យក​ឈ្មោះ​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើរប្រគំតន្ត្រី​រៃលុយបង្កបញ្ហា

រាជធានីភ្នំពេញ ៖ មេក្រុម​តន្ត្រី​ខន​សឺត​កុ​មារ​កំព្រា​ម្នាក់​ឈ្មោះ​សុ វ​ណ្ណា​រ៉ា បាន​រាយការណ៍​បំ​ភ្លើ​ស​ទៅ​កាន់​ផ្នែក​វិទ្យុ​ទាក់ទង​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា មាន​កម្លាំង​នគរបាល​ចូល​ទៅ​អុកឡុក​ទារ​លុយ​ពី​ក្រុម​តន្ត្រី​របស់​ខ្លួន ដល់​កន្លែង​ប្រគំ​តន្ត្រី​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​។

​បន្ទាប់​ពី​មានការ​ចោទ​ប្រ​កាន់​ខាងលើ​ មន្ត្រី​នរ​គ​បាល​ប្រចាំ​បញ្ជា​ផ្នែក​វិទ្យុទាក់ទង​ខាងលើ បាន​ប្រកាស​ឱ្យ​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ និង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ធ្វើការ​ស្រាវជ្រាវ​ និង​ឲ្យ​មេ​ប៉ុស្ដិ៍​សាកសួរ​កូនចៅ​របស់​ខណ្ឌ​ តើ​មានរឿង​ពិត​ដូ​ច​ជា​ការ​ចោទ​របស់​មេក្រុម​តន្ត្រី​នោះ​ដែរ​ទេ​ ។

​ភ្លាម​ៗ​នោះ​ ​កម្លាំង​​នគរបាល​ខាងលើ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​មិន​បាន​បង្អង់​យូរ​នោះ​ទេ ​ព្រោះ​ទ​ង្វើ​នោះ​ បាន​បង្ក​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ។

ប៉ុន្តែ​ក្រោយ​ពេល​ការ​ស្រាវជ្រាវ​បែរ​​ជា​ជន​នោះប្រាប់​ថា ​ក្រុម​ប្រជា​ការពារ​ខណ្ឌ​ទេ ដែល​ជា​អ្នក​ដើរ​អុកឡុក​ទារ​លុយ​ពី​ខ្លួន​ដំណឹង​នោះ ​បាន​ធ្វើ​ឱ្យ​​កម្លាំង​ប្រជា​ការពារ ដែល​មិនដឹង​អី​មានការ​ខឹងសម្បារ​ចំពោះ​ឈ្មោះ​សុ​វ​ណ្ណា​រ៉ា​ នោះ​យ៉ាង​ខ្លាំង ហើយ​មេក្រុម​​ប្រ​ជា​ការពារ​ខាងលើ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​ដែរ ហើយ​បន្ទាប់​ពី​សាកសួរ​កូនចៅ​របស់​ខ្លួន មិន​មាន​នរណា​ម្នាក់​បានដឹង​នោះ
​ឡើយ​​ ទើប​ទាំង​នគរបាល​ និង​ប្រជា​ការពារ បាន​សម្ដែង​ប្រតិកម្ម​គ្រប់​ៗ​គ្នា រួច​បាន​ទូរស័ព្ទ​ទៅ​កាន់​ជន​នោះ ដើម្បី​ណាត់ជួប​ជជែក​គ្នា​ និង​​ឱ្យ​​ឈ្មោះ​សុ វ​ណ្ណា​រ៉ា នោះ​ចង្អុលមុខ​អ្នក​ដែល​ទៅ​អុកឡុក​និង​ទារ​លុយ ពី​ខ្លួន​នោះ​ឲ្យ​ចំ​ៗ ដើម្បី​បាន​ចាត់ការ​បុគ្គល​នោះ​ទៅ តាម​ច្បាប់​កងកម្លាំង​ ។

តាម​ប្រភព​ព័ត៌មាន​​ឱ្យ​​ដឹង​ថា កងកម្លាំង​ទាំង​ពីរ​ភេទ​​ខាងលើ បាន​ណាត់ជួប​គ្នា​ជាមួយ មេក្រុម​តន្ត្រី​ម្នាក់​នោះ នៅ​វេលា​ម៉ោង​១២ ​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ​តុលា ​២០១៦ ស្ថិត​នៅ​ក្នុង​ផ្សារ​បូ​រី​ញូ​វ​ថោ​ន ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ដែល​ខណៈនោះ​ ខាង​ក្រុម​ប្រជា​ការពារ ខណ្ឌ​បាន​លើកគ្នា​ទៅ​ទាំងអស់​ប្រមាណ​​១០​នាក់ ចំណែក​នគរ​បាល​ប៉ុស្ដិ៍​ចោម​ចៅ មាន​លោក​ថេ​ង កុសល ដែល​ជា​នាយ​ប៉ុស្ដិ៍​ជា​តំណាង​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ទាំងអស់ ទៅ​កន្លែង​ណាត់ជួប​គ្នា​នោះ​ ។​ ប៉ុន្តែ ​នៅ​ពេល​ដែល​ទៅ​ដល់ទី​នោះ បាន​រង់ចាំ​ច្រើន​ម៉ោង​មិន​បានឃើញ ឈ្មោះ​សុ វ​ណ្ណា​រ៉ា ដែល​ជា​មេក្រុម​តន្ត្រីខន​សឺត​នោះ ទៅ​ជួប​តាម​ការ​ណាត់​នោះ​ឡើយ ដោយ​មិនដឹង​ថា ជន​នោះ​មិន​ហ៊ាន​ទៅ​ជួប ព្រោះតែ​ខ្លួន​និ​យា គ្មាន​ការ​ពិត​ឬ​បែប​ណា​នោះ​ទេ​ ។

ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៍​​នោះ ត្រូវ​បាន​នគរបាល និង​កម្លាំង​ប្រជា​ការពារ ធ្វើការ​ស្រាវជ្រាវ​បន្ត ហើយ​បាន​រក​ឃើញ​ថា ក្រុម​តន្ត្រី​ខន​សឺត​របស់​ឈ្មោះ​សុ វ​ណ្ណា​រ៉ា នោះ​បាន​ចូល​ទៅ​ប្រគុំ​នៅ​ក្នុង​បូ​រី​ញូ​វ​ថោ​ន​នោះ ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​នគរបាល ជា​ពិសេស​ចូល​ទៅ ប្រគំ​នៅ​ក្នុង​បុ​​រី​នោះ​មិន​បាន​សុំ​ការ​អនុញ្ញាត ពី​ម្ចាស់​បូ​រី​នោះទេ ។ មិន​តែប៉ុណ្ណោះ​ បាន​បញ្ចេញ​ច​រិត​​ឈ្លើយ​កោង និង​ប្រើប្រាស់​ទឹក​នៅ​ក្នុង​បូ​រី​គ្មាន​ការ​អនុញ្ញាត និង​បង្ក​ឱ្យ​​មាន​ភាព​បែប​អនាធិបតេយ្យ បាត់បង់​សណ្ដាប់ធ្នាប់ និង​កកស្ទះ​តាម​ផ្លូវ​ក្នុង​បូ​រី និង​ប៉ះពាល់​ដល់​ផ្ទះ​​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង ​។