បាក់​ថ្មភ្នំ​សង្កត់​ស្លាប់​៣​នាក់ មន្ត្រី​ចម្រុះ​រក​ឃើញ​ថា​អាច​មក​ពី​មូលហេតុ​៣​យ៉ាង

ខេត្តបន្ទាយមានជ័យ ៖  បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​បាក់​ថ្មភ្នំ​សង្កត់​អ្នកបច្ចេកទេស​៣​នាក់ និង​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿង​នៅ​ការដ្ឋាន​កិន​ថ្មី​ភ្នំ​ក្រុមហ៊ុន លឹ​ម ហេង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ មន្ត្រី​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ និង​កត្តា​ដែល​បណ្ដាល​ឲ្យ​កើត​ឧបទ្ទវ​ហេតុនេះ​ហើយ ។

សូម​រំលឹក​ថា

លោក ម៉ុ​ក សុ​ភ័​ត្ត្រា អគ្គ​យក​រង នៃ​នាយកដ្ឋាន​រ៉ែ និង​ថាមពល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឧបទ្ទវហេតុ​កើតឡើង​ដោយ​ថ្មភ្នំ​បាក់​សង្កត់​បណ្តាល​មនុស្ស​៣​នាក់​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម​របស់​ក្រុមហ៊ុន លឹ​ម ហេង ដែល​ស្ថិត​ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​នាយកដ្ឋាន​រ៉ែ និង​ថាមពល សហការ​ជាមួយ​អង្គការ​ចៃ​ការ​ដែល​បណ្តុះបណ្តាល​សុវត្ថិភាព និង​មន្ទី​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ ចុះ​ទៅ​ពិនិត្យ និង​សិក្សា​មើល​ពី​ស្ថានភាព​គ្រោះ​ដែល​កើតឡើង ។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ឧបទ្ទវហេតុ​បាក់​ថ្មភ្នំ​សង្កត់​បណ្តាល​ស្លាប់​៣​នាក់​ជា​អ្នក​បញ្ចេ​ក​ទេស និង​ខូច​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​២​គ្រឿងក្នុង​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្មភ្នំ​ធំ​នោះ ក្រុមហ៊ុន លឹ​ម ហេង ត្រូវ​បាន​ក្រសួង​រ៉ែ និង​ថាមពល បិទ​អាជ្ញាប័ណ្ណ​ឲ្យ​ផ្អាក​សកម្មភាព​ហើយ ។

លោក​អគ្គនាយករង​បាន​បន្ត​ថា ការ​ចុះ​សិក្សា និង​ស្រាវជ្រាវ​ករណី ឃើញ​ថា​មា​នក​ក្តា​៣​យ៉ាង​ដែល​បណ្ដាល​ឲ្យ​បាក់​ថ្មភ្នំ​សង្កត់​ស្លាប់​៣​នាក់​ក្នុង​ការដ្ឋាន​កិន​ថ្មភ្នំ​ក្រុមហ៊ុន លឹ​ម ហេង គឺ ១-​កត្តា​មនុស្ស ដោយ​ក្រុមហ៊ុន​ធ្វើការ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​, ២-​កត្តា​បញ្ចេ​ក​ទេស ដោយ​ក្រុមហ៊ុន​ធ្វើ​គ្មាន​លក្ខណៈ​បច្ចេកទេស និង ៣-​កត្តា​ធម្មជាតិ គឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​ភ្លៀង​ធ្លាក់​ជាប់​គ្នា ។ ក​ក្តារួម​ផ្សំ​ទាំង​៣​នេះ​ហើយ​ដែល​បណ្តាល​គ្រោះថ្នាក់​កើតឡើង​រហូត​ដល់​ស្លាប់​មនុស្ស​នាក់​ក្នុង​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម​ក្រុមហ៊ុន លឹ​ម ហេង ។

លោក​អគ្គនាយករង​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​សិក្សា​ស្រាវជ្រាវ​រួច​យក​ទៅ​វិភាគ រួច​បង្កើត​គណៈកម្មការ​វាយតំលៃ​នៅ​ក្រសួង​រ៉ែ និង​ថាមពល រង់ចាំ​លទ្ធផល​តើ​គ្រោះថ្នាក់​កើតឡើង​ដោយ​ក​ក្តា​ណាមួយ ។ មុន​ថ្ងៃ​ដែល​ឧបទ្ទវហេតុ​កើតឡើង គឺ​មាន​ភ្លៀង​ជាប់​គ្នា​រាល់ថ្ងៃ ហើយដោយ​ថ្មកំបោ​មាន​ជាតិ​សំណើម​បាក់​ធ្លាក់​បណ្តាល​គ្រោះ​ថ្មា​ក់កើត​ឡើង តាម​ការ​សន្និដ្ឋាន​ដំបូង ប្រហែលជា​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​ភាគច្រើន ។

លោក ម៉ុ​ក សុ​ភ័​ត្ត្រា បន្ថែម​ថា ក្រោយ​ពេល​ដែល​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការដ្ឋាន​ក្រុមហ៊ុន លឹ​ម ហេង រួច ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន ៣​កន្លែង​ទៀត​មាន ១-​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម អ៊ិ​ត លឿ​, ២-​ការដ្ឋាន​កិន​ថ្ម ទុប តូច និង ៣-​ការដ្ឋាន​កិន​ថ្ម កូ ណៃ ដើម្បី​ធ្វើការ​ណែនាំ​ពី​អង្គការ​ចៃ​ការ​ដែល​បណ្តុះបណ្តាល​សុវត្ថិភាព​ក្នុង​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម​ដែល​កំពុង​ធ្វើ​សកម្មភាព ៕