ​និយាយ​ពី​វិជ្ជាគុន​រវាង​កីឡាករ​ទាំង​ពីរ​គឺ​មិន​លើស​គ្នា​ទេ​។ ដូច្នេះ​បើ​ចង់​ដឹង​ថា នរណា​ខ្លាំង​ជាង​នរណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀនប៉ុណ្ណោះ ។

ចំណែក​សមាសភាព​គូប្រកួត​ដណ្ដើម​ជើងឯក​ម៉ា​រ៉ា​តុ​ន នៅ​លើ​សង្វៀន​ដដែល កីឡាករ​គុ​ជ​សារ ចាន់​រាជ មក​ពី​ក្លិប​កុសល​កីឡា ប្រកួត​ជាមួយ​កីឡាករ​សាង សី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ខាំ ខ្លា​នៀង មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន​មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕