លំហូរ​ចេញ​មូល​ប​ត្រ​បំណុល​ថៃ​ក្នុងអំឡុងពេល​សោយ​ទិវង្គត​ស្ដេច បង្កក្តី​បារម្ភ

ប្រទេស​ថៃ ៖ មូលនិធិ​សកល​បាន​លក់​កំណត់​ត្រា​មូល​ប​ត្រ​បំណុល​ថៃ ចំនួន​១​ប៊ី​លាន​ដុល្លារ​កាលពី​ស​ប្តា​ហ៍​មុន នៅ​ពេល​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ Bhumibol Adulyadej បាន​បង្ហាញ​ពី​ការ​បាត់បង់​ឥទ្ធិពល​ស្ថិរភាព​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​នេះ ។

កាលពី​ស​ប្តា​ហ៍​មុន ប្រាក់​បាត​បាន​ធ្លាក់​ថ្លៃ​ចំនួន​៥​ថ្ងៃ​ជាប់​ៗ​គ្នា​ក្នុង​រយៈពេល​១​ឆ្នាំ ខណៈ​រូបិយប័ណ្ណ​នេះ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ខែមករា បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​មាន​ព្រះ​ជន្ម​៨៨ វស្សា ដែល​ទ្រង់​បាន​ប្រើ​ពេល​អស់​៧​ទសវត្សរ៍​ក្នុង​ការ​រួបរួម​ប្រទេស​នេះ ដែល​ធ្លាប់​មាន​រដ្ឋប្រហារចំនួន​១០​ដង ។ ចំណែក​ការ​លក់​នៅ​ប្រទេស​ថៃ​បាន​បន្ថយ​លំហូរ​បំណុល​ក្នុងឆ្នាំនេះ​ចំនួន​១០,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ Bloomberg ។

លោក Tim Condon ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​អាស៊ី​នៃ​ក្រុមហ៊ុន ING Groep ប្រទេស​សិង្ហ​បុរី ថ្លែង​ថា ៖ « ការ​លក់​នេះ​ច្រើន​ហួសហេតុ​ពេក ខ្ញុំ​គិត​ថា វា​នឹង​មិន​ក្លាយជា​លទ្ធផល​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ថៃ​ទេ ។ វា​ជា​ពេលវេលា​ដ៏​ពិសេស​មួយ​សម្រាប់​ប្រជាជន​ថៃ ហើយ​នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ។ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា នឹង​មាន​ភាព​រលូន​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ » ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Sansern Kaewkamnerd បាន​ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ជាតិ​នឹង​បន្ត ខណៈ​ប្រជាជន​ថៃ​កាន់ទុក្ខ​ការ​សោយ​ទិវង្គត​ស្តេច ហើយ​គណៈរដ្ឋមន្ត្រី​នឹង​ជួប​ប្រជុំ​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃ​អង្គារ ។

ប្រាក់​បាត​បាន​ធ្លាក់​ចុះ​០,១% ឬ​ស្មើនឹង​៣៥.៣៧៥​បាត​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក នា​ម៉ោង​១០​ព្រឹក (​ថ្ងៃ​ទី​១៧ តុលា​) នៅ​ទីក្រុង​បាងកក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ Bloomberg ។ វា​បាន​បន្ត​ខាតបង់​បន្ទាប់​ពី​កើនឡើង​រយៈពេល​២​ថ្ងៃ នៅ​ពេល​រូបិយប័ណ្ណ​អាស៊ី​ធ្លាក់​ថ្លៃ​លើ​ការ​កើនឡើង​កំណើន​អត្រា​ការ​ប្រាក់​របស់​អា​មេ​រិ​ក ហើយ​បាន​ធ្លាក់​ចុះ​២% ក្នុង​ខែតុលា ។

ជនជាតិ​ថៃ​រាប់​ម៉ឺន​នាក់​បាន​តម្រៀប​គ្នា​តាម​ដងផ្លូវ​នៃ​ទីក្រុង​នេះ​កាលពី​ចុង​ស​ប្តា​ហ៍ ដើម្បី​គោរព​ដល់​ស្ដេច ដែល​រាង​កាយ​របស់​ទ្រង់​ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ទៅ​កាន់​ព្រះ​បរមរាជវាំង​។

លោកនាយក​រដ្ឋមន្ត្រី Prayuth Chan-ocha បាន​ស្តារ​ភាព​ស្ងប់ស្ងាត់ ដោយ​និយាយ​ថា ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ និង​ការ​ពន្យារពេល​ក្នុង​ការ​ឡើង​សោយរាជ្យ​នៃ​រាជបុត្រ​របស់​ទ្រង់ នឹង​មិន​ប៉ះពាល់​ដល់​ផែនការ​បោះ​ឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ​២០១៧ ទេ ៕