ប្រើគ្រប់វិធីទាំងជំនឿ​ផង ​រក​សាក​​សពមនុស្ស​​លង់​ទឹក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សាក​​សព​បុរស​ម្នាក់​​ដែល​បាត់​ខ្លួន​ក្នុង​អាង​ទឹកអូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​កូន​ដំរី ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១៨ ​តុលា​ ​​នោះ ​នៅ​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩​ តុលា ត្រូវ​​​រក​ឃើ​ញ​ហើ​យ ​បន្ទាប់​ពី​ប្រពន្ធ​និង​សាច់​ញាតិ ​ព្រមទាំង​អ្នកស្រុក​ប្រើគ្រប់​វិធី​ មាន​ទាំង​មុខ​រាវរក​ មាន​ទាំង​ចាក់​សាំង​លើ​ផ្ទៃ​ទឹក (​តាម​ជំនឿ​ថា ​បើ​​ឃើ​ញ​ទឹក​កួច​​សាំង​កន្លែង​ណា​ សព​នឹង​នៅ​ទីនោះ​) តែ​ទីបំផុត​នោះ ​ទាល់តែ​ជួល​​អ្នកជំនាញ​ពាក់​កែវ​​មុជ​ទឹក​ចុះ​រាវ​រក ​ទើប​​ប្រទះឃើញ​សាក​សព​ ។​

ប្រភពឱ្យ​ដឹងថា ដោយសារ​តែ​ទឹក​ចំណុច​កើត​ហេតុ​ មាន​ជម្រៅ​ជ្រៅ​​ប្រហែល​៦ម៉ែត្រ ​ទៅ​៨​ម៉ែត្រ ធ្វើ​ឱ្យ​​អ្នកស្រុក​ពិបាក​រាវរក​តាំងពី​ម្សិលមិញ​រហូត​ថ្ងៃនេះ​ ។​

គួរ​រំលឹក​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ផូ​ សំ​អឿ​ន ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ភូមិ​​​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ​ជន​រង​គ្រោះ​បាន​ចុះ​ហែល​ទឹក​ចំណុច​កើត​ហេតុ​ បន្ទាប់​ពី​ផឹកស្រា​កីឡាកាស ​នៅផ្ទះ​មិន​អស់ចិត្ត​ ​និង​អ្នក​ជិតខាង​​២​នាក់ ហើយ​បន្ត​ទៅ​ផឹកស្រា​​ដដែល​នេះ​ នៅលើ​​ខ្នង​អាង​អូរ​ខៃ​ដ​ន ​រួច​ចុះ​ហែល​ទឹក​លេង​ ទើប​​បណ្តាល​​​ឱ្យ​លង់​ស្លាប់​តែ​ម្តង ​។

​សាក​សព​ត្រូវ​​​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​តែម ​សុធី​ អាយុ​៣៨​ឆ្នាំ​ និង​សាច់ញាតិ​ដឹក​តាម​រថយន្ត​ពី​ចំណុច​កើត​ហេតុ​ យក​ទៅ​លំនៅ​ឋាន​ ​ដើម្បីធ្វើបុណ្យ​តាមប្រពៃណី ។